Fact-Check: តើ​ក្រុម​កុមារ​ា​ទាំង​នេះ​លើក​បញ្ឈរ​ដង​ទង់​ជាតិ​កម្ពុជា​មែន​ឬទេ?

Altered Social

កាលពី​ខែ​សីហា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​កុមារា​មួយ​ក្រុម​លើក​បញ្ឈរ​ទង់​ជាតិ​កម្ពុជា​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខ្លះ បាន​កោត​សរសេរ​ដល់​សកម្មភាព​របស់​កុមារា​ទាំង​នោះ។ ទោះជាយ៉ាងណា ក្រោយ​ផ្ទៀង​ផ្ទាត់​រួច​មក យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​កុមារ​ា​មួយ​ក្រុម​លើក​ទង់​ជាតិ​កម្ពុជា​​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​សម្លេង​មនសិការ​ខ្មែរ។

រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​ចុច​«ចូល​ចិត្ត»​ ឬ​«ស្រឡាញ់​»ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រហូត​ដល់​ជាង ១.៤​K។​

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​ថា «ជាតិ​មួយ​ថ្កុំ​ថ្កើង​រុង​រឿង​ដោយសារ​រាស្ត្រ ជាតិ​មួយ​វិនាស​ដោយសារ​រាស្ត្រ​មិន​អើពើ អក្សរ​ខ្មែរ​ស្អាត​ល្អ​បែប​មិន​ខំ​ថែ បែប​ជា​មក​ប្រែ​ប្រើ​ឡាតាំង»។

Facebook Post | Archived Link

ក្រៅ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក រូបថត​ដែល​បង្ហាញ​ក្រុម​កុមារ​លើក​ទង់​ជាតិ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​ ក្នុង​នោះ​បង្ហាញ​ក្រុម​កុមារា​ដដែល​នេះ លើក​ទង់​ជាតិ​បារាំង។ ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Twitter ។

Twitter Tweet | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​រូបថត​ដើម​ និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

ច្បាប់​ដើម​នៃ​រូបថត​នេះ ត្រូវ​បាន​រក​ឃើញ​​នៅ​លើ​សារព័ត៌មាន The Denver Post នៅ​ក្នុង​អាល់ប៊ុម​រូបថត​នៃ​ព្រឹត្តិការណ៍​កើត​ឡើង​ចំ​ថ្ងៃ​ទី​១៤ ខែ​មិថុនា។ រូបថត​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​សារព័ត៌មាន Telegram នៅ​ក្នុង​​អាល់ប៊ុម​រូបថត​នៃ​ព្រឹត្តិការណ៍​កើត​ចំ​ថ្ងៃ​ទី​១៤ ខែ​មិថុនា។

ខ្លឹមសារ​នៃ​រូបថត​នេះ បង្ហាញ​ក្រុម​កុមារា ៦​នាក់ ដោត​ដង​ទង់​ជាតិ​អាមេរិក​ នៅ​​តំបន់ Lakewood Plaza ស្ថិត​នៅ​ជិត​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័នីញ៉ា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​១៩៥៥។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​កម្មសិទ្ធិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក Associated Press ហៅ​កាត់​ថា AP។

​កុមារា​ទាំង ៦​នាក់​នៅ​ក្នុង​រូបថត​នេះ មាន​កុមារា​ Mike McChargue អាយុ ១១​ឆ្នាំ កុមារា Larry Hoshe អាយុ ៨​ឆ្នាំ កុមារា George Kayuck អាយុ ៨​ឆ្នាំ កុមារា Mike Jones អាយុ ៨​ឆ្នាំ កុមារា Dick Sandstrom អាយុ ៨​ឆ្នាំ និង​កុមារា Casy Vose អាយុ ៨​ឆ្នាំ។

កុមារា​ទាំង ៦​នាក់​នេះ បាន​ធ្វើ​សកម្មភាព​​ត្រាប់​តាម​ហេតុការណ៍​​ដ៏​ល្បី​ល្បាញ​​របស់​​កង​ទ័ព​អាមេរិក​ ដែល​លើក​ដង​ទង់​ជាតិ​​អាមេរិក​​នៅ​លើ​កោះ Iwo Jima របស់​ប្រទេស​ជប៉ុន អំឡុង​សង្គ្រាម​លោក​លើក​ទី​២។

The Denver Post | Archived Link

គេហទំព័រ​នៃ​សារមន្ទីរ​​ជាតិ​សង្គ្រាម​លោក​លើក​ទី​២ នៅ​រដ្ឋ New Orleans បាន​​ឱ្យ​ដឹង​ថា កង​ទ័ព​ជើង​ទឹក​អាមេរិក ៦​រូប បាន​ដោត​បញ្ឈរ​ដង​ទង់​ជាតិ​អាមេរិក​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​១៩៤៥ នៅ​លើ​កំពូល​ភ្នំ​ Suribachi ស្ថិត​នៅ​ភាគ​ខាង​ត្បូង​​នៃ​កោះ​ Iwo Jima។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប​លោក Joe Rosenthal ហើយ ២​ថ្ងៃ​ក្រោយ​មក ឬ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​១៩៤៥ រូបថត​នេះ ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​លើ​សារព័ត៌មាន​អាមេរិក​នៅ​ចុង​សប្ដាហ៍។ មួយ​ឆ្នាំ​បន្ទាប់​មក អ្នក​ថត​រូប លោក Joe Rosenthal បាន​ទទួល​ពាន​រង្វាន់ Pulitzer សម្រាប់​ស្នាដៃ​រូបថត​មួយ​សន្លឹក​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​ដូច​ដែល​ត្រូវ​បានរៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ច្បាប់​ដើម​នៃ​រូបថត​នេះ មិន​មាន​ទង់​ជាត​ិកម្ពុជា​នោះ​ឡើយ។ ច្បាប់​ដើម​នៃ​រូបថត​នេះ បង្ហាញ​ក្រុម​កុមារា​អាមេរិក ៦​រូប បាន​លើក​បញ្ឈរ​ដង​ទង់​ជាតិ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​១៩៥៥ ដែល​ជា​ការ​ត្រាប់​តាម​ព្រឹត្តិការណ៍​​កង​ទ័ព​អាមេរិក​លើក​បញ្ឈរ​ដង​ទង់​ជាតិ​អាមេរិក​នៅ​លើ​កោះ Iwo Jima នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​១៩៤៥។

Avatar

Title:តើ​ក្រុម​កុមារ​ា​ទាំង​នេះ​លើក​បញ្ឈរ​ដង​ទង់​ជាតិ​កម្ពុជា​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.