បន្ទាប់ពី​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ វីដេអូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​ ២៣​វិនាទី​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​វីដេអូ​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

វីដេអូ​នេះ​ជាមួយ​ព័ត៌មាន​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ឧទ្ធម្ភាគចក្រ​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់​ជិះ​នៅ​ក្នុង​នោះ​ធ្លាក់​ឆេះ​ស្លាប់​ទាំង​អស់”។

Facebook Post | Archived Link

វីដេអូ​នេះ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដោយ​រៀបរាប់​ថា វា​វីដេអូ​ជាក់​ស្ដែង​នៃ​ការ​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​មេដឹកនាំ​អ៊ីរ៉ង់​​ស្ថិត​នៅ​ក្នុង​នោះ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ ជាពិសេស​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា បន្ទាប់​ពី​វា​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ​ផ្ទៀង​ផ្ទាត់​រូបថត​នៃ​វីដេអូ​នេះ​ដោយ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា វីដេអូ​ឃ្លីប​ដូច​គ្នា ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​គណនី​ Twitter មួយ​កាល​ពី ២​ឆ្នាំ​មុន។

​សំណេរ​របស់​គណនី Twitter នេះ បាន​ឱ្យ​ដឹង​ថា វីដេអូ​នេះ គឺ​ជា​ហេតុការណ៍​​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ប៉ូលិស​ព្រំដែន​នៅ​តំបន់​ Gauduri ភាគ​ខាង​ជើង​ប្រទេស​ហ្សកហ្ស៊ី ដែល​បាន​សម្លាប់​មនុស្ស ៨​នាក់​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ។

Archived Link

ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​នេះ ត្រូវ​បាន​ផ្សព្វ​​ផ្សាយ​ដោយ​គេហទំព័រ​ព័ត៌មាន​រដ្ឋាភិបាល​ប្រទេស​ហ្សកហ្ស៊ី​ផង​ដែរ​នា​ពេល​នោះ ដោយ​និយាយ​ថា ឧទ្ធម្ភាគចក្រ​ Mi-8 លែង​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​ទៀត​អំឡុង​ពេល​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​តំបន់ Gauduri។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

ឧទ្ធម្ភាគចក្រ​ដែល​ដឹក​ប្រធានាធិបតី​អ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​មួយ​ចំនួន​ទៀត បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​បណ្ដាល​ឱ្យមនុស្ស​ស្ថិត​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ ស្លាប់​ទាំង​អស់។

ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​ដែល​ដឹកនាំ​មេដឹកនាំ​អ៊ីរ៉ង់​រូប​នោះ បាន​ឆាប​ឆេះ​ភ្លាមៗ បន្ទាប់​ពី​វា​ធ្លាក់​ទៅ​លើ​ភ្នំ​មួយ ហើយ​ថា គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ពី​ការ​វាយ​ប្រហារ​នោះ​ឡើយ។

គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ដែល​បាន​សម្លាប់​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Hossein Amirabdollahian ​ផង​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​មេដឹកនាំ​អ៊ីរ៉ង់​រូប​វិល​ត្រឡប់​ពី​ការចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវទំនប់​វារី​អគ្គិសនី​មួយ​ស្ថិត​នៅ​ប្រទេស​អាហ៊្សែបៃហ្សង់ តំបន់​ព្រំដែន​ភាគ​ខាង​ជើង​ជាមួយ​អ៊ីរ៉ង់។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​មួយ​នេះ មិន​មែន​ជា​វីដេអូ​នៃ​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដឹកនាំ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី កាល​ពី​ចុង​សប្ដាហ៍​មុន​នោះ​ឡើយ។ វីដេអូ​នេះ គឺ​ជា​ហេតុការណ៍ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​ប្រទេស​ហ្សកហ្ស៊ី កាល​ពី​ឆ្នាំ​២០២២​កន្លង​មក ដែល​បាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ។

Avatar

Title: វីដេអូ​ឧទ្ធម្ភាគចក្រ​ធ្លាក់​កាល​ពី​ពីរ​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​ថា​ជា​ហេតុការណ៍​កើត​នៅ​អ៊ីរ៉ង់

Fact Check By: Jay Udom

Result: False