ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ប្រទេស​ថៃ​បាន​ស្នើ​នូវ​ច្បាប់អនុញ្ញាត​ឱ្យ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រៀបការ​បាន។ បន្ទាប់​មក ក៏​មាន​រូបភាព​បី​សន្លឹក​ដែល​បង្ហាញ​ព្រះ​សង្ឃ​ពីរ​អង្គ​ថើប​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​អារាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជឿ​ថា​ជា​រូបថត​ពិត​ជាក់​ស្ដែង។ រូបភាព​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​រង​ការ​រិះ​គន់​ពី​អ្នក​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​បង្ហោះ​រូបភាព​ទាំង​នេះ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

រូបថត ៣​សន្លឹក​ដែល​បង្ហាញ​ព្រះ​សង្ឃ​ពីរ​អង្គ​ថើប​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​អារាម​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ផ្សេងៗ​ក្នុង​ន័យ​ថា រូបថត​ទាំង​នោះ គឺ​ជា​ហេតុការណ៍​ពិត​ប្រាកដ។

រូបថត​ទាំង ៣​សន្លឹក​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ជឿ​ជាក់​ថា​ជា​រូបថត​ពិត​ប្រាកដ និង​បាន​បន្ទោស​ទៅ​លើ​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពីការ​បង្ហោះ​រូបថតពីរ​ក្នុង​ចំណោម​រូបថត​ទាំង​បី​សន្លឹក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “ក្នុង​លោក​មាន​គ្រប់​រសជាតិ”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “Excellent week-end à tous”។

Facebook Post | Archived Link

រូបថត​ទាំង​បី​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ភូមា​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤។

Facebook Post | Archived Link

រូបថត​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ​ផង​ដែរ ដោយ​រៀបរាប់​ថា “คำว่าฮัก เกิดขึ้นที่ใดห์” ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា “ពាក្យ​ថា​ស្រឡាញ់​​ទីណា​ក៏​អាច​កើត​ឡើង​បាន​ដែរ”។

Facebook Post | Archived Link

មិន​ថា​រូបថត​ទាំង​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា ឬថៃ ឬ​ភូមា​នោះ​ទេ រូបថត​ទាំង​បី​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជឿ​ថា​ជា​រូបថត​នៃ​ហេតុការណ៍​ពិត​ប្រាកដ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

​តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ទាំង​បី​សន្លឹក​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន​ថៃ The Thaiger កាល​ពីថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤។

បើ​តាម​ខ្លឹមសារ​នៃ​អត្ថបទ​ព័ត៌មាន​នេះ វា​បញ្ជាក់​ថា រូបថត​ទាំង​បី​សន្លឹក​នេះ មិន​មែន​ជា​រូបថត​នៃ​ហេតុការណ៍​កើត​មាន​ពិត​ប្រាកដ​នៅ​ក្នុង​វត្ត​ណា​មួយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ រូបភាព​ទាំង​នេះ​កើត​ចេញ​ពី​ការ​ផ្គុំ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត (artificial intelligence) ឬ​ហៅ​កាត់​ថា AI។

ដោយសារ​តែ​រូបភាព​ដ៏​ច្បាស់​បែប​នេះ សារព័ត៌មាន​នេះ​និយាយ​ថា រូបភាព​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​យល់​ច្រឡំ និង​គិត​ថា ជា​រូបថត​ជាក់​ស្ដែង​ផង​ដែរ។

Thaiger | Archived Link

រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ One 31 ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ ដោយ​បញ្ជាក់​ថា រូបភាព​ព្រះ​សង្ឃ​ថើប​គ្នា​នៅ​មុខ​ព្រះវិហារ​នេះ គឺ​ជា​រូបភាព​សាង​ដោយ AI។

One31 | Archived Link

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃទាំង​ពីរ​នេះ រូបភាព​ព្រះ​សង្ឃ​ជញ្ជក់​មាត់​គ្នា​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​ប្រទេស​ថៃ​បាន​លើក​ឡើង​នូវ​សំណើ​ច្បាប់​ដែល​នឹង​បើក​ផ្លូវ​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រៀប​ការជាមួយ​គ្នា​​បាន។

ដោយសារ​តែ​រូបភាព​នេះ​ទទួល​រង​ការ​រិះគន់​ច្រើន​ពី​មហាជន​ក្រោយ​ពី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ សារព័ត៌មាន​កម្ពុជា​ក៏​បាន​ចុះ​ផ្សាយ​អំពី​រឿង​នេះ​ផង​ដែរ ដោយ​បញ្ជាក់​ថា រូបភាព​ទាំង​បី​សន្លឹក​នោះ​គឺ​ជា​រូបភាព​ផ្គុំ​ដោយ​បច្ចេកវិទ្យា AI។

Popular Magazine | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបភាព​ព្រះ​សង្ឃ​ថើប​គ្នា​នេះ មិន​មែន​ជា​ហេតុការណ៍​ជាក់​ស្ដែង​ពិត​ប្រាកដ​នោះ​ឡើយ។ រូបភាព​ទាំង​បី​សន្លឹក​នេះ ត្រូវ​បាន​ផ្គុំ​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត (AI)។

Avatar

Title:រូបភាព​ព្រះ​សង្ឃ​ពីរ​អង្គ​ថើប​គ្នាគឺ​ជា​រូបភាព​ផ្គុំ​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត

Written By: Jay Udom

Result: Misleading