
ខណៈព្រះតេជគុណ ប៊ុត ប៊ុនតិញ បន្តរិះគន់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីក្រៅប្រទេសមកនោះ ការអះអាងមួយបាននិយាយថា ព្រះសង្ឃអង្គនេះបានប្រព្រឹត្តខុសធម៌វិន័យនៅឯវត្តភ្នំសេរីដែលព្រះអង្គគង់នៅ។ ការអះអាងនេះ ក៏បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញព្រះសង្ឃមួយអង្គថើបស្ត្រីម្នាក់ផងដែរ។ ការអះអាងនេះ ទទួលបានការចែករំលែកជាច្រើន និងមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបញ្ចេញមតិផ្សេងៗ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីខែមករាកន្លងទៅ បានលើកឡើងថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាសង្ឃសកម្មនឹងការរិះគន់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ មានចំណងផ្លូវភេទជាមួយស្ត្រីម្នាក់នៅឯវត្តដែលព្រះតេជគុណអង្គនេះគង់នៅសហរដ្ឋអាមេរិក។
ការអះអាងដដែលនេះ ក៏បានបង្ហោះមកជាមួយផងដែររូបថតមួយចំនួន ដែលក្នុងរូបថតមួយសន្លឹកបង្ហាញព្រះសង្ឃមួយអង្គឱបថើបស្ត្រីម្នាក់។
ការអះអាងនេះ ទទួលបានការចែករំលែកបន្តរហូតដល់ ១៧៣ដង ការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនាពេលនោះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ដែលសរសេររៀបរាប់ថា «វត្តភ្នំសេរីរបស់អាខ្មៅ ប៊ុត ប៊ុនតិញ គឺជាមជ្ឈមណ្ឌលប្រមូលផ្ដុំនូវក្រុមអ្នកនយោបាយទុច្ចរឹត និងជាកន្លែបនស្រីមេម៉ាយ ហើយនឹងវងផឹកស៊ីរបស់ពាលាអាវាសែដែលរត់ចោលស្រុក»។

កាលពីខែធ្នូឆ្នាំមុន អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ ក៏បានបង្ហោះការអះអាងប្រហាក់ប្រហែលគ្នាផងដែរ ដោយនិយាយថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានប្រព្រឹត្តខុសធម៌វិន័យ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសារបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ចៅ បុណ្យ / Chao Bon កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ចំណែកឯអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតឈ្មោះ ចៅ តូច ក៏បានបង្ហោះសារលើបណ្ដាញសង្គមក្នុងន័យថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាព និងការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការផ្ទៀងផ្ទាត់រូបថតដោយកម្មវិធី Google Reverse Image Search យើងបានរកឃើញរូបថតមួយសន្លឹកដែលបង្ហាញព្រះសង្ឃមួយអង្គថើបស្ត្រីម្នាក់ ដែលត្រូវបានផ្សព្វផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៣កន្លងមកដោយគេហទំព័រ Colombo Telegraph ដែលជាសារព័ត៌មានមួយរបស់ប្រទេសស្រីលង្កា។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានមួយនេះ ព្រះសង្ឃមួយអង្គដែលថើបស្ត្រីម្នាក់នោះ មានព្រះនាមថា Dodangoda Rewatha ដែលជាសង្ឃនាយកនៅប្រទេសឥណ្ឌា។

Colombo Telegraph | Archived Link
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបរយៈពេល ៥វិនាទីដែលបង្ហាញឱ្យឃើញព្រះសង្ឃ ថើបស្ត្រីម្នាក់ដែលជាអ្នកបូជាចំពោះព្រះពុទ្ធសាសនានៅក្នុងប្រទេសឥណ្ឌា ដែលវីដេអូនេះត្រូវបានបង្ហោះលើបណ្ដាញ YouTube តាំងពី ៩ឆ្នាំមុន។
ចំណែកការផ្សាយរបស់គេហទំព័រ Lanka Team បានឱ្យដឹងថា ព្រះសង្ឃអង្គនេះដែលមិនមែនជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាពីកំណើតនោះ បានលាចាកសង្ឃភេទហើយ បន្ទាប់ពីវីដេអូថើបស្ត្រីម្នាក់ ត្រូវបានបង្ហោះនៅលើប្រព័ន្ធអ៊ិនធឺណិតកាលពីឆ្នាំ២០១៣នោះ។ សូមអានខ្លឹមសារទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
Fact Crescendo Cambodia បានស្នើសុំការបកស្រាយពីព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ ប៉ុន្តែ ពុំទាន់ទទួលបានការឆ្លើយតប។ Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត បន្ទាប់ពីទទួលបានការបកស្រាយពីព្រះតេជគុណ ប៊ុត ប៊ុនតិញ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនជាប់ពាក់ព័ន្ធអ្វីនឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលភៀសព្រះកាយទៅគង់នៅឯក្រៅប្រទេស បន្ទាប់ពីរងបណ្ដឹងពីរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះសង្ឃដែលថើបស្ត្រីម្នាក់ គឺជាអតីតព្រះសង្ឃនាយកឥណ្ឌាព្រះនាម Dodangoda Rewatha។

Title:ព្រះសង្ឃមួយអង្គថើបស្ត្រីម្នាក់មិនមែនជាព្រះតេជគុណ ប៊ុត ប៊ុនតិញនោះឡើយ
Fact Check By: Jay UdomResult: False
