
បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់ប៉ាឡេស្ទីនបានផ្ទុះឡើងកាលពីជាង ២សប្ដាហ៍មុនមក ព័ត៌មាន រូបថត និងវីដេអូជាច្រើន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងសង្គ្រាមមួយនេះ។ ក្នុងនោះ មានរូបភាពមួយសន្លឹកដែលបង្ហាញមនុស្សជាច្រើនគ្រវីដៃពីលំនៅឋានរបស់ពួកគេទៅកាន់កងទ័ពនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយខ្លឹមសារថា ជាការបង្ហាញសាមគ្គីភាពនៃប្រជាជនអ៊ីស្រាអែល។ រូបភាពនេះ ត្រូវបានចែករំលែក និងបញ្ចេញមតិយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា យើងរកឃើញថា រូបភាពនេះត្រូវបានបង្ហោះជាមួយខ្លឹមសារមិនត្រឹមត្រូវ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញប្រជាជនអ៊ីស្រាអែលគ្រវីដៃទៅកាន់ក្រុមទាហានប្រដាប់ដោយអាវុធធ្វើដំណើរតាមដងផ្លូវនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញនាពេលថ្មីៗនេះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។
រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាបង្ហោះលើបណ្ដាញសង្គមជាមួយខ្លឹមសារថា ជនជាតិអ៊ីស្រាលមានសាមគ្គីភាពរឹងមាំល្អ ដើម្បីការពារប្រទេសរបស់ពួកគេពីសត្រូវ។
រូបថតមួយសន្លឹកនេះជាមួយខ្លឹមសារដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ទទួលបានការចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាជាច្រើន បានបញ្ចេញមតិយោបល់ចំពោះរូបភាពមួយសន្លឹកនេះផងដែ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមដែលបានបង្ហោះរូបភាពកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «មូលហេតុដែលជនជាតិអ៊ីស្រាអែលខ្លាំង។ ខ្លាំងជាមួយសត្រូវតែមិនខ្លាំងជាមួយជាតិសាសន៍ខ្លួនឯង ចុះខ្មែរ?»។

រូបភាពដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា រូបភាពមួយសន្លឹកបង្ហាញពីការរួបរួមសាមគ្គីរបស់ប្រជាជនអ៊ីស្រាអែល ដើម្បីប្រយុទ្ធនឹងសត្រូវ។
រូបភាពជាមួយសំណេរបែបនេះ ក៏ទទួលបានការចែករំលែកបន្តជាច្រើនផងដែរ ហើយក៏ទទួលបានមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមដែលសរសេររៀបរាប់ថា «មិនសរសើរមិនបាន អ៊ីស្រាអែលរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវ តែខុសពីប្រទេសខ្លះ ខ្លាំងបានតែការធ្វើទុក្ខបុកម្នេញ និងចាប់តែគ្នាឯងដាក់គុកច្រវាក់ ហើយមិនហ៊ានតតាំងជាមួយអ្នករស់នៅក្បែរភូមិផងរបងជាមួយគ្នា»។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការបង្ហោះមួយទៀតនៅលើបណ្ដាញសង្គមដែលសរសេររៀបរាប់ថា «រឿងជាតិមិនស៊ែរ រឿងជេរគ្នាស៊ែរបែកផ្សែង មូលហេតុដែលជនជាតិអ៊ីស្រាអែលខ្លាំង។ ខ្លាំងជាមួយសត្រូវតែមិនខ្លាំងជាមយយជាតិសាសន៍ខ្លួនឯង ចុះខ្មែរវិញ?»។

