រូបថតព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមត្រូវបានបង្ហោះជាមួយសំណេរនាំឱ្យយល់ច្រឡំ
ខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME)លើកទី៣២នោះ រូបថតមួយសន្លឹកដែលបង្ហាញនារីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម កាន់ស្លាកកម្ពុជានោះ និងដើរមុខក្រុមអត្តពលិកកម្ពុជានោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាពិធីបើកព្រឹត្តិការណ៍នេះនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ការបង្ហោះខ្លឹមសារជាមួយរូបថតនេះ ទទួលបានការចែករំលែកបន្តយ៉ាងច្រើន។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះជាមួយខ្លឹមសារមិនត្រឹមត្រូវ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីម្នាក់ស្លៀកពាក់ឈុតសម្លៀកបំពាក់វៀតណាមកាន់ស្លាកអក្សរ«Cambodia»ដើរមុខក្រុមអត្តពលិកកម្ពុជានោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញនេះ។
អ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានបង្ហោះរូបថតមួយសន្លឹកនេះ បានរៀបរាប់ក្នុងន័យថា នារីក្នុងរូបថតនេះ ត្រូវបានមេដឹកនាំកម្ពុជាតម្រូវឱ្យស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីវៀតណាមនៅក្នុងពិធីបង្ហាញក្រុមអត្តពលិកកម្ពុជានៅថ្ងៃបើកព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី៣២ នៅកម្ពុជា។
រូបថតជាមួយនឹងសំណេរបែបនេះ ទទួលបានការចែករំលែកយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមជាមួយការបញ្ចេញមតិចម្រុះបែប ដោយបង្ហាញការយល់ស្របទៅនឹងខ្លឹមសារនៃការបង្ហោះនេះផងដែរ។
សំណេររបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនេះ បានកែប្រែវិញនៅរសៀលថ្ងៃនេះ ដោយនៅសល់ត្រឹមសំណេរថា «ឈាមខ្មែរអ្នកជាតិនិយម… ហួសចិត្ត»។
ទោះបីជាមានការកែប្រែខ្លឹមសារក៏ដោយ យើងនៅតែរកឃើញសំណេរដើមរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីសំណើរដើមរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានសរសេររៀបរាប់ថា «ឈាមខ្មែរអ្នកជាតិនិយម! តើខ្មែរខ្វះសម្លៀកបំពាក់របស់ខ្មែរណាស់ទៅឬបានជាក្រុមអាអ្នកដឹកនាំទាំងនោះថោកអីក៏ថោកម៉្លេះ អាថោក? …… ហួសចិត្ត»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតមួយសន្លឹកនេះ ត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយបរទេសផងដែរនៅក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។
នៅក្នុងសេចក្ដីរាយការណ៍មួយដែលផ្សាយដោយគេហទំព័រព័ត៌មាន Yahoo កាលពី ៣ថ្ងៃមុននោះ យើងរកឃើញរូបថតពេញលេញ ដែលត្រូវបានគេកាត់ចេញមួយផ្នែកយកទៅបង្ហោះនៅលើបណ្ដាញសង្គម។
បើតាមគេហទំព័រព័ត៌មាន Yahoo ដដែលនេះ យើងដឹងថា រូបថតនេះផលិតឡើងដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ហើយត្រូវបានផ្សាយបន្តដោយសារព័ត៌មានជាច្រើន ប៉ុន្តែ ខ្លឹមសារនៃរូបថតមួយសន្លឹកនេះ មិនត្រូវបានបញ្ជាក់ឱ្យលម្អិតនោះឡើយ។
យើងក៏បានរកឃើញខ្លឹមសារនៃរូបថតនេះនៅលើគេហទំព័រ Getty Images ផងដែរ ដែលបញ្ជាក់ថា ក្រុមកីឡាករកម្ពុជាកាន់ទង់ជាតិ និងមាននារីម្នាក់ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីវៀតណាមកាន់ស្លាក«Cambodia»នៅខាងមុខក្រុមអត្តពលិកកម្ពុជានៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣១ ដែលរៀបចំធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងមកនេះ។
ក្រៅពីរូបថត យើងក៏បានរកឃើញផងដែរនូវវីដេអូនៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣១ ដែលធ្វើឡើងនៅប្រទេសវៀតណាមកាលពីឆ្នាំមុន ហើយវីដេអូនោះបង្ហាញក្រុមអត្តពលិកកម្ពុជាដើរពីក្រោយនារីម្នាក់ ដែលស្លៀកសម្លៀកបំពាក់ប្រពៃណីវៀតណាម និងកាន់ស្លាក«CAMBODIA»។
វីដេអូនេះ បង្ហាញឱ្យឃើញផងដែរថា ក្រុមអត្តពលិករបស់ប្រទេសដទៃទៀត ក៏នាំមុខដោយនារីម្នាក់ស្លៀកសម្លៀកបំពាក់ប្រពៃណីវៀតណាមនៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣១ នៅប្រទេសវៀតណាមផងដែរ។
តើនារីកាន់ស្លាកប្រទេសនាំមុខក្រុមអត្តពលិកស្លៀកពាក់បែបណា?
Fact Crescendo Cambodia បានពិនិត្យមើលឡើងវិញនូវវីដេអូននៃពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME ធ្វើឡើងនៅប្រទេសដទៃទៀតក្នុងតំបន់ ហើយយើងបានរកឃើញថា ក្រុមអត្តពលិករបស់ប្រទេសមួយ ត្រូវបាននាំមុខដោយនារី ឬស្ត្រីម្នាក់ ដែលស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសម្ចាស់ផ្ទះ។
ខាងក្រោមនេះ គឺជាវីដេអូនៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី២៨ ដែលត្រូវបានរៀបចំធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥កន្លងមក។
ខាងក្រោមនេះ គឺជាវីដេអូនៃពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី២៩ ដែលត្រូវបានរៀបចំធ្វើឡើងនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧កន្លងមក។
ខាងក្រោមនេះ គឺជាវីដេអូនៃពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី៣២ ដែលត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ហើយក៏បង្ហាញឱ្យនារីកាន់ស្លាកប្រទេសនាំមុខក្រុមអត្តពលិករបស់ប្រទេសនីមួយៗផងដែរ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកដែលបង្ហាញនារីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម និងកាន់ស្លាក«CAMBODIA»នៅមុខក្រុមអត្តពលិកកម្ពុជានោះ មិនមែនជារូបថតនៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ ដែលកម្ពុជាកំពុងរៀបចំនោះឡើយ។ រូបថតមួយសន្លឹកនេះ គឺជាកម្មវិធីស្វាគមន៍ក្រុមអត្តពលិកកម្ពុជានៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣១ ដែលធ្វើឡើងនៅប្រទេសវៀតណាមកាលពីឆ្នាំ២០២២កន្លងមក។
Title: រូបថតព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមត្រូវបានបង្ហោះជាមួយសំណេរនាំឱ្យយល់ច្រឡំ
Fact Check By: Jay UdomResult: False