តើ​នេះពិត​​ជា​ទិដ្ឋភាព​ជន​រង​គ្រោះ​ថ្នាក់​ដោយសារ​ការ​បង្ហោះ​ម៉ូតូ​មែន​ដែរ​ឬ​ទេ​?

Satire Social

ការ​មិន​គោរព​ច្បាប់ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ បាន​បង្ក​ជា​​មូលហេតុនាំ​ឲ្យ​មាន​ការក​កស្ទះ​ គ្រោះថ្នាក់​ជាយថា​ហេតុ​ និង​អំពើហិ​ង្សា​នានា​​ជាច្រើន​។​ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​បង្ហាញ​ក្មេង​សិស្ស​សាលា​ ២នាក់​ បាន​ជិះ​ម៉ូតូ​បង្ហោះ​ ភ្ជាប់​ជាមួយ​នឹង​រូប​ថត​មនុស្ស​២នាក់​ស្ថិត​នៅ​ក្នុង​មឈូស​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ ការ​បង្ហោះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០២​​ ខែ​ធ្នូ​ ឆ្នាំ​២០២២​​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីបនៃ​ការបង្ហោះ​ម៉ូតូ​ពី​សំណាក់​ក្មេង​សិស្ស​សាលា​២​នាក់​​ រួម​ជាមួយ​នឹង​រូប​ថត​ចំនួន​២​សន្លឹក​ ដែល​ក្នុង​នោះ​បង្ហាញ​ទិដ្ឋភាព​​មនុស្ស​២នាក់​ស្ថិត​នៅ​ក្នុង​ក្ដារ​​មាន​​សណ្ឋា​ន​ជា​ហឹប​ សម្រាប់​​ដាក់​​សព​មនុស្ស​។​ រូប​ថត​ និង​វីដេអូ​ឃ្លីប​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ពិត​ជាទំពាំងស្នងឫស្សីគួរឱ្យគោរព​​»​។​

ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​​​គ្មា​នភា​ពជោ​គជ័យ​ណា​មួយ​កើត​ឡើង​ដោយគ្មានការលះបង់​ និង​ដោយគ្មាន​ការ​ធ្វើពលិកម្មនោះទេ​ ពិត​ជាទំពាំងស្នងឫស្សីគួរឱ្យគោរព​ និង​កោត​សរសើរ​ណាស់​»​។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បង្ហោះ​ម៉ូតូ​ពី​សំណាក់​ក្មេង​សិស្ស​សាលា​។​

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ទីភ្នាក់​ងារ​សារព័ត៌មាន​ Reuters ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២១​កន្លង​ទៅ​ បាន​បង្ហាញ​ទិដ្ឋភាពរូប​ថត​​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​រូប​ថត​ភ្ជាប់​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​។​ គេហទំព័រ​ដដែល​​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ជា​​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​អត្ថន័យ​ថា​ «​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃការ​ប្រារព្ធ​​ពិធី​លើក​រាសី​ និង​រំដោះ​គ្រោះមួយ​​របស់​ប្រជាជន​ថៃ​»។​

រូប​ថត​ខាង​ក្រោម​នេះ​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​មួយ​ទៀត​នៃការ​ធ្វើ​​ពិធី​លើក​រាសី​នៅ​ក្នុង​វត្ត​មួយ​ នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២១​កន្លង​ទៅ​។​

Reuters Link | Archived Link

វីដេអូ​ឃ្លីបមួយ​​ដែល​មាន​ទម្រង់​​ និង​ភិនភាគ​ដូច​គ្នា​ទៅ​នឹង​រូប​ថត​នៃ​ការ​ដួល​របស់​ក្មេង​សិស្ស​សាលា​២​នាក់​បាន​ដួល​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​បង្ហាញ​ទិដ្ឋភាព​ការ​បង្ហោះ​ម៉ូតូ​ និង​ការ​ដួល​របស់​សិស្សសាលា​២​នាក់​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ ភ្ជាប់​នឹង​​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ពិធី​លើក​រាសី​ និង​រំដោះ​គ្រោះមួយ​​របស់​ប្រជាជន​ថៃ​ ដែល​នេះ​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បង្ហោះ​ម៉ូតូ​នោះ​ឡើយ​។​

Avatar

Title:តើ​នេះពិត​​ជា​ទិដ្ឋភាព​ជន​រង​គ្រោះ​ថ្នាក់​ដោយសារ​ការ​បង្ហោះ​ម៉ូតូ​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Satire

Leave a Reply

Your email address will not be published. Required fields are marked *