
ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន និងរីកចម្រើនយ៉ាងឆាប់រហ័ស វាក៏បានបង្កឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ផងដែរ តាមរយៈការឆបោកបញ្ឆោតតាមទម្រង់ផ្សេងៗជាច្រើន។ ក្នុងនោះ កាលពីពេលថ្មីៗនេះ មានសារចែកចាយមួយ បានស្នើសុំអ្នកប្រើប្រាស់ ចុចតំណភ្ជាប់របស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់គណនីធនាគាររបស់ពួកគេ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានការចែកចាយសារ និងតំណភ្ជាប់មួយ ដោយភ្ជាប់ជាមួយការសរសេរ និងស្នើសុំអ្នកប្រើប្រាស់ចុចទៅលើតំណភ្ជាប់ក្នុងរយៈពេល ២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ បើមិនដូច្នេះទេ សមតុល្យគណនីរបស់អ្នកប្រើប្រាស់ទាំងនោះ នឹងត្រូវបានបង្កក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទូរស័ព្ទរបស់អ្នកប្រើប្រាស់ ដែលទទួលបានសារពីជនអនាមិក។

សារដូចគ្នាមួយផ្សេងទៀត ក៏ត្រូវបានរកឃើញ និងទទួលបានដោយអ្នកប្រើប្រាស់ដទៃទៀតផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាម ដែលបានបង្ហាញ និងបញ្ជាក់ថា បើអ្នកប្រើប្រាស់មិនចុចតំណភ្ជាប់នោះ គណនីរបស់ពួកគេនឹងត្រូវបានជាប់គាំង។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចោទសួរថា តើនេះគឺជាការពិតឬយ៉ាងណា ហើយចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតតាមរយៈព័ត៌មាននានាចុងក្រោយ និងការបកស្រាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃកម្ពុជា។
កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារអេស៊ីលីដា បានធ្វើការបកស្រាយ និងជម្រាបជូនអតិថិជនរបស់ខ្លួន ពាក់ព័ន្ធទៅនឹងករណីមានការផ្ងើសារក្លែងបន្លំ ដើម្បីប៉ុនប៉ងយកព័ត៌មានគណនីធនគាររបស់អ្នកប្រើប្រាស់។
ធនាគារអេស៊ីលីដា ក៏បានបញ្ជាក់ផងដែរថា បុគ្គលិករបស់ធនាគាររបស់ខ្លួន នឹងមិនទាក់ទងអ្នកប្រើប្រាស់ និងសាកសួរអំពីលេខគណនី ឬព័ត៌មានផ្ទាល់ខ្លួន តាមរយៈសារ SMS នោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ប្រសិនបើលោកអ្នក បានទទួលការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត»។

ដូចគ្នានេះ ករណីខាងលើ ក៏ត្រូវបានផ្សព្វផ្សាយដោយគេហទំព័រ Business Cambodia ផងដែរ ដែលបញ្ជាក់ថា ធនាគារអេស៊ីលីដា ពុំមានការស្នើសុំអ្នកប្រើប្រាស់គណនីធនាគាររបស់ខ្លួន ចុចលើតំណភ្ជាប់ ដើម្បីផ្ទៀងផ្ទាត់គណនីធនាគារ តាមសារទូរស័ព្ទក្នុងរយៈពេល ២៤ម៉ោងនោះទេ។
Business Cambodia | Archived Link
កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកទៅដល់សាធារណៈជនអ្នកប្រើប្រាស់ទូទៅផងដែរ ដោយបានហាម និងសូមកុំចុចទៅលើតំណភ្ជាប់ទាំងឡាយណា ដោយគ្មានប្រភពច្បាស់លាស់ ដែលជាហេតុកើតមានឡើងនូវហានិភ័យផ្សេងផងដែរ។

កន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានជូនដំណឹងអំពីករណីបោកបញ្ឆោតជាច្រើន តាមប្រព័ន្ធអនឡាញ ហើយក្នុងនោះថ្មីៗនេះ បានជូនដំណឹង និងផ្សព្វផ្សាយអំពីទម្រង់ឆបោកបញ្ឆោតតាមរយៈសារ (Phishing Link) ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់មានការប្រុងប្រយ័ត្នបានខ្ពស់។
វិធីក្នុងការពារខ្លួនអ្នកពីការឆបោកតាមប្រព័ន្ធអនឡាញ៖
- កុំចែករំលែកពាក្យសម្ងាត់របស់អ្នកជាមួយនរណាម្នាក់
- រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាព
- កុំចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ។
ដូចគ្នានេះដែរ ក្រុមការងាររបស់ Fact Crescendo Cambodia ក៏ធ្លាប់បានធ្វើការផ្ទៀងផ្ទាត់ទៅលើករណីបោកបញ្ឆោតតាមរយៈប្រព័ន្ធអនឡាញផងដែរ ដែលទាក់ទងទៅនឹង ការផ្ដល់អំណោយដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ១ ៥០០ដុល្លារ នៅតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
សូមអានព័ត៌មានលម្អិតនៅទីនេះ (archived link)។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia
រកឃើញថាសារមួយ ស្នើសុំអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់គណនីធនាគាររបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងនោះ មិនមែនជាការពិតទេ។ ការពិត មិនមានការស្នើសុំអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ ដើម្បីផ្ទៀងផ្ទាត់គណនីធនាគារ តាមសារទូរស័ព្ទនោះទេ ហើយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញថា ការផ្សព្វផ្សាយបែបនេះ គឺជាល្បិចបោកបញ្ឆោត។

Title:សារដែលស្នើសុំអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់គណនីធនាគារ គឺជាទម្រង់ការឆបោកបញ្ឆោត
Written By: Kakada SimResult: False