
កាលពីដើមខែសីហានេះ កម្ពុជាបានសម្រេចបិទខ្ទប់ខេត្តចំនួន៧នៅជាប់ព្រំដែនកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ប្រភេទថ្មី ដែលត្រូវបានគេជឿថា ត្រូវបាននាំចូលពីប្រទេសថៃតាមរយៈពលករខ្មែរ។ វិធានការនេះ បានបង្ខំឱ្យពលករខ្មែរជាច្រើនដែលធ្វើការនៅក្នុងប្រទេសថៃ បានជាប់គាំងនៅតាមព្រំដែនកម្ពុជា-ថៃ ឬត្រូវបង្ខំចិត្តឆ្លងដែនតាមច្រករបៀងត្រឡប់ចូលមកប្រទេសកំណើតវិញ។
ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលបង្ហាញក្រុមមនុស្សប្រមូលផ្ដុំនៅទីតាំងមួយដែលគេមិនស្គាល់ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម ជាមួយការអះអាងថា មនុស្សនៅក្នុងរូបថតនោះ គឺជាពលករខ្មែរដែលជាប់គាំងនៅតាមព្រំដែនកម្ពុជា-ថៃ។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ទៅលើរូបថតនេះ បានរកឃើញថា ការអះអាងទៅលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅក្នុងចំណោមរូបថតបីសន្លឹកដែលបង្ហាញក្រុមមនុស្សធ្វើដំណើរឆ្លងកាត់ទឹកហូរមួយកន្លែង និងក្រុមមនុស្សប្រមូលផ្ដុំគ្នានៅទីតាំងមួយ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា ក្រុមមនុស្សនៅក្នុងរូបថតទាំងនោះ គឺជាពលករខ្មែរដែលព្យាយាមឆ្លងកាត់ព្រំដែនកម្ពុជា-ថៃវិលត្រឡប់មកប្រទេសកំណើតវិញ។
រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ រួមទាំងការបញ្ចេញប្រតិកម្ម និងមតិចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលរៀបរាប់ថា «ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១/August 4th 2021 របប ហ៊ុន សែន ធ្វើឱ្យពលកររងទុក្ខវេទនា ឆ្លងទឹកឆ្លងគោក បុកសម្រុកមកច្រើនណាស់ពលករខ្មែរយើង តែត្រូវបានអាជ្ញាធរខាងខ្មែរហាមឃាត់មិនឱ្យចូល ថែមទាំងបណ្ដេញត្រឡប់ឱ្យមកសម្រាកនៅខាងទឹកដីថៃជាបណ្ដោះអាសន្នវិញ»។
រូបថតនេះ ក៏ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ដែលបានចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គម ដែលមានគណនីហ្វេសប៊ុកជិត ១សែនជាសមាជិក។ ប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនេះ ក៏ត្រូវបានចែករំលែកបន្តទៀតរហូតដល់រាប់រយដង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ដែលរៀបរាប់ថា «ចេញទៅវេទនា! ចូលមកវិញក៏វេទនា! នេះហើយជីវិតពលករចំណាកស្រុកប្រទេសថៃ!! គ្មានសំណាងដូចពលករចំណាកស្រុកប្រទេសគេផ្សេងៗទេ»។
ចំណែកឯទំព័រហ្វេសប៊ុកទូរទស្សន៍សម្លេងមនសិការខ្មែរ VKC.TV បានបង្ហោះរូបថតមួយសន្លឹកនេះសម្រាប់កម្មវិធីផ្សាយរបស់ខ្លួននៅព្រឹកថ្ងៃទី០៨ ខែសីហាផងដែរ។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានអ្នកសារព័ត៌មានមួយរូបចែករំលែកនៅលើបណ្ដាញសង្គម Twitter រួមជាមួយរូបថតពីរសន្លឹកផ្សេងទៀតផងដែរកាលពីថ្ងៃទី០៥ ខែសីហា។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានជួបនឹងរូបថតដូចគ្នាទាំងស្រុង និងព័ត៌មានអំពីរូបថតនេះផងដែរ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយជាមួយនឹងអត្ថបទមួយរបស់សារព័ត៌មានវិទ្យុអាស៊ីសេរីជាភាសាភូមាកាលពីថ្ងៃទី០៤ ខែសីហា។
តាមរយៈម៉ាស៊ីនបកប្រែរបស់ Google Translate វិទ្យុអាស៊ីសេរី បានផ្សាយថា រូបថតមួយសន្លឹកនេះ បង្ហាញពីសមាជិកនៃកងកម្លាំងការពារប្រជាជន (People’s Defense Force – PDF) ហើយរូបថតមួយសន្លឹកនេះ ផ្ដល់ឱ្យដោយអ្នកសារព័ត៌មានពលរដ្ឋ។
PDF គឺជាក្រុមប្រដាប់អាវុធនៃរដ្ឋាភិបាលឯកភាពជាតិ ជាស្ថាប័នមួយដែលប្រកាសថា ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសភូមា។ ក្រុមកងកម្លាំងប្រដាប់អាវុធនេះ ត្រូវបានបង្កើតឡើងកាលពីដើមខែឧសភាក្នុងឆ្នាំ២០២១នេះ ជាការឆ្លើយតបទៅនឹងរដ្ឋប្រហាររបស់ពួកយោធាភូមាកាលពីដើមខែកុម្ភៈ។
វិទ្យុអាស៊ីសេរីជាភាសាភូមា បានចុះផ្សាយថា លោក Ko Myo Chit សមាជិកម្នាក់នៅក្នុងចំណោមសមាជិក ៥៣រូបរបស់ចលនា PDF ដែលត្រូវបានទាហានភូមាចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ បានស្លាប់នៅក្នុងបន្ទប់ឃុំឃាំង ស្ថិតក្នុងស្ថានីយ៍ប៉ូលិស Kalay កាលពីថ្ងៃទី០៣ ខែសីហា។
RFA Burmese’s Facebook Post | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកដែលត្រូវបានបង្ហោះនៅក្នុងចំណោមរូបថតពីរសន្លឹកទៀតដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាពលករកម្ពុជាដែលព្យាយាមឆ្លងដែនពីប្រទេសថៃត្រឡប់មកប្រទេសកំណើតវិញនោះឡើយ។ រូបថតមួយសន្លឹកនេះ បង្ហាញសមាជិកនៃកងកម្លាំងការពារប្រជាជន (PDF) ដែលជាចលនាតស៊ូប្រដាប់អាវុធមួយនៅភូមាប្រឆាំងនឹងរដ្ឋប្រហាររបស់យោធាភូមា។

Title:តើរូបថតមួយសន្លឹកនេះគឺជាពលករខ្មែរជាប់គាំងនៅតាមព្រំដែនកម្ពុជា-ថៃមែនឬទេ?
Fact Check By: Jay UdomResult: False