សម្រាប់រូបភាពដែលបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត សូមមើលតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតាមរយៈតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបភាពមួយសន្លឹកនេះ ត្រូវបានរកឃើញបង្ហោះនៅលើបណ្ដាញសង្គម Instagram ដោយគណនីមួយឈ្មោះ Live From Israel កាលពីថ្ងៃទី១៣ ខែតុលា ឬជិត ១សប្ដាហ៍ក្រោយផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមកម្លាំងប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីន។
គណនី Instagram មួយនេះ បានបង្ហោះរូបភាពនេះក្នុងបំណងជំរុញសាមគ្គីភាព និងការគាំទ្រដល់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុកកែតជាច្រើនពាន់គ្រាប់ចូលទៅលើទឹកដីអ៊ីស្រាអែល។
Instagram Post | Archived Link
បន្ទាប់ពីរូបភាពនេះត្រូវបានបង្ហោះលើ Instagram អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិថា វាគ្រាន់តែជារូបភាពបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)តែប៉ុណ្ណោះ។
តាមរយៈការដំណើរការ Google Reverse Image Search យើងក៏បានរកឃើញរូបភាពបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Omri Shefi កាលពីថ្ងៃទី១១ ខែតុលា។
អ្នកប្រើប្រាស់ហ្វេសប៊ុក Omri Shefi បានរៀបរាប់ជាភាសាហេប្រូវ (Hebrew) ហើយតាមរយៈការបកប្រែដោយ Google Translate បានឱ្យដឹងថា រូបភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលជាការស្រម៉ៃនឹកដល់ការអបអរសាទរចំពោះជ័យជម្នះនៃកងទ័ពអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះឡើងនូវសង្គ្រាមជាមួយកងកម្លាំងហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី០៧ ខែតុលា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះដោយគណនីហ្វេសប៊ុក Omri Shefi កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលរៀបរាប់ជាភាសាហេប្រូវ។

ខាងក្រោមនេះ គឺជាខ្លឹមសារនៃសំណេររបស់អ្នកប្រើប្រាស់ហ្វេសប៊ុក Omri Shefi ដែលត្រូវបកប្រែដោយកម្មវិធីបកប្រែភាសានៅលើបណ្ដាញសង្គមហ្វេសប៊ុក។

បើមើលទៅលើរូបភាពដែលបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុក Omri Shefi យើងបានរកឃើញរូបភាពជាច្រើនទៀតសរុប ១៣សន្លឹក ដែលសុទ្ធតែជារូបភាពបង្កើតឡើងដោយកម្មវិធី AI។
Fact Crescendo Cambodia បានសាកសួរបន្ថែមទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុក Omri Shefi តាមរយៈប្រព័ន្ធផ្ញើសារ Messenger ផងដែរ ប៉ុន្តែ ពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពបន្ថែម ប្រសិនបើទទួលបានការឆ្លើយតបពីអ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ។
ក្រោយពីរូបភាបទាំងនេះត្រូវបានបង្ហោះលើបណ្ដាញសង្គម វាបានបង្កើតឱ្យមានការយល់ច្រឡំនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមជាជាតិសាសន៍ដទៃទៀតផងដែរ។
នេះហើយជាមូលហេតុដែលនាំឱ្យស្ថាប័នត្រួតពិនិត្យព័ត៌មានក្លែងក្លាយ Snopes បានផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះ និងបានរកឃើញថា រូបភាពទាំងនេះ គឺជារូបភាពបង្កើតឡើងដោយកម្មវិធី AI មិនមែនជារូបថតកើតមានជាក់ស្ដែងនៅប្រទេសអ៊ីស្រាអែលអំឡុងពេលថ្មីៗនេះឡើយ។ សូមមើលខ្លឹមសារលម្អិតនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបភាពដែលត្រូវបានបង្ហោះលើបណ្ដាសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពនេះ ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមិនបានបង្ហាញពីកម្លាំងសាមគ្គីជាក់ស្ដែងរបស់ប្រជាជនអ៊ីស្រាអែលដូចការរៀបរាប់នោះឡើយ។

Title:តើរូបនេះគឺជារូបថតជាក់ស្ដែងបង្ហាញកម្លាំងសាមគ្គីរបស់ប្រជាជនអ៊ីស្រាអែលមែនឬទេ?
Written By: Jay UdomResult: False
