តើ​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

Altered Political

ខណៈ​រ​ដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​រង​ការ​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​រាប់​ឆ្នាំ​មក​ហើយ​នោះ រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ប៉ូលិស​​អន្តរជាតិ​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ថ្មី​ៗ​នេះ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ត្រូវ​បាន​ក្រុម​ប៉ូលិស​​ចាប់​ និង​ឃាត់​ខ្លួន​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ថា​មែន​ៗ​ ICC»។​

រូប​ភាព​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​​សរសេរ​ថា​ «ពួក​យើង​តាម​រក​តាំង​ពី​នៅ​ក្នុង​ព្រៃ​ម៉ាក​គី​ ទួល​ស្លែង​ ក​៥​ តាម​ជំរុំ​ទល់​ដែន​ រក​មិន​ឃើញ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​សារ​ព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​កន្លង​ទៅ​។​ គេហ​ទំព័រ​ដដែល​នេះ​ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ និង​បាន​បញ្ជាក់​​ជា​ភាសា​អង់​គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​បាន​គប់​ផាវ​ចូល​ទៅ​ក្នុង​​សេតវិ​មានកា​លពី​ថ្ងៃ​ច​ន្ទ​នេះ​»​។​

រូប​ភាព​ខាង​ក្រោម​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​ក្រុម​ប៉ូលិស​បាន​នាំ​ខ្លួន​បុរស​គប់​ផាវ​ចូល​ក្នុង​បរិវេណ​សេតវិមាន​នា​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ផង​ដែរ​។​

Daily Mail News Report | Archived Link

តាម​រយៈ​គេហ​ទំព័រ​សារព័ត៌មាន​ USA Today ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ពី​សំណាក់​ក្រុម​ប៉ូលិស​អាមេរិក​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​សារព័ត៌មាន​ខាង​លើ​ មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា​ «Man arrested for throwing firecrackers at White House»​​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «បុរស​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​គប់​ផាវ​នៅ​សេតវិមាន»។​

USA Today News Report | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហទំព័រ​ Buzz Feed News ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ចាប់​ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដូច​បាន​បង្ហោះ​ខាង​លើ​នោះ​ឡើយ​។​

គេហទំព័រ​នេះ​ បាន​បញ្ជាក់​ថា​ បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​​នៅ​ផ្លូវ Pennsylvania ខាង​ក្រៅ​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ ទី១៦​ ខែ​កញ្ញា ឆ្នាំ២០១៣​កន្លង​ទៅ​​ក្នុង​រដ្ឋ​ធានី​វ៉ា​ស៊ីន​តោន​។​

Buzz Feed News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​នឹង​ការ​អះ​អាង​ដូច​ដែល​រៀប​រាប់​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ រូបថតនេះ គឺជាការចាប់ខ្លួនបុរសម្នាក់ដែលបានគប់ផាវចូលទៅក្នុងបរិវេណសេតវិមាននារដ្ឋធានីវ៉ាស៊ីនតោន ដោយប៉ូលិសអាមេរិកកាលពីឆ្នាំ២០១៣​​ និង​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ចាប់​ខ្លួន​លោក​ ហ៊ុន​ សែន​ នោះ​ឡើយ​។​ 

Avatar

Title:តើ​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *