
ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា ត្រៀមប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅក្នុងសប្ដាហ៍នេះ ការអះអាង និងពាក្យចរចាមអារ៉ាមជាច្រើនដែលពាក់ព័ន្ធនឹងលទ្ធផលនៃការប្រឡង ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹក ដែលបង្ហាញប័ណ្ណសរសើរដ៏ធំមួយនៅលើផ្ទាំងប៉ាណូពាណិជ្ជកម្ម ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនៅដើមសប្ដាហ៍នេះ។ រូបថតនេះ ត្រូវបានចែកចាយព្រោងព្រាតដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយមួយចំនួនគិតថា ជាការពិត។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ហើយ យើងរកឃើញថា រូបថតនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១០ ខែមករា អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ DA RY បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញប័ណ្ណសរសើរដ៏ធំមួយផ្ទាំង ត្រូវបានគេបោះពុម្ពដាក់នឹងផ្ទាំងប៉ាណូមួយ។ រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរចែករំលែកតៗគ្នារហូតដល់ជាង ២ពាន់ដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបផងដែរ។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិយោបល់ ដោយជឿថា ប័ណ្ណសរសើរមួយផ្ទាំងធំនេះ ត្រូវបានគេព្រីនដាក់លើផ្ទាំងប៉ាណូដូច្នោះមែន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលបង្ហាញប័ណ្ណសរសើរមួយផ្ទាំងធំត្រូវបានព្រីនដាក់លើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះតាមរយៈកម្មវិធីស្វែងរករូបថត Google Reverse Image ដែលនាំឱ្យបានជួបប្រទះនឹងរូបថតដើម។
រូបថតច្បាប់ដើម ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកមួយឈ្មោះ Chirphy ដែលបានបង្ហោះកាលពីខែឧសភា ឆ្នាំ២០២១កន្លងមក ជាមួយការរៀបរាប់ថា អាជ្ញាធរខេត្តកំពង់ស្ពឺចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅក្នុងខេត្តមួយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក Chirphy ជាមួយការរៀបរាប់ថា «ខេត្តកំពង់ស្ពឺចាប់ផ្ដើមរុះរើស្លាកស្រាបៀរចេញតាមការអំពាវនាវរបស់លោកអភិបាលខេត្ត។ ខេត្តផ្សេងទៀតធ្វើបែបហ្នឹងទេ?»។


រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយចំនួនផងដែរ ដែលរាយការណ៍អំពីការរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ បន្ទាប់ពីអភិបាលកំពង់ស្ពឺ លោក វ៉ី សំណាង បានចេញបញ្ជាទៅអាជ្ញាធរតាមមូលដ្ឋានកាលពីខែឧសភា ឆ្នាំ២០២១ ឱ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងទឹកដីខេត្តមួយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការចុះផ្សាយរបស់គេហទំព័រក្នុងស្រុកមួយឈ្មោះថា Maha Khmer កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១កន្លងមក។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតកាត់តដែលបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាសង្គមហ្វេសប៊ុក DA RY និងរូបថតដើមដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក Chirphy និងសារព័ត៌មានក្នុងស្រុកមួយចំនួន។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ដែលបង្ហាញការព្រីនប័ណ្ណសរសេរដាក់លើផ្ទាំងបដាធំនេះ គឺជារូបថតកាត់ត។ រូបថតច្បាប់ដើម បង្ហាញផ្ទាំងបដាស័ង្កសីទទេស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ ត្រូវបានបកចេញកាលពីខែឧសភាឆ្នាំមុន៕

Title:ប័ណ្ណសរសើរមួយផ្ទាំងធំលើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម គឺជារូបភាពកាត់ត
Fact Check By: Jay UdomResult: Altered
