Fact Check: សព​ស្លាប់​ដោយសា​រ​កូវីដ​១៩នៅ​ស្រុក​កំពង់​ត្រាច ​ត្រូវ​បាន​រៀប​ចំ​បូជា​រួច​រាល់​ហើយ

COVID-19 False

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​នេះ​ អ្នក​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ​២៧៨​នាក់​ហើយ​ ខណ​ៈពេល​ដែល​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ​ជា​ង៣ម៉ឺន​នាក់នៅ​ទូ​ទាំង​ប្រទេស​។​ ទន្ទឹម​​គ្នា​​នេះ​ រូបថតជា​ច្រើន​​សន្លឹក​ដែល​ផ្តិត​អំពី​ទិដ្ឋ​ភាព​ក្រុម​គ្រូពេទ្យ​ដឹក​សាក​សព​អ្នក​ជំងឺ​កូវីដ១៩​​​ត្រូវ​​បាន​​បង្ហោះ​ ​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា សាក​សព​នេះ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​បាន​​យកទៅប្លុងចោលយ៉ាង អានាធិបតេយ្យ​នៅឯ​ខេត្ត​កំពត​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

នៅ​​​ថ្ងៃ​​ទី​​០៨​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​​ ​​​មានទំព័រ​​ហ្វេស​ប៊ុក​​មួយ​​​ ​​​​​​News Assembly បង្ហោះ​​រូប​​ថត ​៣​សន្លឹក ​ដែល​បង្ហាញ​នូវ​ក្រុម​មន្ត្រី​សុខាភិបាល​ដឹក​ជញ្ជូន​សព​យក​ទៅ​ទុក​នៅ​ទីវាល​កន្លែង​ក្បែរ​ភ្នំ​មួយ​កន្លែង។ ទំព័រ​ហ្វេស​ប៊ុក​​ដដែល​នេះ​ បាន​អះ​អាង​ថា សព​អ្នក​ជំងឺ​កូវីដ១៩​នេះ​ ត្រូវ​បាន​ក្រុម​មន្ត្រី​សុខាភិបាល​យក​ទៅ​ប្លុង​ចោល​នៅ​ឯ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។​

ការ​អះ​អាង​បែប​នេះ ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​រួម​​ជាមួយ​នឹង​​ការបញ្ជេញ​មតិ​ចម្រុះ​​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពីទំព័រ​​ហ្វេស​ប៊ុក​​​​​ រៀប​រាប់​​​​ថា​​ «​​​ក្ដៅ​ៗ​! ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​ ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ដោយ​សារ​កូវីដ​-១៩​ ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​ យក​សាក​សព​ដែល​បាន​ស្លាប់​ដោយសារ ​កូវីដ​-១៩​ យក​ទៅ​ប្លុង​ចោល​នៅ​ភ្នំ​ប្រាសាទ​​យ៉ាង​អានាធិបតេយ្យ​ ស្ថិត​នៅ​កំពង់ត្រាច​ ខេត្ត​កំពត​»​។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់ការ​​អះ​អាង​ខាង​លើ​​​​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ការ​​បំភ្លឺ​​​​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កំពត ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

នៅ​យប់​​ថ្ងៃ​​ទី​០៨​ ខែ​មិថុនា​​ ឆ្នាំ​២០២១​​ ទំព័រ​ហ្វេស​ប៊ុក​ផ្លូវកា​របស់​ក្រសួង​ព័ត៌មាន បាន​បង្ហោះ​នូវ​ការ​បំភ្លឺ និង​លិខិត​ជូន​ដំណឹង​​របស់​រដ្ឋ​បាល​ខេត្ត​កំពត​ ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​អ្នក​​ជំងឺ​កូវីដ​១៩​។ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បង្ហាញ​រូប​ថត​ទិដ្ឋ​ភាព​ក្រុម​គ្រូ​ពេទ្យ​ក្នុង​អំ​ឡុង​ពេល​រៀប​ចំ​សាក​សព​ផង​ដែរ​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ព័ត៌៌មាន​បាន​សរសេរ​រៀប​រាប់​​ជា​ភាសា​ខ្មែរ​​ថា «សេចក្តី​បំភ្លឺ​របស់​រដ្ឋបាល​ ខេត្ត​កំពត​ ពាក់​ព័ន្ធ​ការ​ស្លាប់​របស់​អ្នក​ជំងឺ​កូវីដ​១៩​ ចំនួន​២នាក់​ ក្នុង​ខេ​ត្ត​កំពត​ នៅ​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​​​​​»។

Facebook Post | Archived Link 

ព័ត៌៌​មាន​នេះ​​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វផ្សាយ​ផង​ដែរ​​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុករបស់​ទូរទស្សន៍​ជាតិ​នៃ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​​។ ក្នុង​អត្ថ​បទ​ផ្សព្វ​ផ្សាយ​នេះ​ ក៏​មាន​​ការ​បញ្ជាក់ផង​ដែរ​ពី​អាជ្ញាធរ​ស្រុក​កំពង់​ត្រាច​ ដែល​បាន​អះ​អាង​ថា​ សាក​សព​ទាំង​ពីរ​នាក់​នេះ​ គឺ​ត្រូវ​បាន​រៀប​ចំ​បូជា​បាន​យ៉ាង​ត្រឹម​ត្រូវ​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ទូរទស្សន៍​ជាតិ​នៃ​កម្ពុជា​ដែល​បាន​សរសេរ​រៀប​រាប់​​ជា​ភាសា​ខ្មែរ​​ថា «លោក​ ជួន​ សុភា​ អភិបាល​​ស្រុក​កំពង់ត្រាច​ បាន​បញ្ជាក់​ថា​ ក្រុម​គ្រូេពទ្យ​ បាន​​ដឹក​សាកសព​មនុស្ស​ពីរ​នាក់​​ទៅ​បូជា​នៅ​ទីតាំង​ភ្នំ​ប្រាសាទ​ ស្រុក​កំពង់​ត្រាច​ខេត្តកំពត​ ដោយ​មាន​ការ​រៀប​ចំ​ពិធី​ត្រឹម​ត្រូវ​តាម​ប្រពៃណី​សាសានា​ គឺ​មិន​មែន​យក​ទៅ​ប្លុក​ចោល​ ដូច​ជា​ការ​ចោទ​ប្រកាន់​របស់​អ្នក​ប្រើ​​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​នោះ​ឡើយ​»។

Facebook Post | Archived Link

ដោយ​ឡែក​ការ​ដឹក​សាក​សព​កូវីដ១៩​យក​ទៅ​បូ​ជា​នៅ​ក្នុង​ស្រុក​កំពង់​ត្រាច​នេះ​ ក៏បាន​​ចុះ​ផ្សព្វ​ផ្សាយដូច​គ្នា​​​​​​តាម​រយៈ ​គេហទំព័រសារ​ព័ត៌មាន​​ កម្ពុជា​ថ្មី ​ផង​ដែរកាល​ពី​យប់​​ថ្ងៃ​ទី​០៨​ ខែ​មិថុនានេះ​​។​ ​​​ក្នុង​អត្ថ​បទ​នេះ​ ក៏​បាន​លើក​ឡើង​អំពី​​ការ​ច្រាន​ចោល​ និង​លិខិត​ជូន​ដំណឹង​របស់​រដ្ឋ​បាល​ខេត្ត​កំពត​ដែល​បាន​បញ្ជាក់​ថា ​​អាជ្ញាធរ​​ស្រុក​​កំពង់​ត្រាច​បាន​ចាត់​​ចែង​រៀប​​ចំ​​​​បូជា​​ត្រឹម​​ត្រូវ​​តាម​​ព្រះ​​ពុទ្ធ​​សាសនា​​ ដោយ​​មិន​​ទុក​​សាក​សព​​ប្លុង​​ចោល​​ដូច​​សារ​ព័ត៌​មាន​​ផ្សព្វ​ផ្សាយ​​ខុស​​ពី​​ការ​​ពិត​ឡើយ​​។

Kampuchea Thmey News Report | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូប​ថត​ប៉ុន្មាន​​​សន្លឹក​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាពដែល​ក្រសួង​សុ​ខាភិបាល​បាន​យក​សាក​សព​ដែល​​ស្លាប់​ដោយសារ​កូវីដ​-១៩ ទៅ​ប្លុង​ចោល​នោះ​ទេ​​។ សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ខេត្ត​កំពត ត្រូវ​បាន​​​​បូជា​​ដោយ​ត្រឹម​​ត្រូវ​​ ​មិន​​មែន​បោះ​សាក​សព​ចោល​នោះ​ទេ​​​។

Avatar

Title:សព​ស្លាប់​ដោយសា​រ​កូវីដ​១៩នៅ​ស្រុក​កំពង់​ត្រាច ​ត្រូវ​បាន​រៀប​ចំ​បូជា​រួច​រាល់​ហើយ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.