វីដេអូ​រលក​បោក​បក់​កំពង់​ផែ​មួយ​កាល​ពី​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា​ជា​ទឹក​ជំនន់​​នៅ​កូរ៉េ​ឆ្នាំ​នេះ

International Misleading

ស្រប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្កជា​ទឹក​ជន់លិច​តំបន់​ជាច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជន់​លិច​នៅ​កំពង់​ផែ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ គឺ​ជា​ទិដ្ឋភាព​ទឹក​លិច​នៅ​ប្រទេស​កូរ៉េ​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ដង​ផង​ដែរ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការអះអាងលើបណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុកមួយ​​ឈ្មោះ​ថា White House News បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដោយ​បង្ហាញ​ទិដ្ឋភាព​ទឹក​រលក​​ជន់​លិច​កំពង់​ផែ​មួយ​កន្លែង​។​

ទំព័រ​ហ្វេស​ប៊ុក​នេះ​ បាន​អះ​អាង​ជា​សំឡេង​នៅ​ក្នុង​វីដេអូ​ថា​ គឺ​ជា​ទិដ្ឋភាព​ព្យុះ​ និង​ទឹក​ជន់​លិច​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ការ​បង្ហោះ​វីដេអូ​ដោយ​ភ្ជាប់​នឹង​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «ព្យុះ​ និង​ទឹក​លិច​នៅ​កូរ៉េ​»។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​សារព័ត៌មាន​កូរ៉េ​​ SBS កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ​។​

សារ​ព័ត៌មាន​មួយ​នេះ​ បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ជា​ភាសា​កូរ៉េ​ ឬ​ប្រែ​សម្រួល​តាម​រយៈ​កម្មវិធី​ Google Translate ដោយ​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា​​ ទិដ្ឋភាព​ព្យុះ​រលក​វាយ​ប្រហារ​កំពង់​ផែ​មួយ​នេះ​ គឺ​បាន​​កើត​ឡើង​នៅ​កំពង់​ផែ​ Samcheok Imwon (ឬ​ជា​ភាសា​កូរ៉េៈ​ 삼척 임원항)​ ​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ គឺ​ទិដ្ឋភាព​នៃ​ព្យុះ​រលក​វាយ​ប្រហារ​កំពង់​ផែ​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​រាយ​ការណ៍​ដោយ​សារព័ត៌មាន​ SBS កាល​ពី​២​ឆ្នាំ​មុន​។​

SBS News Report | Archived Link

ទិដ្ឋភាព​នៃ​ទឹក​ជន់​លិច​នៅ​កំពង់​ផែ​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ​ ដែល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការអះ​អាង​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

YouTube Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ វីដេអូ​មួយ​នេះ​ មិន​​មែន​​ជា​ទិដ្ឋភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​នេះ​ឡើយ។ វា​គឺ​ជា​ទិដ្ឋភាព​ព្យុះ​រលក​ដែល​បាន​កើត​ឡើង​នៅ​កំពង់​ផែ​ Samcheok Imwon (ឬ​ជា​ភាសា​កូរ៉េៈ​ 삼척 임원항)​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០​មក​ម្ល៉េះ​។​

Avatar

Title:វីដេអូ​រលក​បោក​បក់​កំពង់​ផែ​មួយ​កាល​ពី​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា​ជា​ទឹក​ជំនន់​​នៅ​កូរ៉េ​ឆ្នាំ​នេះ

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *