Fact Check: វីដេអូភ្លើងឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែសត្រូវបានអះអាងថា កើតឡើងនៅភូមា
ភូមា ឬមីយ៉ាន់ម៉ា បានធ្លាក់ក្នុងអស្ថេរភាពនយោបាយ និងអំពើហិង្សាដ៏បង្ហូរឈាមអស់រយៈជាង ២ខែហើយ ក្រោយពីក្រុមយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងមកនេះ។
ទន្ទឹមគ្នានេះ ឃ្លីបវីដេអូហេតុការណ៍ភ្លើងឆាបឆេះមួយ ត្រូវបានគេបានអះអាងថា បង្កឡើងដោយក្រុមយោធាភូមា ដែលបណ្ដាលឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងបាត់បង់ជម្រកស្នាក់នៅ។
ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង និងផ្សព្វផ្សាយនោះ គឺមិនពិតនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញហេ្វសបុកម្នាក់ បានអះអាងថា ពលរដ្ឋ មីយ៉ាន់ម៉ាជាច្រើននាក់ ត្រូវបានស្លាប់ដោយសារតែភ្លើងឆេះជំរុំ។
រូបភាពផ្ដាមពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក រៀបរាប់ថា «ក្តៅៗស៊ែរបន្ទាន់ ដើម្បីឲ្យលោក UN, NATO, ICC
ពលរដ្ឋភូមាត្រូវស្លាប់និងបាត់បង់ជំរក ពិចារណាដល់ណាទៀតលោក ពិចារណារអោយលឿនៗទៅ»។
ការត្រួតពិនិត្យការពិត
ក្រុមការងាររបស់ Fact Crescendo Cambodia ចាប់ផ្តើមធ្វើការត្រួតពិនិត្យតាមរយៈការស្វែងរកនូវប្រភពវីដេអូនានា ដែលនាំឱ្យយើងមានទៅដល់ប្រភពមួយចំនួនទាក់ទងនឹងព្រឹត្តិការណ៍នេះ។
បើតាមការផ្សព្វផ្សាយមួយរបស់សារព័ត៌មាន The New York Times បានឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះជំរុំជន ភៀសខ្លួននេះ បានកេីតឡេីងនៅក្នុងប្រទេសបង់ក្លាដេស កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ ដែលបានឆក់ជីវិត ជនភៀសខ្លួនរ៉ូហ៊ិងយ៉ា ១៥នាក់ និងរងរបួសជាច្រើនរយនាក់។
The New York Times News Report | Archived Link
យោងទៅតាមការបង្ហោះវីដេអូមួយនៅក្នុងបណ្តាញវីដេអូ YouTube ជាភាសា Bengali ដែលបានបង្ហោះមុនមួយថ្ងៃនៃ ការអះអាងខាងលើបានឲ្យដឹងថា ហេតុការណ៍នេះ គឺត្រូវបានកើតឡើងនៅក្នុងតំបន់ជំរុំជនភៀសខ្លួនមួយស្ថិតនៅក្នុង ប្រទេសបង់ក្លាដេស។
Fact Crescendo Cambodia ក៏បានរកឃើញវីដេអូដូចគ្នាដោយបានសរសេរថា «ជំរុំជនភៀសខ្លួននៅក្នុងប្រទេស បង់ក្លាដេសបាននឹងកំពុងឆេះ ដោយមានមនុស្សជាង ៤០០នាក់បានបាត់ខ្លួន និងជាង ៥៦០នាក់បានរងរបួស»។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងថាមានពលរដ្ឋមីយ៉ាន់ម៉ាបានស្លាប់ និងបាត់បង់ជំម្រក ដោយសារ តែភ្លើងឆេះយ៉ាងសន្ធោសន្ធៅនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ដោយផ្អែកទៅលើសារព័ត៌មានអន្តរជាតិធំៗ បានបញ្ជាក់ថា ពុំមានហេតុការណ៍បែបនេះ បានកើតឡើងនៅក្នុងប្រទេសមួយនេះនោះទេ ប៉ុន្តែផ្ទុយទៅវិញ ហេតុការណ៍នេះ ត្រូវបានកើតឡើង នៅក្នុងជំរុំជនភៀសខ្លួនរ៉ូហ៊ិនយ៉ា ក្នុងប្រទេសបង់ក្លាដេស ដែលបានសម្លាប់ មនុស្សប្រមាណជាង១៥នាក់។
Title:Fact Check: វីដេអូភ្លើងឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែសត្រូវបានអះអាងថា កើតឡើងនៅភូមា
Fact Check By: Kakada SimResult: False