Fact-Check: បុរស​ឥណ្ឌូនេស៊ី​ម្នាក់​​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ប៉ោយប៉ែត មាន​សុខភាព​ល្អ​ធម្មតា

COVID-19 Misleading

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​កន្លង​មក​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៥១១​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុងនោះ ៤​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​​ឯ​ក្រុង​ប៉ោយប៉ែត​ ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង ៤​ករណី​នៅ​ក្រុង​ប៉ោយប៉ែត​នោះ ត្រូវ​បាន​រក​ឃើញ​​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី ២​នាក់ និង​ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ី ២​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក។

មួយ​ថ្ងៃ​បន្ទាប់​មក អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ បាន​ចាត់​ទុក​ក្រុម​ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំងនោះ​ថា ជា​ប្រភព​ចម្លង​មេរោគ​កូវីដ-១៩​នៅ​ទីក្រុង​ជាប់​ព្រំដែន​មួយ​នេះ ហើយ​អះ​អាង​ថា បុរស​ម្នាក់​ក្នុង​ចំណោម​ជន​ជាតិ​ឥណ្ឌូនេស៊ី​ទាំង ៤​នាក់​នោះ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​មេរោគ​កូវីដ​-១៩ បាន​វាយ​ប្រហារ​សួតរបស់​គាត់​ធ្ងន់​ធ្ងរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ នឹង​បង្ហាញ​ថា ការ​អះ​អាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​បុរស​ម្នាក់ និង​រូបថត​សន្លឹក​ហ្វីល​ស្កេន​សួត​មួយ​ផ្ទាំង ដោយ​អះ​អាង​ថា បុរស​ក្នុង​រូបថត​នោះ បាន​ទទួល​មរណភាព​ហើយ។ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ អះអាង​ថា បុរស​ក្នុង​រូបថត​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ផ្កា​ចម្រុះ​នោះ គឺ​ជា​ប្រភព​នៃ​ការ​ចម្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ទីប្រជុំ​ជន​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

ការ​អះ​អាង​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​រាប់​រយ​ដង ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​គ្រុប​ផ្សេង​លើ​បណ្ដាញ​សង្គម​ដែល​មាន​សមាជិក​រាប់​រយ​ពាន់​នាក់ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​ថា «បិតា ២៣ មេសា ឆ្នាំ​២០២១ ក្រុង​ប៉ោយប៉ែត អស់​សួង​ហើយ គាត់​បាន​មរណៈភាព។ បញ្ជាក់ គាត់​អ្នក​កើត​មុន​គេ​ទាំង​អស់​ក្រុង​ប៉ោយប៉ែត»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ និង​ស្វែង​រក​ការ​បក​ស្រាយ​ពី​អ្នក​បង្ហោះ​ការ​អ​ះ​អាង​បែប​នេះ។

តាម​រយៈ​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ យើង​បាន​ជួប​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ដែល​និយាយ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ ជា​ព័ត៌មាន​មិន​ពិត។

រដ្ឋបាល​ក្រុង​ប៉ោយប៉ែត អះអាង​ថា ជន​ជាតិ​ឥណ្ឌូនេស៊ី លោក ជូហាន សូសាន់តូ ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ មាន​សុខភាព​ល្អ​ប្រសើរ​ធម្មតា និង​បន្ត​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១។

Facebook Post | Archived Link

រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ក៏​បាន​ស្នើ​ទៅ​សមត្ថកិច្ច​ឱ្យ​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ប្រើ​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​ព័ត៌មាន​នេះ​ផង​ដែរ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ ដែល​បាន​ឈរ​នៅក្នុង​បរិវេណ​នៃ​អធិកដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត។

ក្នុង​វីដេអូ​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ ​​បុរស​រូប​នោះ បាន​ទទួល​ស្គាល់​ថា លោក​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​ព័ត៌មាន​ដូច​រៀប​រាប់​ខាង​លើង ហើយ​លោក​​បាន​ស្នើ​សុំ​ការ​អធ្យាស្រ័យ​ពី​​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ព័ត៌មាន​ដោយ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ដែលនាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។

Facebook Post | Archived Link

ចំណែក​ឯ​អ្នក​ប្រើ​ហ្វេសប៊ុក បាន​បង្ហាញ​រូបថត​២​សន្លឹក​​ ដែល​បង្ហាញ​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​​អង្គុយ​នៅ​លើ​គ្រែ​ និង​កឈរ​នៅ​ជិត​គ្រែ​មួយ​នៅ​ក្នុង​បន្ទប់​មួយ។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ដូច​រៀប​រាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ បញ្ជាក់​ថា បុរស​ឥណ្ឌូនេស៊ី​មាន​សុខភាព​ល្អ​ធម្មតា និង​កំពុង​ស្ថិតក្រោម​ការ​ព្យាបាល​ជំងឺ​កូវីដ-១៩​នៅ​ឯ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២១។ Fact Crescendo Cambodia នឹង​បន្ត​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សុខភាព​របស់​បុរស​ឥណ្ឌូនេស៊ី​នេះ​បន្ថែម​ទៀត។

Avatar

Title:បុរស​ឥណ្ឌនេស៊ី​ម្នាក់​​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ប៉ោយប៉ែត មាន​សុខភាព​ល្អ​ធម្មតា

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.