Fact-Check: រូបថត​តារា​សម្ដែង​ Michelle Yeoh ក្នុង​រឿង​ «The Lady» ត្រូវ​បាន​អះ​អាង​ថា​ជា​អ្នកស្រី អ៊ុងសាន ស៊ូជី

False International

ក្រោយ​ពី​ក្រុម​យោធា​ភូមា​បាន​ដណ្ដើម​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​ភូមា ត្រូវ​បាន​​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​នោះ​ គឺ​ជា​អ្នក​ស្រី អ៊ុងសាន ស៊ូជី ដែល​ប្រកប​ទៅ​ដោយ​ភាព​ក្លាហាន បាន​ឈរនៅ​ចំពោះ​មុខ​ចុង​កាំភ្លើង​របស់​ពួក​យោធា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត​នេះ បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​ពី​វីរភាព​របស់​អ្នក​ស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​ភូមា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ចាប់​ឃុំ​ខ្លួន​ពី​សំណាក់​ពួក​យោធា​ភូមា​ចាប់​តាំង​ពី​រដ្ឋប្រហារ​កាល​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ។ ក្រៅ​ពី​សំណេរ​ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​រូបថត​ស្ត្រី​ម្នាក់​ឈរ​នៅ​មុខ​កាណុង​កាំភ្លើង​កាន់​កាប់​ដោយ​ក្រុម​មនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក​យោធា។ រូបថត​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​អ្នកស្រី ស៊ូជី។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នេះ បាន​សរសេរ​អក្សរ​លើ​រូបថត «អូង សាន ស៊ូឃ្យី» និង​ឈ្មោះ​ជា​ភាសា​ឡាតាំង «Aung San Suu Kyi»។

Facebook Post | Archived Link

ភាពយន្ត The Lady

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​លើ​កម្មវិធី​ស្វែង​រក​រូបថត​របស់​ Google ដែល​នាំ​ឱ្យ​រក​ឃើញ​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

រូបថត​មួយ​សន្លឹក​នេះ​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​មាន​រូបរាង​ដូច​អ្នក​ស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​រក​ឃើញ​​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​នៃ​សារព័ត៌មាន​អង់គ្លេស The Guardian កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១២​កន្លង​មក។ បើ​តាមសារព័ត៌មាន​មួយ​នេះ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​យក​ចេញ​ពី​ខ្សែ​ភាពយន្ត «The Lady» ដែល​សម្ដែង​ដោយ​តារា​ភាពយន្ត​អន្តរជាតិ អ្នក​នាង Michelle Yeoh កាល​ពី​ឆ្នាំ​២០១១​កន្លងមក។

រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​ «The Lady – review» បាន​សរសេរ​ព័ត៌មាន​នៃ​រូបថត​នេះ​ថា «The Lady: a love story that shows exemplary courage» ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «The Lady: រឿង​រ៉ាវ​ស្នេហា​ដែល​បង្ហាញ​នូវ​គំរូ​វីរភាព»។

The Guardian’s report | Archived Link

ខ្សែ​ភាពយន្ត «The Lady» គឺ​ជា​ភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​តស៊ូ​នយោបាយ ជីវិត​ស្នេហា និង​គ្រួសារ​របស់​អ្នក​ស្រី អ៊ុងសាន ស៊ូជី ជ័យលាភី​ពាន​រង្វាន់​ណូប៊ែល​សន្តិភាព​ពិភព​លោក ដែល​ត្រូវ​បាន​ពួក​យោធា​ចាប់​ដាក់​ខ្លួន​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំង។

ភាពយន្ត​មួយ​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​​ផលិតករ​​បារាំង លោក Luc Besson កាល​ពី​ឆ្នាំ​២០១១ ហើយ​សម្ដែង​​តារា​ភាព​យន្ត​ហុងកុង​ដើម​កំណើត​ម៉ាឡេស៊ី អ្នកស្រី Michelle Yeoh ដែល​ដើរ​ជា​អ្នកស្រី អ៊ុងសាន ស៊ូជី។ ចំណែក​លោក David Thewlis ដែល​ជា​តារាភាព​យន្ត អ្នក​និពន្ធ ផលិតករ និង​ជា​អ្នក​សរសេរ​រឿង​សញ្ជាតិ​អង់គ្លេស​នោះ បាន​ដើរ​តួជា​​លោក Michael Arris ដែល​ជា​ស្វាមី​របស់​អ្នកស្រី អង់សាន ស៊ូជី។

Imdb.com | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ស្ត្រី​នៅ​ក្នុង​រូបថត​នេះ មិន​មែន​ជា​អ្នក​ស្រី អ៊ុងសាន ស៊ូជី នោះ​ឡើយ។ ​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​យក​ចេញ​ពី​ខ្សែ​ភាព​យន្ត «The Lady» ហើយ​ស្ត្រី​នៅ​ក្នុង​រូបថត​នេះ គឺ​ជា​តារា​សម្ដែង​ភាពយន្ត​អន្តរជាតិ អ្នកស្រី Michelle Yeoh ដែល​បាន​ដើរ​តួ​ជា​អ្នកស្រី អ៊ុងសាន ស៊ូជី។

Avatar

Title:រូបថត​ារា​សម្ដែង​ Michelle Yeoh ក្នុង​រឿង​ «The Lady» ត្រូវ​បាន​អះ​អាង​ថា​ជា​អ្នកស្រី អ៊ុងសាន ស៊ូជី

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *