Fact-Check: រូបថត​មួយ​សន្លឹក​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​ថា​ជា​សហគមន៍​បណ្ដែត​ទឹក​វៀតណាម​នៅ​កម្ពុជា

False Social

កាល​ពី​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០២១ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ទុក​ពេល ១​សប្ដាហ៍​ឱ្យ​រុះ​រើ​សំណង់​បណ្ដែត​ទឹក​នានា​នៅ​ក្នុង​ភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ ដែល​សំណង់​បណ្ដែត​ទឹក​ទាំង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​សហគមន៍​ជន​ជាតិ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ពេល​នោះ​មក សហគមន៍​បណ្ដែត​ទឹក​ជន​ជាតិ​វៀតណាម បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវបាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា វា​គឺ​ជា​សហគមន៍​បណ្ដែត​ទឹក​មួយ​របស់​ក្រុ​មជន​ជាតិវៀតណាម​ ដែល​កំពុង​រស់នៅ និង​ប្រកប​របរ​ការងារ​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​មួយ​សន្លឹក​នោះ មិន​មែន​ជា​សហគមន៍​បណ្ដែត​ទឹក​នៅ​កម្ពុជា​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​​នូវ​ទិដ្ឋភាព​នៃ​ការ​រស់​របស់​ប្រជាជន​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ។ អ្នក​ប្រើ​ហ្វេសប៊ុក​នេះ បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​រស់នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​បែប​នេះ បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​​តើ​គួរ​រក្សា​ទុក ឬ​ក៏​លុប​បំបាត់​ចោល​នូវ​ការ​រស់នៅ​បែប​នេះ។

ថ្វី​ត្បិត​សំណេរ​របស់​អ្នក​ប្រើ​​ហ្វេសប៊ុក​មួយ​​នេះ កត់​សម្គាល់​ដោយ​ចំៗ​ទៅ​ដល់​សហគមន៍​ជន​ជាតិ​វៀតណាម​ក្ដី ប៉ុន្តែ សំណេរ​នេះ​បាន​សំដៅ​ទៅ​សល់​សហគមន៍​ជន​ជាតិ​វៀតណាម​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​នៅ​កម្ពុជា។

រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក រៀបរាប់​ថា «ទេសភាព​ស្រស់​ស្អាត​យ៉ាង​ហ្នឹង តើ​បាន​ផល​ប្រយោជន៍​ ហើយ​ចំណេញ​អ្វី​ខ្លះ​ដល់​ពលរដ្ឋ​ខ្មែរ​យើង? តើ​យើង​គួរ​រក្សា​ទុក ឬ​ក៏​រំលាយ​ចោល​ទេសភាព​ទាំង​នេះ? ហើយ​នរណា​ជា​អ្នក​រំលាយ​បាន ខ្ញុំ​ចង់​ដឹង?»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​រូបថត​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ឈាន​ទៅ​ប្រទះ​ឃើញ​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​សហគមន៍​បណ្ដែត​ទឹក​មួយ​នេះ។

រូបថតបង្ហាញ​ពី​សហគមន៍​បណ្ដែត​ទឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​រូបថត Getty Images ដែល​រៀបរាប់​ថា រូបថត​នេះ​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​សហគមន៍​​ផ្សារ​បណ្ដែត​ទឹក​នេះ Cai Be និង Cai Rang ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម។

Gettyimages | Archived Link

ថ្វី​បើ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​ដូច​គ្នា​ទាំង​ស្រុង​មែន ប៉ុន្តែ វា​បាន​បង្ហាញ​នូវ​ចំណុច​ជាច្រើន​ដូច​គ្នា ដែល​អាច​ឱ្យ​យើង​ដឹង​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវបាន​ថត​នៅ​ឯ​សហគមន៍​ផ្សារ​បណ្ដែត​ទឹក​ Cai Rang ក្នុង​ប្រទេស​វៀតណាម។

ផ្សារ​បណ្ដែត​ទឹក Cai Rang ស្ថិត​នៅ​ក្នុង​ស្រុក Cai Rang ទីក្រុង​ Can Tho ដែល​ជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​បួន​របស់​វៀតណាម ឬ​ជា​ទីក្រុង​ធំ​បំផុត​នៅ​វៀតណាម​ភាគ​ខាង​ត្បូង។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​ជាមួយ​នឹង​សំណេរ​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ សហគមន៍​បណ្ដែត​ទឹក​នៅ​ក្នុង​រូបថត​នេះ មិន​មែន​ជា​សហគមន៍​ជន​ជាតិ​វៀតណាម​រស់​នៅ​កម្ពុជា​នោះ​ឡើយ។ សហគមន៍​បណ្ដែត​ទឹក​ក្នុង​រូបថត​នេះ គឺ​ជា​ផ្សារ​បណ្ដែត​ទឹក​ Cai Rang ស្ថិត​ក្នុង​​ទីក្រុង Can Tho ឬ​ខ្មែរ​ហៅ​ថា ទីក្រុង​ព្រែក​ឫស្សី នៅ​វៀតណាម​ខាង​ត្បូង​សព្វ​ថ្ងៃ។

Avatar

Title:រូបថត​មួយ​សន្លឹក​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​ថា​ជា​សហគមន៍​បណ្ដែត​ទឹក​វៀតណាម​នៅ​កម្ពុជា

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.