ការ​អះអាង​មិន​ត្រឹមត្រូវ​ថា មេ​បក្ស​ប្រឆាំង និង​ភរិយា ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថៃ

False Political

ខណៈ​ដែល​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ចាស់​វស្សា លោក សម រង្ស៊ី និង​ភរិយា បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ ព័ត៌មាន ចម្រុះ បាន​អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី និង​ភរិយា​របស់​លោក បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​ នៅ​ក្នុង​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១​កន្លង​មក​។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​រូបថត​លោក សម រង្ស៊ី និង​ភរិយា​របស់លោក ដោយ​មាន​សំណេរ​ពាក្យ «RIP» ដែល​ជា​ពាក្យ​សម្ដែង​មរណទុក្ខ។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​​បញ្ចេញ​មតិ​ចម្រុះ​បែប​ទៅ​នឹង​ការ​អះអាង​បែប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែល​សរសេរ​រៀបរាប់​ថា «ដំណឹង​ក្ដៅៗ សម រង្ស៊ី និង​ភរិយា​បាន​ស្លាប់​បាត់​ហើយ RIP

ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​សីហា ឆ្នាំ​២០២១ លោក សម រង្ស៊ី និង​ភរិយា កាល​ពេល​កន្លង​ទៅ ទទួល​ដំណឹង​ថា៖ មៀន​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ដែល​លក់​មិន​ចេញ​ព្រោះ​ថា​ថៃ​មិន​ទទួល​ទិញ ប្រជា​ពលរដ្ឋ​នឹង​រង​ការ​ខាត​ខ្លាំង ពោល​គឺ​បិទ​ច្រក​ព្រំដែន​កម្ពុជា​ថៃ​តែ​ម្ដង បន្ទាប់​មក លោក សម រង្ស៊ី និង​ភរិយា ឮ​ដំណឹង​នេះ​ក៏​ស្រូត​មក​ប្រទេស​ថៃ ដើម្បី​ទិញ​មៀន​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ខេត្ត​បាត់ដំបង​ច្រក​ព្រំដែន​ឡែម ដើម្បី​ទិញ​យក​ទៅ​ប្រទេស​បារាំង តែ​ចង្រៃ​អី ក៏​ជួប​ឧប​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ស្លាប់​ទាំង​ពីរ​ទៅ…។ ប្រភព​ពី​ប្រទេស​ថៃ…»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​ទៅ​លើ​ព័ត៌មាន ដែល​ចុះ​ផ្សាយ​អំពី​​មរណភាព​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ភរិយា​របស់​លោក និង​ដំណឹង​ចុង​ក្រោយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ព័ត៌មាន​មរណភាព​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ គួរ​តែ​ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ថៃ និង​សារព័ត៌មាន​កម្ពុជា ប៉ុន្តែ យើង​រក​ពុំ​ឃើញ​ការ​ចុះ​ផ្សាយ​បែប​នេះ​នោះ​ឡើយ​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ​មុន។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហាញ​ពី​ការ​ស្វែង​រក​ព័ត៌មាន​មរណភាព​របស់​លោក សម រង្ស៊ី នៅ​លើ​គេហទំព័រ​សារព័ត៌មាន​បាងកក ប៉ុស្តិ៍ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា គ្មាន​ព័ត៌មាន​បែប​នេះ​ចុះ​ផ្សាយ​នោះ​ឡើយ​នា​ពេល​នោះ។

Archived Link

ក្រៅ​ពី​សារព័ត៌មាន​បាងកក ប៉ុស្តិ៍ យើង​ក៏​បាន​ស្វែង​រក​ព័ត៌មាន​បែប​នេះ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន The Nation របស់​ថៃ​ផង​ដែរ ប៉ុន្តែ គ្មាន​ព័ត៌មាន​អំពី​មរណភាព​លោក សម រង្ស៊ី ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២១​នោះ​ឡើយ។ ព័ត៌មាន​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន The Nation កាល​ពីខែ​មិថុនា​កន្លង​មក​នេះ និង​នៅ​ឆ្នាំ​២០១៩​កន្លង​មក។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហាញ​ពី​ការ​ស្វែង​រក​ព័ត៌មាន​អំពី​មរណភាព​របស់​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក បន្ទាប់​ពី​​​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម និយាយ​ថា មរណភាព​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ថៃ។

Archived Link

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១​កន្លង​មក លោក សម រង្ស៊ី បាន​​សរសេរ​រៀបរាប់​ថា លោក​​បាន​ធ្វើ​ដំណើរ​ទៅដល់​សហរដ្ឋ​អាមេរិក ដែល​ផ្ទុយ​ទៅ​នឹង​ការ​អះ​អាង​ខាង​លើ​ដែល​លើក​ឡើង​ថា លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ។

ខាង​ក្រោម​នេះ គឺ​ជា​សំណេររបស់​លោក សម រង្ស៊ី នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១​កន្លង​មក ដែល​រៀបរាប់​ថា «លោក សម រង្ស៊ី បាន​មក​ដល់​សហរដ្ឋ​អាមេរិក ថ្ងៃ​១៨ សីហា​នេះ។ Ram Rainsy arrived today in the U.S. / Sam Rainsy est arrivé aujourd’hui aux Etats-Unis.»។

Facebook Post | Archived Link

លោក សម រង្ស៊ី អាយុ ៧៣​ឆ្នាំ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ចាស់​វស្សា ពុំ​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​​ឆ្នាំ​២០១៥​មក បន្ទាប់​ពី​លោក​ត្រូវ​បាន​កាត់​ទោស​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ទៅ​តាម​បណ្ដឹង​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក តែង​តែ​បង្ហាញ​វត្តមាន​របស់​លោក​ សម រង្ស៊ី ចូល​រួម​ក្នុង​កម្មវិធី​ជួប​ជុំ​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​នៅ​ឯ​ក្រៅ​ប្រទេស និង​ក្រុម​អ្នក​នយោបាយ​អន្តរជាតិ។

នៅ​ក្នុង​សំណេរ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន រូបថត​មួយ​សន្លឹក បាន​បង្ហាញ​លោក សម រង្ស៊ី ថត​រូប​រួម​គ្នា​ជាមួយ​ក្រុម​មេដឹកនាំ​អ្នក​សេរី​និយម​អន្តរជាតិ នៅ​ឯ​ទីក្រុង​សូហ្វីយ៉ា(Sofia) ប្រទេស​ប៊ុលហ្គារី។

Facebook Post | Archived Link

លោក សម រង្ស៊ី ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៧ បន្ទាប់​ពី​លោក​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​កម្ពុជា​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«បរិហារ​កេរ្តិ៍»​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ក្នុង​នោះ​មាន​ទាំង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ភរិយា មិន​បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ។ លោក សម រង្ស៊ី ទើប​តែ​បង្ហាញ​វត្តមាន​ជាមួយ​ប្រតិភូ​អន្តរជាតិ​នៃ​វេទិកា​អ្នក​សេរី​និយម​អន្តរជាតិ​ នៅ​ឯ​ទីក្រុង​សូហ្វីយ៉ា ប្រទេស​ប៊ុលហ្គារី កាល​ពី​ថ្ងៃ​ទី​០២ កក្កដា។

Avatar

Title:ការ​អះអាង​មិន​ត្រឹមត្រូវ​ថា មេ​បក្ស​ប្រឆាំង និង​ភរិយា ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថៃ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *