រូបថត​​លោក​ ផែង​ វណ្ណៈ​ ជាប់​ខ្នៅ​ដៃ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ

Altered Social

ថ្មីៗ​នេះ ​​លោក​ស្រី​ ហ៊ុន ស៊ី​ណាត​ ដែល​ជា​ប្អូន​ស្រី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​លោក ផែង វណ្ណៈ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដ៏​ល្បី​ឈ្មោះ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​អំពី​ជម្លោះ​គ្រួសារ​អ្នក​អត្ថាធិប្បាយ​កម្មវិធី​ប្រកួត​បាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅ ជីកចក់ និង​អ្នក​លក់​ឡេ​នៅ​លើ​បណ្ដាញ​សង្គម អ្នក​នាង ទ្រិញ ផល្លា។

បន្ទាប់​មក​ រូបថត​មួយ​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ លោក ផែង វណ្ណៈ ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​ដៃ​ជាប់​ខ្នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង និង​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​ និង​​មតិ​ចម្រុះ​ផង​ដែរ។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៨​​​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «𝕭𝖊𝖙-បេទី»​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ ដែលបង្ហាញ​ឱ្យ​ឃើញ លោក​ ផែង​ វណ្ណៈ​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ជាប់​ខ្នោះ​ដៃ​។​

រូបថត​មួយ​សន្លឹក​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ផែង​ វណ្ណៈ​ ជា​មនុស្ស​មាន​អំនួត​ ជា​អ្ន​កកាសែត​ពុល​ទឹកមាត់​ បាយ​ផ្ទះ​មិន​ឆ្ងាញ់​ទេ​ ចូល​ចិត្ត​តែបាយ​គុក​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហ​ទំព័រ​សារព័ត៌មាន​ Apsara Media Services (AMS) ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​ គេហទំព័រ​ដដែល​ខាង​លើ​នេះ​ បាន​បញ្ជាក់​ថា ​បុរស​ជា​ឃាត​ករ​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ អុន​ ភាម៉ុន​ ដែល​បាន​សម្លាប់​ក្មេង​ប្រុស​ ត្រូវជាសាច់ថ្លៃរបស់​ខ្លួន​​ ដោយ​សារ​តែ​ខឹង​នឹង​ការវា​យ​ក្បាល​លេង​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌មាន​ខាង​លើ​ ដែល​មាន​ចំណង​ជើង​ថា​ «សមត្ថកិច្ច​ បាន​ឃាត់​ខ្លួន​ ឃាតករស​ង្ស័យស​ម្លាប់​កុមារ​១០ឆ្នាំ​»។​

Apsara Media Services | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​នៃ​សេច​ក្ដី​រាយ​ការណ៍​ព័ត៌មាន​នៃ​ការ​សម្លាប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​។​

https://www.youtube.com/watch?v=NamlX7Dy1NU

YouTube Link | Archived Link

ករណី​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​​គេហ​ទំព័រ​សារ​ព័ត៌មាន​នគរ​វត្ត​ផង​ដែរ​។​ បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​មួយ​នេះ យើង​​ដឹង​ថា បុរស​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិនមែន​ជា​លោក ផែង​ វណ្ណៈ​ នោះ​ឡើយ ប៉ុន្តែ​បុរស​រូប​នេះ គឺ​ជា​ឃាត​ករ​ ដែល​បាន​សម្លាប់​ក្មេង​ប្រុស​អាយុ ​១០​ឆ្នាំ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

Nokorwat News Report | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ ត្រូវ​បាន​កាត់​ត មុននឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបថត​ច្បាប់​ដើម ត្រូវ​បាន​គេ​ឃើញ​ថា មិន​មែន​ជា​លោក​ ផែង​ វណ្ណៈ​ នោះ​ឡើយ។ ផ្ទុយទៅ​វិញ រូបថត​ច្បាប់​ដើម គឺ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​ ពាក់​ព័ន្ធ​នឹង​ករណី​សម្លាប់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ នៅ​រាជ​ធានី​ភ្នំពេញ។

Avatar

Title:រូបថត​​លោក​ ផែង​ វណ្ណៈ​ ជាប់​ខ្នៅ​ដៃ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *