
រូបថតចាស់ៗជាច្រើន ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ ហើយរូបថតខ្លះបង្ហាញទិដ្ឋភាពសង្គមកម្ពុជាកាលពី ៥០ឆ្នាំមុន ឬនៅមុនសម័យសង្គ្រាមចន្លោះ១៩៧០ ដល់ឆ្នាំ១៩៩០ជាដើម។ ក្នុងចំណោមរូបថតចាស់ៗទាំងនោះ រូបថតមួយសន្លឹកបង្ហាញនារី៥នាក់ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយអ្នកបង្ហោះរូបថតនេះ បានអះអាងថា រូបថតនេះ គឺជាស្ត្រីខ្មែរស្ថិតក្នុងឈុតសម្លៀកបំពាក់នាទសវត្សរ៍១៩៦០។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បង្ហាញថា ការអះអាងអំពីរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតស្ត្រី ៥នាក់ដែលស្លៀកពាក់សំពត់ និងកាន់កាបូប និងវ៉ាលីសផងដែរ។ អ្នកប្រើហ្វេសប៊ុកដដែលនេះ បានអះអាងថា ស្ត្រីទាំង៥នាក់នោះ គឺជាស្ត្រីខ្មែរស្ថិតក្នុងសម្លៀកបំពាក់ជំនាន់ទសវត្សរ៍១៩៦០។
រូបថតជាមួយនឹងការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅរាប់ពាន់ដង និងមានការបញ្ចេញប្រតិកម្ម និងមតិយោបល់ចម្រុះបែបផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍ជាមួយនឹងសំណេរថា «ស្ត្រីខ្មែរឆ្នាំ១៩៦០ ស្អាតហើយសុភាពទៀតហ៊ានស៊ែរទេនិងបងប្អូនស្រីៗ »។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈកម្មវិធីស្វែងរករូបថតរបស់ Google ដែលបាននាំទៅដល់ប្រភពរូបថត និងព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកនេះ។
រូបថតនេះ ត្រូវបានប្រទះឃើញចុះផ្សាយជាមួយអត្ថបទព័ត៌មានរបស់សារព័ត៌មាន Gem Pak របស់ប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២០កន្លងមក។
សារព័ត៌មាននេះ បាននិយាយថា រូបថតមួយសន្លឹកនេះ បានល្បីល្បាញនៅលើបណ្ដាញសង្គម បន្ទាប់ពីត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីឆ្នាំមុន។
សារព័ត៌មាននេះក៏បានសម្ភាសអ្នកស្រី Zainoriah Abdul Rahim អាយុ ៧៩ឆ្នាំ ជានារីម្នាក់កាន់វ៉ាលីនៅក្នុងចំណោមនារី ៤នាក់ទៀតនៅក្នុងរូបថតមួយសន្លឹកនេះកាលពី ៦០ឆ្នាំមុន។
អ្នកស្រី Zainoriah Abdul Rahim បានរំលឹកឡើងវិញថា អ្នកស្រីកាលនោះមានវ័យ ១៩ឆ្នាំ បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យម៉ាឡេម៉ាឡាកាជាមួយនារីអាយុស្របាលគ្នាដទៃទៀត។
អ្នកស្រីបានឱ្យដឹងទៀតថា រូបថតនេះត្រូវបានថតដោយអ្នកថតរូបសារព័ត៌មានក្នុងស្រុកមួយ នៅពេលអ្នកស្រី និងនារីៗជាមិត្តភក្តិដទៃទៀត បានឈររង់ចាំរថយន្តក្រុងនៅឯទីក្រុងគួឡាឡំពួរ សម្រាប់ការឈប់សម្រាកថ្ងៃបុណ្យ Hajj ទៅតាមប្រពៃណីមូស្លីម។ អ្នកស្រីបញ្ជាក់ថា រូបថតនេះត្រូវបានចុះផ្សាយលើទំព័រកាសែតនៅព្រឹកថ្ងៃបន្ទាប់។
អ្នកស្រី Zainoriah Abdul Rahim បានដឹងទៀតថា យុវតីទសវត្សរ៍១៩៦០ ស្លៀកសំពត់កេបាយ៉ា (Kebaya) ទៅសាលារៀន ដោយមិនមានបញ្ហាអ្វីនោះឡើយ។
Gem Pak’s report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនបានបង្ហាញទិដ្ឋភាពណាមួយនៃស្ត្រីខ្មែរនៅក្នុងទសវត្សរ៍១៩៦០នោះឡើយ។ រូបថតមួយសន្លឹកនេះ បង្ហាញក្រុមយុវតីម៉ាឡេស៊ីដែលជានិស្សិតនៅមហាវិទ្យាល័យមួយបណ្ដុះបណ្ដាលផ្នែកគរុកោសល្យ ឈររង់ចាំរថយន្តក្រុងនៅទីក្រុងគួឡាឡំពួរកាលពី ៦០ឆ្នាំមុន នៅពេលឈប់សម្រាក។

Title:រូបថតបង្ហាញស្ត្រីប្រាំនាក់ស្លៀកសំពត់គឺជាគរុនិស្សិតម៉ាឡេស៊ីនៅទសវត្សរ៍១៩៦០
Fact Check By: Jay UdomResult: False