ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​ខិត​កាន់​តែ​ជិត​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ការអះអាង​មួយ​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​ដែល​គូស​សន្លឹក​ឆ្នោត​ចោល នឹង​ត្រូវ​បាន​រក​ឃើញ​អត្តសញ្ញាណ​បាន​ដោយសារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត។ ការ​អះអាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ទាក់ទាញ​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ពី​ទទួល​បាន​ការ​បញ្ជាក់​ពី​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​ពិនិត្យ​មើល​បទប្បញ្ញត្តិ​ច្បាប់​បោះឆ្នោត យើង​រក​ឃើញថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម លោក ខាន់ ចាន់សុផល បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ១១​នាទី​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​លោក​និយាយ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​នៅ​លើ​សន្លឹក​ឆ្នោត ដែល​អាច​ឱ្យ​គេ​ដឹង​ពី​អត្ត​សញ្ញាណ​អ្នក​បោះ​ឆ្នោត​ណា​ដែល​បាន​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

ការ​អះអាង​របស់​លោក ចាន់សុផល ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិ​លមិញ​នេះ ហើយ​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ចំពោះ​ការរៀបរាប់​របស់​លោក​អំពី​របៀប​បោះ​ឆ្នោត​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​លោក ចាន់សុផល នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ ពោល​ត្រឹម​តែ ៣​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​២៣ កក្កដា​ខាង​មុខ​នេះ។

Facebook Post | Archived Link

សកម្មជន​គាំ​ទ្រ​បក្ស​កាន់​អំណាច​រូប​នេះ ក៏​បាន​បង្ហោះ​វីដេអូ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​កាល​ពី​​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ បាន​ដក​ចេញ​ទៅ​វិញ បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស់ និង​ប្រតិកម្ម​ពី​មហាជនមួយ​ចំនួន។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ទាញ​យក​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សកម្មជន​បក្ស​កាន់​អំណាច លោក ខាន់ ចាន់សុផល ហើយ​ត្រូវ​បាន​រក្សា​ទុក​នៅ​ឯ​វេបសាយ​មួយ មុន​នឹង​ត្រូវ​បាន​ដក​ចេញ​ទៅ​វិញ។

Facebook Post | Archived Link

បើ​ទោះបី​ជា​វីដេអូ​​​នេះ ត្រូវ​បាន​ដក​ចេញ​​វិញ​ក៏​ដោយ ប៉ុន្តែ វា​ត្រូវ​បាន​យក​ទៅ​ផ្សព្វផ្សាយ ឬ​បង្ហោះ​បន្ត​​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​រយៈ​ពេល ១១:១១​នាទី​របស់​លោក ខាន់ ចាន់សុផល ដែល​បាន​​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ នាគ ទេព ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​និយាយ​គាំ​ទ្រ​បក្ស​កាន់​អំណាច​មួយ​រូប​ផង​ដែរ។

Facebook Post | Archived Link

វីដេអូ​នៃ​ការ​អះអាង​របស់​លោក ចាន់សុផល ក៏​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​យក​ទៅ​ចុះ​ផ្សាយ​ផង​ដែរ ហើយ​ក៏​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៀត។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​ការ​អះអាង​របស់​លោក ចាន់សុផល ដែល​ត្រូវ​បាន​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក News4Youth នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣។

Facebook Post | Archived Link

សម្រាប់​វីដេអូ​នៃ​ការ​អះអាង​របស់​សកម្មជន​បក្ស​កាន់​អំណាច​មួយ​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត សូម​ចូល​ទៅ​ទស្សនា​តាម​តំណ​ភ្ជាប់​នៅ​ទីនេះ​ , , , , , , , ,

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​​ការ​ស្វែង​រក​ការ​ប​ក​ស្រាយ​ជុំ​វិញ​បញ្ហា​នេះ​ពី​មន្ត្រី​បោះ​ឆ្នោត និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

Fact Crescendo Cambodia បាន​ស្នើ​សុំ​ការ​បក​ស្រាយ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ឌឹម សុវណ្ណារុំ តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ ប៉ុន្តែ លោក​បាន​ចង្អុល​ទៅ​​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចំនួន ៣​មាត្រា ដែល​ទើប​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ខែ​កក្កដា​នេះ។

មាត្រា​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​ចែង​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត បាន​កំណត់​​បន្ថែម​នូវ​លក្ខខណ្ឌ​សម្រាប់​មាន​ឈ្មោះ​បោះ​ឆ្នោត និង​មាន​សិទ្ធ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ឱ្យ​សម្រាប់​ពលរដ្ឋ​កម្ពុជា និង​ការ​កំណត់​បន្ថែម​នូវ​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ដំណើរការ​រៀបចំ និង​បោះ​​ឆ្នោត។

ទោះជាយ៉ាងណា គ្មាន​ចំណុច​ណា​មួយ​នៃ​ខ្លឹមសារ​វិសោធនកម្ម​នេះ បាន​លើក​ឡើង​ពី​ការ​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត​​​ដូច​ដែល​លោក ខាន់ ចាន់សុផល អះអាង​នៅ​ក្នុង​វីដេអូ​របស់​លោក​នោះ​ឡើយ។

