រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

Altered Political

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អំពាវនាវ​ទៅ​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែននោះ ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​រូប​លោក​ដែល​ប្រកាស​ខ្លួន​ជា​«ព្រហ្ម​»​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញ​បង្ហាញ​ការ​គាំ​ទ្រ​មេដឹកនាំ LDP នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​​រក​ឃើញ​ថា រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យក​លំនាំ​តាម​រូបចម្លាក់​សេរីភាព​នោះ បាន​ធ្វើ​ដំណើរ​ដង្ហែ​រ​ជាមួយ​ដៃ​កាន់​រូបថត​លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​សំណេរ​លើ​រូបថត​ថា​«ជយោ ព្រហ្ម​ស្នា មហា​អស្ចារ្យ មហា​លោត​ផ្លោះ» ដែល​មាន​ន័យ​ថា អ្នកស្រី មូរ សុខហួរ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត បង្ហាញ​ការ​គាំ​ទ្រ​លោក ខឹម វាសនា ដែល​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​មាន​ជំនឿ​លើ​រូប​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២ ជាមួយ​សំណេរ​រៀបរាប់​ថា«ចុម… ក្រុម​ព្រហ្ម​ចេញ​មុខ​ហើយ​បង​ប្អូន!»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​ស្ត្រី​ ៤​រូប​ទៀត ស្ថិត​ក្នុង​ឈុត​យក​លំនាំ​តាម​រូប​ចម្លាក់​សេរីភាព​នៅ​អាមេរិក​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​រូបថត​ដទៃ​ទៀត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី មូរ សុខហួរ។

សំណេរ​រៀបរាប់​របស់​អ្នកស្រី មូរ សុខហួរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ បាន​ឱ្យ​ដឹង​ថា អ្នកស្រី និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត បាន​ចូលរួម​ធ្វើ​បាតុកម្ម​មួយ​នៅ​ទីក្រុង Lowell ក្នុង​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) កាល​ពី​ថ្ងៃចន្ទ​កន្លង​មក​នេះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​ជា​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង អ្នកនាង សេង ធារី។

រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត​ដែល​ជា​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង បាន​តុប​តែង​ខ្លួន​ទៅ​តាម​រូប​សំណាក់​សេរីភាព​នៅ​សហរដ្ឋ​អាមេរិក ហើយ​ដៃ​កាន់​ដុំ​ក្រដាស​មួយ​ដុំ​ជាមួយ​សំណេរ​«Paris Peace Accord» ដែល​សំដៅ​ដល់​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​ការ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩១។

ដូច្នេះ រូបថត​មួយ​សន្លឹក​នេះ ពុំ​បាន​បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ និង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង ធ្វើ​បាតុកម្ម​ដើម្បី​ការ​គាំ​ទ្រ​លោក ខឹម វាសនា​ នោះ​ឡើយ។

Facebook Post | Archived Link

អ្នកស្រី សេង ធារី ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទា​ទោស​​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក​នេះ ឱ្យ​ជាប់​ពន្ធ​នាគារ ៦​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់»​ពាក់​ព័ន្ធ​នឹង​ផែនការ​មាតុ​ភូមិ​និវត្តន៍​របស់​​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី មូរ សុខហួរ ដែល​បាន​បង្ហោះ​រូបថត ៩​សន្លឹក​ភ្ជាប់​ជាមួយ​សំណេរ​រៀបរាប់​ថា«បាតុកម្ម​ទាមទារ​អោយ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​កញ្ញា សេង ធារី នៅ​ទីក្រុង Lowell រដ្ឋ Massachusetts»។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ ត្រូវ​បាន​កាត់​ត។ រូបថត​ច្បាប់​ដើម បង្ហាញ​ឱ្យ​ឃើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​ក្រុម​អ្នក​គាំ​ទ្រ ដែល​ស្លៀក​ពាក់​ដូ​ទៅ​នឹង​រូប​សំណាក់​សេរីភាព​នោះ ធ្វើ​បាតុកម្ម​នៅ​ទីក្រុង Lowell សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សិទ្ធិ​មនុស្ស អ្នកនាង សេង ធារី។

Avatar

Title:រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.