
រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពប្រាសាទអង្គរវត្ត ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ដោយភ្ជាប់ជាមួយនឹងការអះអាងថា ជាទិដ្ឋភាពអង្គរវត្តឆ្នាំ១៩៣១។ ការបង្ហោះបែបនេះ ទទួលបានការចែកចាយ និងបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពប្រាសាទបុរាណមួយដែលមានទម្រង់ និងភិនភាគដូចទៅនឹងប្រាសាទអង្គរវត្ត។ អ្នកប្រើប្រាស់ដដែលនេះក៏បានអះអាងនៅក្នុងសំណេររបស់ខ្លួនផងដែរថា នេះគឺជាទិដ្ឋភាពប្រាសាទអង្គរវត្តកាលពីឆ្នាំ១៩៣១។
ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «រូបអង្គរវត្តឆ្នាំ១៩៣១»។

ករណីខាងលើនេះ ក៏ត្រូវបានបង្ហោះ និងផ្សព្វផ្សាយនៅលើក្រុមហ្វេសប៊ុកដែលមានឈ្មោះថា «ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ» ផងដែរកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Photographs of the temples of Angkor Wat in 1931, before the war, show that no building can be stronger than the one built by the Khmer ancestors» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «រូបថតប្រាសាទអង្គរវត្តឆ្នាំ១៩៣១ មុនសង្រ្គាមបង្ហាញថា គ្មានសំណង់ណាអាចរឹងមាំជាងសំណង់ដែលបុព្វបុរសខ្មែរបានសាងសង់ឡើយ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតទិដ្ឋភាពប្រាសាទដែលមានទម្រង់ និងភិនភាគសណ្ឋានដូចទៅនឹងប្រាសាទអង្គរវត្តនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានរកឃើញ និងផ្សព្វផ្សាយបង្ហោះនៅលើគេហទំព័រអន្តរជាតិមួយ។ នៅក្នុងគេហទំព័រដដែល ក៏បានបញ្ជាក់ថា រូបថតទាំងឡាយនេះ គឺជាទិដ្ឋភាពប្រាសាទអង្គរវត្តចម្លងដែលបានធ្វើឡើង និងសាងសង់ដោយប្រទេសបារាំង ក្នុងពិធីតាំងពិព័រណ៍អាណានិគមអន្តរជាតិអំឡុងឆ្នាំ១៩៣១។
រូបភាពផ្តាមចេញពីគេហទំព័រដែលមានចំណងជើងរៀបរាប់ជាភាសាអង់គ្លេស ឬប្រែជាភាសាខ្មែរមានន័យថា «ប្រាសាទអង្គរវត្តចម្លងរបស់បារាំងក្នុងអំឡុងឆ្នាំ១៩៣១ ពិព័រណ៍អាណានិគមទីក្រុងប៉ារីស អាល់ប៊ុមរបស់លោក Marcel Braun»។


គេហទំព័រ John Coulthart ក៏បានផ្សព្វផ្សាយ និងបង្ហោះអំពីទិដ្ឋភាពសំណង់ចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ដែលបានសាងសាង់ឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងជាច្រើនសន្លឹកផងដែរ។ លោក John Coulthart ត្រូវបានគេស្គាល់ថាជា សិល្បករ អ្នកគូររូប អ្នកនិពន្ធ និងអ្នករចនាក្រាហ្វិចជនជាតិអង់គ្លេសម្នាក់ ដែលបានផលិតសៀវភៅ និងផ្ទាំងរូបភាពជាច្រើន។
រូបភាពផ្តាមចេញពីគេហទំព័រ ដែលបានបង្ហាញអំពីទិដ្ឋភាពសំណង់ប្រាសាទចម្លងរបស់អង្គរវត្តនាទីក្រុងប៉ារីស។

John Coulthart Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការបង្ហោះរូបថតជាមួយនឹងការអះអាងដូចបានរៀបរាប់ខាងលើនេះ គឺធ្វើឲ្យអ្នកប្រើប្រាស់មានការយល់ច្រឡំ។ ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពប្រាសាទអង្គរវត្តចម្លង ដែលប្រទេសបារាំងបានសាងសង់ក្នុងពិធីពិព័រណ៍អាណានិគមអន្តរជាតិរបស់ខ្លួននៅទីក្រុងប៉ារីសកាលពីឆ្នាំ១៩៣១ មិនមែនជាទិដ្ឋភាពប្រាសាទអង្គរវត្តពិតប្រាកដដែលស្ថិតនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាយើងមុនសង្រ្គាមនោះទេ។

Title:តើនេះគឺជាទិដ្ឋភាពប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាបអំឡុងឆ្នាំ១៩៣១មែនដែរឬទេ?
Fact Check By: Kakada SimResult: Misleading
