
កាលពីថ្ងៃម្សិលមិញនេះ រូបភាពមួយចំនួនដែលចាប់បានដោយកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបំពាក់នៅលើផ្លូវជាតិលេខ៣នោះ ត្រូវបានបញ្ចេញនៅលើបណ្ដាញសង្គមយ៉ាងព្រោងព្រាត ដើម្បីដាស់តឿនដល់អ្នកបញ្ជាយានយន្តនៅលើដងផ្លូវមួយនេះ។
ខណៈពេលនោះដែរ រូបភាពមួយសន្លឹកដែលបង្ហាញបុរសជាអ្នកបើកបរម្នាក់យកដៃទៅលូកលាន់នារីអ្នករួមដំណើរនៅក្នុងរថយន្ត ត្រូវបានគេចែករំលែកផងដែរ ជាមួយការអះអាងថា ជារូបភាពផ្ដិតបានដោយកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវជាតិលេខ៣។
រូបភាពនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកព្រោងព្រាត រួមទាំងការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ដោយ Fact Crescendo Cambodia បានរកឃើញថា រូបភាពនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយឈ្មោះថា Pheach Sopheak បានបង្ហោះរូបថត ៤សន្លឹកកាលពីថ្ងៃម្សិលមិញនេះ ដែលបានបង្ហាញរូបភាពផ្ដិតបានតាមកាមេរ៉ាសុវត្ថិភាព។ រូបថតមួយសន្លឹកក្នុងចំណោមនោះ បង្ហាញបុរសម្នាក់ស្ទាបដើមទ្រូងនារីម្នាក់ ខណៈគាត់កំពុងបើកបររថយន្ត។
ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា រូបភាពមួយសន្លឹកនេះ គឺស្ថិតក្នុងចំណោមរូបភាពដែលចាប់បានតាមកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចកម្ពុជាបំពាក់នៅតាមផ្លូវជាតិលេខ៣។
ប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកដដែល ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក Pheach Sopheak ដែលរៀបរាប់ថា «សូមមេត្រាប្រុងប្រយ័ត្នកាមេរ៉ាផ្លូវជាតិលេខ៣ ចាប់ច្បាស់ចែសទាំងអ្នកបើកបរ និងអ្នករួមដំណើរពីមុខ ទាំងល្បឿន ស្លាកលេខ ខ្សែក្រវ៉ាត់អ្នកបើកបរ…ល…»។

រូបភាពដដែលនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរកាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យមានការចែករំលែកជាច្រើនដងថែមទៀត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលសរសេររៀបរាប់ថា «សូមជូនជ្រាប កាមេរ៉ាចាប់បានច្បាស់ណាស់»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបភាពខាងលើនេះតាមរយៈកម្មវិធី Google Reverse Image ដែលនាំឱ្យយើងបានជួបប្រទះនឹងរូបភាពដូចគ្នាទាំងស្រុង និងព័ត៌មានលម្អិតផងដែរ។
រូបភាពមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយនៃសារព័ត៌មានអង់គ្លេស Mail Online កាលពីថ្ងៃទី២៥ ខែធ្នូកន្លងមកនេះ។
ខ្លឹមសារនៃអត្ថបទសារព័ត៌មាននេះ បានឱ្យដឹងថា បុរសជនជាតិម្នាក់ឈ្មោះ Deng Jialin ត្រូវបានកាមេរ៉ាសុវត្ថិភាពរបស់សមត្ថកិច្ចចិនចាប់រូបភាពបាន ដែលបង្ហាញសកម្មភាពគាត់កំពុងចាប់ដោះនារីម្នាក់ដែលរួមដំណើរក្នុងរថយន្តជាមួយគាត់ ខណៈដែលគាត់កំពុងកាន់ដៃចង្កូតបញ្ជារថយន្តលើដងផ្លូវ។
បើតាម Mail Online បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញថា បានបើកបរក្នុងល្បឿន ៩២គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្មើសទៅនឹងស្លាកសញ្ញាកំណត់ល្បឿនត្រឹមតែ ៨០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
Mail Online រាយការណ៍បន្តថា រូបភាពនេះ ត្រូវបានផ្ដិតយកបាននៅអំឡុងពេលលោក Deng Jialin កំពុងបើកបរលើផ្លូវមួយពីស្រុក Santai ទៅស្រុក Shehong ស្ថិតក្នុងខេត្តស៊ីឈួន ប្រទេសចិន។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពដែលត្រូវបានផ្ដិតដោយកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានបំពាក់នៅលើផ្លូវជាតិលេខ៣ នៃប្រទេសកម្ពុជានោះឡើយ។ រូបភាពនេះ គឺជារូបភាពដែលផ្ដិតបានដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងប្រទេសចិន ដែលបង្ហាញបុរសម្នាក់បានយកដៃទៅស្ទាបអង្អែលលើនារីរួមដំណើរ ខណៈពេលកំពុងបើកបរលើដងផ្លូវកាលពីខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ។

Title:Fact-Check: បុរសម្នាក់លូកលាន់នារីម្នាក់ពេលបើកបរ មិនមែនជារូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅផ្លូវជាតិលេខ៣ទេ
Fact Check By: Jay UdomResult: Misleading
