រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​អតីត​កាល​នោះ ត្រូវ​បាន​ចែក​រំលែក​ជារឿយៗ​នៅ​លើបណ្ដាញ​សង្គម​ដោយ​រូបថត​ខ្លះ​មិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់។ ថ្មីៗ​នេះ រូបថត​ក្បួន​រទេះ​គោ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា ជា​ទិដ្ឋភាព​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្បួន​រទេះ​គោ​​​ដ៏​វែង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជាក្បួន​រទេះ​គោ​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល ដែល​បរ​ទៅ​ធ្វើ​ប្រហុក​នៅ​ទន្លេ។

រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ផង​ដែរ ដោយ​ជឿ​ថា វា​ជា​រូបថត​មួយ​សន្លឹក​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជានា​អតីតកាល​។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «រូប​កាល​កន្លង​មក ខ្មែរ​យើង​ដល់​រដូវ​ទៅ​ទន្លេ​ធ្វើ​ប្រហុក»។

Facebook Post | Archived Link

ការអះអាង​ដដែល​ និង​រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ផ្សេង​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។

Facebook Post | Archived Link

រូបថត និង​ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ (archived)។

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ដោយ​សរសេរ​រៀបរាប់​ថា វា​ជា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ភូមិ Bharat នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​នេះ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​ជា​ភាសា​ភូមា​ចុះ​ផ្សាយ​ដោយ​គេហទំព័រ Myanmar Digital News កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លង​មក​នេះ។

អត្ថបទ​ព័ត៌មាន​មួយ​នេះ​ដែល​ត្រូវ​បាន​បក​ប្រែ​ដោយ Google Translate បាន​ឱ្យ​ដឹង​ថា ក្បួន​រទេះគោ​នេះ គឺ​ជា​ក្បួន​ដង្ហែរ​មួយ​​របស់​ក្រុម​បុព្វជិត​ចេញ​ពីភូមិ​ Min Hla Jin​នៅ​ក្នុង​តំបន់​ Minbu ឆ្ពោះ​ទៅ​កាន់​វត្ត Shwe Seda ដែល​មាន​ចម្ងាយ​ប្រហែល ១៣​ម៉ៃយ៍ ឬ​ប្រហែល ២០​គីឡូម៉ែត្រ។

ក្រៅ​ពី​រូបថត​មួយ​សន្លឹក​នេះ សារព័ត៌មាន​ភូមា​ក៏​បាន​ចុះ​ផ្សាយ​នូវ​រូបថត​ផ្សេង​ទៀត ដែល​បង្ហាញ​ក្បួន​រទេះ​គោរបស់​ក្រុម​អ្នក​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ភូមា​ផង​ដែរ។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ (archived)។

Myanmar Digital News| Archived Link

ព័ត៌មាន​និយាយ​ពី​ការ​ដង្ហែរ​បុព្វ​ជិត​តាម​រទេះ​គោ​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មា​ភូមា​មួយ​ទៀត​ជា​ភាសា​អង់គ្លេស​ផង​ដែរ ដោយ​បាន​ឱ្យ​ដឹង​ថា វា​គឺ​ជា​ការ​ថែ​រក្សា​ប្រពៃណី​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​ផង​ដែរ។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ (archived)។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដោយ​សារព័ត៌មាន Myanmar ITV នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ជា​ភាសា​អង់គ្លេស​កាល​ពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២​កន្លងមក។

Myanmar ITV

ជាង​នេះ​ទៅ​ទៀត សារព័ត៌មាន The Global New Light of Myanmar ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​យោធា​ភូមា ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​និយាយ​អំពី​ក្បួន​ដង្ហែរ​បុព្វជិត​តាម​រទេះ​គោ​នេះ​ផង​ដែរ។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ក្បួន​រទេះ​គោ​នេះ មិន​មែន​ជា​ក្បួន​រទេះ​គោ​របស់​ប្រជាជន​កម្ពុជា​កាល​ពី​អតីត​កាល​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ក្បួន​ដង្ហែរ​បុព្វជិត​ភូមា​តាម​រទេះ​គោ​​របស់​អ្នក​ស្រុក​នៅ​ក្នុង​តំបន់​មួយ​នៅ​ប្រទេស​ភូមា​កាល​ពី​ដើម​ឆ្នាំ​២០២២​កន្លង​មក។

Avatar

Title: រូបថត​នេះ​គឺ​ជា​ក្បួន​រទេះ​គោ​ដង្ហែរ​អ្នក​បួស​ពី​ភូមិ​មួយ​ទៅ​កាន់​វត្ត Shwe Seda នៅ​ភូមា

Written By: Jay Udom

Result: Misleading