ទាក់ទង​នឹង​ការ​អះអាង​ថា ពលរដ្ឋ​ត្រូវ​បាន​ គ.ជ.ប. ឱ្យ​ផ្ដិត​មេដៃ​នៅ​លើ​សន្លឹក​ឆ្នោត​នោះ អ្នកស្រី ម៉ៅ នួន ដែល​ជា​មន្ត្រី​រៀបចំ​ការបោះ​ឆ្នោត​ក្នុង​សង្កាត់​អូរចារ ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង បាន​ប្រាប់ Fact Crescendo Cambodia តាម​ទូរស័ព្ទ​ថា គ្មាន​ចំណុច​នេះ​នៅ​ក្នុង​នីតិវិធី​នៃ​ដំណើរការ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​នោះ​ឡើយ។

មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្នាក់​មូលដ្ឋាន​រូប​នេះ បញ្ជាក់​ថា ការ​អះអាង​ថា គ.ជ.ប. តម្រូវ​ឱ្យ​ផ្ដិត​មេដៃ​លើ​សន្លឹក​ឆ្នោត​នោះ មិន​មែន​ជា​ព័ត៌មាន​ត្រឹម​ត្រូវ​នោះ​ឡើយ ដោយ​អ្នកស្រី​បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​ គ.ជ.ប. មិន​បាន​ជូន​ដំណឹង​ ឬណែនាំ​ឱ្យ​ធ្វើ​បែប​នេះ​ឡើយ។

សូម​ស្ដាប់​ការ​ពន្យល់​របស់​អ្នកស្រី ម៉ៅ នួន មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​សង្កាត់ ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣។

Archived Link

គ.ជ.ប. បាន​ណែនាំ​នូវ​ជំហ៊ាន​នីមួយៗ​សម្រាប់​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ផ្នែក​​«ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត»នៃសៀវភៅ​សម្រាប់​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​នេះ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​ផ្លូវការ​របស់​ខ្លួន។

ខាង​ក្រោម​នេះ សេចក្ដី​ណែនាំ​របស់​គ.ជ.ប. សម្រាប់​អ្នក​បោះ​ឆ្នោត បន្ទាប់​ពី​បាន​រក​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​ត្រូវ​បិត​ផ្សាយ​នៅ​មុខ​ការិយាល័យ​បោះ​ឆ្នោត៖

ជំហាន​ទី១៖ បង្ហាញ​ម្រាម​ដៃ​ទៅ​កាន់​លេខាធិការ ដើម្បី​បញ្ជាក់​ថា គ្មាន​ស្នាម​ទឹក​ខ្មៅ​លុប​មិន​ជ្រះ

ជំហាន​ទី​២៖ បង្ហាញ​ឯកសារ​សម្គាល់​ខ្លួន​ទៅ​កាន់​លេខាធិការ ដើម្បី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

ជំហាន​ទី​៣៖ ដើរ​ទៅ​ទទួល​សន្លឹក​ឆ្នោត​ដែល​បោះ​ត្រា​សម្ងាត់ និង​ប្រគល់​ជូន​ដោយ​អនុ​ប្រធាន​ការិយាល័យ​បោះ​ឆ្នោត

ជំហាន​ទី​៤៖ ដើរ​ទៅ​បន្ទប់​សម្ងាត់​​ណា​មួយ​ដែល​ទំនេរ ដើម្បី​គូស​សន្លឹក​ឆ្នោត ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​ថា អ្នក​គូស​ឱ្យ​គណបក្ស​ណា​មួយ​នោះ​ឡើយ និង​បត់​សន្លឹក​ឆ្នោត​ទៅ​តាម​ផ្នត់​ដើម

ជំហាន​ទី​៥៖ កាន់​សន្លឹក​ឆ្នោត​ដែល​បត់​តាម​ផ្នើម​ដើម​នោះ ដើរ​ទៅ​កាន់​ហិប​ឆ្នោត ហើយ​បង្ហាញ​ផ្នែក​ខាង​ខ្នង​សន្លឹក​ឆ្នោត​ដែល​មាន​ត្រា​សម្ងាត់​នោះ​ទៅ​មន្ត្រី​បោះ​ឆ្នោត​ម្នាក់ មុន​នឹង​​ស៊ក​ទម្លាក់​ចូល​ក្នុង​ហិប​ឆ្នោត

ជំហាន​ទី​៦៖ ជ្រលក់​ម្រាម​ចង្អុល​ដៃ​ខាង​ស្ដាំ​ជាមួយ​ទឹក​ខ្មៅ​ដែល​លុប​មិន​ជ្រះ​ ដែល​មាន​មន្ត្រី​បោះ​ឆ្នោត​ម្នាក់​ជួយ​ណែនាំ

ជំហាន​ទី​៧៖ អ្នក​បោះ​ឆ្នោត​ដើរ​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត​ជាការ​ស្រេច។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា មិន​តម្រូវ​ឱ្យ​អ្នក​បោះឆ្នោត​នីមួយៗ​ផ្តិត​ស្នាម​ម្រាម​ដៃ​ណា​មួយ​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ឡើយ ហើយ​ច្បាប់​បោះ​ឆ្នោត​កម្ពុជា បាន​កំណត់​ថា ការ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បាន​រក្សា​ជា​សម្ងាត់។

Avatar

Title:តើ​គ.ជ.ប.​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត​ដូច​ការ​អះអាង​មែន​ឬទេ?

Written By: Jay Udom

Result: False