រូបថត​ទាហាន​រុស្ស៊ី​ដឹក​ជញ្ជូន​ម៉ាស៊ីន​បោក​គក់​នៅ​លើ​រថពាស​ដែក គឺ​ជា​រូបភាព​កាត់

Altered International

ខណៈ​ដែល​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន បាន​អូស​បន្លាយ​មក​ជាង ១​ខែ​មក​ហើយ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ឱ្យ​ឃើញ​ម៉ាស៊ីន​បោក​គក់​ត្រូវ​បាន​ដឹក​ជញ្ជូន​នៅ​លើ​រថពាស​ដែក​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា ទាហាន​រុស្ស៊ី​ប្រមូល​យក​ម៉ាស៊ីន​បោក​គក់​របស់​ប្រជាជន​អ៊ុយក្រែន។ រូបថត​ដែល​មាន​ការ​អះ​អាង​បែប​នេះ ត្រូវ​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ បន្ទាប់​ពីដំណើរការ​ផ្ទៀង​ផ្ទាត់ យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត​។ 

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​ស្លឹក​ដែល​បង្ហាញ​រថពាស​ដែក​យោធា​មួយ​គ្រឿង​ដឹក​ម៉ាស៊ីន​បោក​គក់​មួយគ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ជាមួយ​ការ​អះ​អាង​ថា ទាហាន​រុស្ស៊ី​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​អំឡុង​ពេល​ពួកគេ​ឈ្លាន​ពាន​ចូល​ប្រទេស​មួយ​នេះ​អស់​រយៈ​ជាង ១​ខែ​មក​នេះ។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​​ចែក​រំលែក​បន្ត​រហូត​ដល់​ជិត ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ​ទៅ​លើ​រូបថត​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​មួយកាល​ពី​ថ្ងៃ​ពុធ​កន្លងម​ក​នេះ ដែល​សរសេរ​រៀបរាប់​ថា «រុស្ស៊ី​លើក​ទ័ព​ចូល​រំដោះ​អ៊ុយក្រែន ទ័ព​រុស្ស៊ី​ដឹក​ម៉ាស៊ីន​បោក​ខោ​អាវ​ពេល​ចាក​ចេញ​ពី​អ៊ុយក្រែន ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ពេល​វៀតណាម​លើក​ទ័ព​រំដោះ​ខ្មែរ គេ​ដឹក​ម៉ាស៊ីន​ដេរ រថយន្ត​អស់​ពី​ឃ្លាំង ទ្រព្យ​សម្បត្តិ​ខ្មែរ​ដែល​របប ប៉ុល ពត ប្រមូល​ទុក​ក្នុង​ឃ្លាំង​ត្រូវ​បាន​វៀតណាម​ដឹក​ជញ្ជូន​ជាង ២០​ឆ្នាំ រួម​ទាំង​មាស​ប្រាក់​នៅ​ក្នុង​ធនាគារ​ជាតិ អស់​ពី​ប្រទេស​ខ្មែរ នៅ​សល់​តែ​ប្រាសាទ​អង្គរ​វត្ត​ដែល​វៀតណាម​មិន​អាច​គាស់​ដឹក​យក​ទៅ​ប្រទេស​គេបាន តែ​គេ​រក​មធ្យោបាយ​ដាក់ សុខ គង់ ឱ្យ​លក់​សំបុត្រ​ប្រមូល​យក​លុយ​ពី​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ប្រាសាទ​អង្គរ​បាន​ទៀត អរគុណ​សន្តិភាព! នេះ​ជា​ការ​ពិត​មិន​មែន​ញុះ​ញង់​ទេ បើ​ចង់​ដឹង​សួរ ហ៊ុន សែន, ហេង សំរិន, ស ខេង គាត់​ជា​សាក្សី​រស់»។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈការ​ដំណើរការ Google Reverse Image Search ដែល​នាំ​​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ច្បាប់​ដើម​នៃ​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​នឹង​អត្ថបទ​មួយ​នៃ​ក្នុងសារព័ត៌មាន Al Jazeera កាល​ពី​ថ្ងៃ​២៦ ខែ​មីនា​កន្លង​មក​នេះ។

នៅ​ក្នុង​អត្ថបទ​សេចក្ដី​រាយការណ៍​របស់​ខ្លួន សារព័ត៌មាន Al Jazeera សរសេរ​នៅ​ក្រោម​រូបថត​នោះ​ថា ទាហាន​រុស្ស៊ី​ត្រូវ​បាន​គេ​មើល​ឈរ​នៅ​លើ​រថពាស​ដែក​មួយ​គ្រឿង​ដែល​មាន​សរសេរ​សញ្ញា «Z»​នៅ​ផ្នែក​ខាង​មុខ។

រូបថត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​មួយ​នេះ មិន​បាន​បង្ហាញ​ឱ្យ​ម៉ាស៊ីន​បោក​គក់ ត្រូវ​បាន​គេ​ចង​ភ្ជាប់​នៅ​នឹង​ផ្នែក​ខាង​មុខ​របស់​រថ​ពាស​ដែក​នោះ​ឡើយ។

Aljazeera | Archived Link

សារព័ត៌មាន Al Jazeera ថែម​ទាំង​បាន​បញ្ជាក់​ផង​ដែរ​ថា​ រូបថត​មួយ​សន្លឹក​នេះ ថត​ដោយ​លោក Alexander Ermochenko អ្នកថត​រូប​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​ Reuters។

នៅ​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​នេះ ដែល​សរសេរ​រៀប​រាប់​ដូច​គ្នាន​ឹង​អ្វី​ដែល​សារព័ត៌មាន Al Jazeera បាន​រៀបរាប់​ផង​ដែរ ប៉ុន្តែ Reuters បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ផ្ដិត​បាន​នៅ​ក្នុង​តំបន់​​​កំពុង​មាន​ជម្លោះ Donbass ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា។

Reuters | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​រូបថត​មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបថត​ច្បាប់​ដើម បង្ហាញ​ឱ្យ​ឃើញ​ទាហាន​រុស្ស៊ី​ស្ថិត​នៅ​លើ​រថ​ពាស​ដែក​មួយ​គ្រឿង​មាន​សញ្ញា​«Z» ស្ថិត​នៅ​តំបន់​មាន​ជម្លោះ Donbass កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា​កន្លង​មក​នេះ និង​គ្មាន​ម៉ាស៊ីន​បោក​គក់​ត្រូវ​បាន​ចង​ភ្ជាប់​នឹង​រថ​ពាស​ដែក​នោះ​ឡើយ។

Avatar

Title:រូបថត​ទាហាន​រុស្ស៊ី​ដឹក​ជញ្ជូន​ម៉ាស៊ីន​បោក​គក់​នៅ​លើ​រថពាស​ដែក គឺ​ជា​រូបភាព​កាត់

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.