តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

Missing Context Social

បន្ទាប់​ពី​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា​នេះ ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​អំពី​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្លូង​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា វា​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​មិន​ត្រឹម​ត្រូវ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យាន​យន្ត​ជាច្រើន​គ្រឿង​ស្ថិត​លើ​ផ្លូវ​ដ៏​ធំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ ដោយ​មាន​សំណេរ​រៀបរាប់​ថា «ផ្លូវ​ល្បឿន​លឿន»។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

Facebook Post | Archived Link

ទន្ទឹម​គ្នា​នេះអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន បាន​ចោទ​សួរ​ថា តើ​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​មែន​ឬយ៉ាងណា។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន Independent របស់​អង់គ្លេស និង​សារព័ត៌មាន​​អាមេរិក Bloomberg កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក​នេះ។

សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន Independent បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចម្លង​ពី​វីដេអូ​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​មហាវិថី​មួយ ដែល​ត​ភ្ជាប់​ទីក្រុង​សំខាន់ៗ​បី​របស់​ចិន មាន​ទីក្រុង​ហុងកុង​ ​ទីក្រុង​ម៉ាកាវ និង​ទីក្រុង​ប៉េកាំង។

បើ​តាម​សារព័ត៌មាន​អង់គ្លេស​ដដែល​នេះ ការ​កក​ស្ទះ​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅ​លើ​មហាវិថី​មាន ៥០​គន្លង នៅ​ត្រង់​ស្ថានីយ៍​​ត្រួត​ពិនិត្យ​មួយ​​នៅ​ទីក្រុង​ប៉េកាំង ដែល​រួម​តូច​មក​នៅ​ត្រឹម​តែ ២០​គន្លង​វិញ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Independent ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​តុលា ឆ្នាំ​២០១៥​កន្លង​មក។ សេចក្ដី​រាយការណ៍​នេះ បាន​សរសេរ​ខ្លឹមសារ​រូបថត​ថា យាន​យន្ត​ជាច្រើន​គ្រឿង​កក​ស្ទះ​នៅឯ​ស្ថានីយ៍​ត្រួត​ពិនិត្យ​មួយ​កន្លែង ខណៈ​ដែល​ប្រជាជន​ចិន​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ជាតិ​មាន​រយៈ​ពេល ១​សប្ដាហ៍។

Independent Report | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Bloomberg ផង​ដែរ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥​កន្លង​មក​នេះ។ សារព័ត៌មាន​អាមេរិក​មួយ​នេះ បាន​ឱ្យ​ដឹង​ថា បញ្ហា​កក​ស្ទះ​យាន​យន្ត​ដ៏​ច្រើន​បែប​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី០៦ ខែ​តុលា ឆ្នាំ​២០១៥​កន្លង​មក​ ដោយសារ​តែមហាវិថី​ដែល​មាន ២០​គន្លង បាន​រួម​តូច​មក​នៅ​ត្រឹម ២០​គន្លង​វិញ។

សូម​អាន​អត្ថបទ​ទាំង​មូល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ​ផង​ដែរ។

ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​មហាវិថី​នៅ​ក្នុង​ប្រទេស​ចិន​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​មួយ​វីដេអូ​ដោយ​សារព័ត៌មាន​ដទៃ​ទៀតផង​ដែរ​កាល​ពី ៧​ឆ្នាំ​មុន។

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន The Quint នៅ​លើ​បណ្ដាញ YouTube កាល​ពី​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០១៥​កន្លង​មក។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ទិដ្ឋភាព​កក​ស្ទះ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​របស់​ប្រទេស​កម្ពុជា​នោះ​ឡើយ។ តាម​ការ​ពិត រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​កក​ស្ទះ​យាន​យន្ត​នៅ​ត្រង់​ស្ថានីយ៍​ត្រួត​ពិនិត្យ​មួយ​កន្លែង​នៃ​​ផ្លូវ​ល្បឿន​លឿន​ទីក្រុង​ប៉េកាំង-ម៉ាកាវ-ហុងកុង កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥​កន្លង​មក។

Avatar

Title:តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published. Required fields are marked *