នៅ​ចុង​ខែ​មិថុនា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​លុប​ចោល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក បន្ទាប់​ពី​​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ខ្លឹមសារព័ត៌មាន​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ទាមទារ​ឱ្យ​ព្យួរ​​ទំព័រ​ហ្វេសប៊ុក​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ។ លោក ហ៊ុន សែន ក៏​បាន​គំរាម​បិទ​បណ្ដាញ​សង្គម​នេះ​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ត្រូវ​បិទ​មិន​ឱ្យ​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​នោះ​ឡើយ និង​បាន​ប្រាប់​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​វិវត្ត​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នឹង​ត្រូវ​បិទ​មិន​ឱ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បណ្ដេញ និង​ហាម​ឃាត់​បុគ្គលិក ២២​នាក់​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ ពី​ប្រទេស​កម្ពុជា។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សូម​ត្រៀម​ចិត្ត​ទៅ Facebook ប្រហែល​ជា​នឹង​បិទ​ទាំង​ស្រុង ក្រោយ​មាន​ការ​បណ្ដេញ​បុគ្គលិក​ទាំង ២២​នាក់​ចេញ។ អាណិត​តែ​អ្នក​លក់​ផលិត​[ផល]ផ្សេងៗ​លើ FB និង​អ្នក Live បែប​ស៊ី​អារម្មណ៍​មិន​ដឹង​មាន​អី​ទៀត»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​​​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​គំរាម​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា បន្ទាប់​ពី​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ខ្លឹមសារ​ព័ត៌មាន​របស់​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Facebook បាន​ជំរុញ​ឱ្យ​ព្យួរ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ​ជុំ​វិញ​ការ​ថ្លែង​ដោយ​ពាក្យ​សម្ដី​ហិង្សា​ទៅ​លើ​គូ​ភាគី​នយោបាយ​របស់​លោក។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​​នៅ​ទីនេះ (archived)

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បណ្ដេញ​តំណាង​ក្រុមហ៊ុន​ Facebook ចេញ​ពី​កម្ពុជា និង​បាន​ហាម​ឃាត់​សមាជិក​ទាំង ២២​រូប​នៃ​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​ខ្លឹមសារ​ព័ត៌មាន​របស់​ក្រុមហ៊ុន Facebook មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​។ សូម​មើល​ខ្លឹមសារ​ទាំងស្រុង​នៅ​ទីនេះ (archived)

បន្ទាប់​ពី​ការ​គំរាម​បែប​នេះ សំណួរ​មួយ​បាន​ចោទ​សួរ​ថា តើ​កម្ពុជា​នឹង​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មែន​ឬ​យ៉ាងណា ប៉ុន្តែ លោក ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​ថា លោក​មិន​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា​នោះ​ទេ។ លោក​បញ្ជាក់​ទៀត​ថា លោក​លុបចោល​តែ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​តែ​ប៉ុណ្ណោះ។ សូម​មើល​ខ្លឹមសារ​​ទាំងស្រុង​នៅ​ទីនេះ (archived)

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ដើម​ខែ​កក្កដា​នេះ​ថា កម្ពុជា​មិន​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ឡើយ។

Avatar

Title:ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា កម្ពុជា​នឹង​បិទ​បណ្ដាញ​សង្គម Facebook

Written By: Jay Udom

Result: False