Fact-Check: តើ​វីដេអូ​នេះ​គឺ​ជា​ទិដ្ឋភាព​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​វៀតណាម​មែន​ទេ?

COVID-19 False

​ប្រទេស​វៀតណាម​បាន​រកឃើញ​ ​មនុស្ស​ដល់​ទៅ​ជាង ៤,៣៣៥​នាក់​បន្ថែម​ទៀត បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដែល​នាំ​ករណី​ឆ្លង​សរុប​ឡើង​លើស ៦​ម៉ឺន​នាក់​ហើយ ក្នុង​នោះ​​មនុស្ស ២៥៤​នាក់​បានស្លាប់​ដោយសារ​ជំងឺ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រទៅ​កាន់​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កាន់​តែ​ខ្លាំង។

ខណៈ​ដែល​វៀតណាម​កំពុង​ប្រឈម​នឹង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ ព័ត៌មាន​ជាច្រើន​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ដែល​និយាយ​អំពី​ស្ថានភាព​កូវីដ-១៩​នៅ​វៀតណាម។ ក្នុង​ចំណោម​នោះ វីដេអូ​ខ្លី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​រយ​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។

ទោះជាយ៉ាងណា ក្រោយ​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា វីដេអូ​ជាមួយ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ខ្លីមួយ​ដែល​បង្ហាញ​ក្រុម​មន្ត្រី​សុខាភិបាល​ជាមួយ​សម្លៀក​បំពាក់​ការពារ​សុវត្ថិភាព​​នោះ រៀបចំ​បញ្ចុះ​សព​នៅ​ឯ​ទីកន្លែង​បញ្ចុះ​សព​មួយ​កន្លែង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា វីដេអូ​នោះ គឺ​ជា​ទិដ្ឋភាព​មួយ​ជ្រុង​នៃ​ស្ថានភាព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​វៀតណាម។

វីដេអូ​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​មាន​ការ​រៀបរាប់​ថា «វៀតណាម​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​ច្រើន​ណាស់ បង​ប្អូន​ខ្មែរ​យើង​ថែ​រក្សា​សុខភាព​ទាំង​អស់​គ្នា»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ និង​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​លើ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​នឹង​រូបថត វីដេអូ និង​ព័ត៌មាន​លម្អិត​លើ​រូបថត និង​វីដេអូ​មួយ​នេះ។

វីដេអូ​នេះ ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​យូធូប (YouTube) កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ជាមួយ​រូបថត​ច្បាស់ៗ ប៉ុន្តែ មិន​មាន​ព័ត៌មាន​បន្ថែម​នោះ​ឡើយ។ វីដេអូ​ដើម​នៅ​លើ​បណ្ដាញ​យូធូ​អាច​ចូល​មើល​បាន​នៅលើ​តំណ​ភ្ជាប់​​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​យូធូ bang oland កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១។

Add video from YouTube channel here

YouTube Channel | Archived Link

​វីដេអូ​នេះ​បាន​នាំ​ឱ្យ​យើង​រក​ឃើញ​​រូបថត និង​ព័ត៌មាន​លម្អិត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters)​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២១ ឬ​មួយ​ថ្ងៃ​មុន​ការ​ចេញ​ផ្សាយ​វីដេអូ​នេះ​នៅ​លើ​បណ្ដាញ​យូធូប​ខាង​លើ​នេះ។

​អត្ថបទ​រាយការណ៍របស់​​រ៉យទ័រ បាន​ឱ្យ​ដឹង​ថា រូបថត ឬ​វីដេអូ​នេះ គឺ​ជា​ទិដ្ឋភាព​​​នៃ​ទីបញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ នៅ​រដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី។ ផ្ទៃដី​ទីបញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ទៅ​តាម​ប្រពៃណី​មូស្លីម​មួយ​នេះ បាន​រីកធំ​ឡើង​នៅ​ក្នុង​រយៈ​ពេល​តែ​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ​ចន្លោះ​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដល់​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២១​នេះ។ ទីតាំង​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នេះ មាន​ឈ្មោះ​ថា ទីស្មសាន​ Rorotan ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋធានី​ហ្សាកាតា។

Reuters | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​ជាមួយ​ការ​អះ​អាង​​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​នោះ មិន​មែន​ជា​ទិដ្ឋភាព​នៃ​ការ​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ឡើយ។ វីដេអូ​នោះ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា​សប្ដាហ៍​មុន នៅ​ឯ​ទី​បញ្ចុះ​សព​មួយ ស្ថិត​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ធានី​ហ្សាកាតា។

Avatar

Title:តើ​វីដេអូ​នេះ​គឺ​ជា​ទិដ្ឋភាព​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​វៀតណាម​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.