Fact Check: តើ​លោក​យាយ​ បាបា វេនហ្គា​ ​អង្គ​ុយ​នៅ​ចន្លោះ​មេដឹក​នាំ​ពិភពលោក​មែន​​ឬ​ទេ​?

Altered Political

គិត​មក​ត្រឹម​ថ្ងៃ​នេះ​ ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឈាន​ដល់​ ៧៧៩​នាក់​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​អំពី​ការ​ទប់​ស្កាត់​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល។​​

ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​មេ​ដឹកនាំ​ពិភព​លោក​​អង្គុយជុំវិញ​ និង​សាក​សួរ​លោក​យាយ​ បាបា​ វេន​ហ្គា​ អំពី​​វិធាន​ការ​ ឬ​វិធី​ទប់​ស្កាត់​នៃ​ជំងី​ឆ្លង​កូវីដ​១៩​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែលបាន​បង្ហាញ​​​លោក​យាយ​ បាបា​ វេន​ហ្គា​។​ លោក​យាយ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​ទស្សន៍​ទាយ​ និង​ព្យាករនូវ​ព្រឹត្តិការណ៍​នានា​យ៉ាង​ល្បី​ឈ្មោះ​មួយ​រូប​។​ 

រូប​ថត​ដដែល​នេះ​​ បាន​បង្ហាញ​រ​លោក​យាយ​ កំពុង​តែ​អង្គុយ​ក្បែរ​ និង​នៅ​ចន្លោះ​មេ​ដឹក​នាំ​ពិភពលោក​ ដូច​ជា​ លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ អ៊ែនជឺឡា មឺហ្គែល អធិការ​បតី​អាល្លឺម៉ង់​​ជាដើម​។​

រូប​ថត​ជាមួយ​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បង្ហាញ​រូប​របស់​លោក​យាយ​ បាបា វេនហ្គា អង្គុយ​នៅ​ចន្លោះ​មេដឹក​នាំ​ពិភពលោក​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ដែល​មាន​ទម្រង់​ និង​ភិនភាគ​ដូច​គ្នា​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងគេហទំព័រ​សារព័ត៌មាន​ The Indian Express​ ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មេសា​ ឆ្នាំ​២០១៧​។​ នៅ​ក្នុង​សេចក្តី​រាយការណ៍​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ រូប​ថត​របស់​មេដឹក​នាំ​នៅ​ក្នុង​ជំនួប​ប្រជុំ​កំពូល​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​កាត់​ត​ និង​កៃ​ច្នៃ​ជា​ច្រើន​។​

រូប​ភាព​ផ្តាម​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់​គ្លេស​ថា​ «G20 Summit: Indian Twitterati are busy captioning this FAKE photo, but it’s still hilarious» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «កិច្ច​ប្រជុំ​កំពូល​ G20៖ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Twitter នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ កំពុង​មមាញឹក​ក្នុង​ការ​ដាក់​រូបថត​ក្លែង​ក្លាយ​​ ប៉ុន្តែ​វា​នៅ​តែ​គួរ​ឲ្យ​ចង់​សើច​​»។​

The Indian Express’s Report | Archived Link

តាម​រយៈ​គេហទំព័រ​សារ​ព័ត៌​មាន​អន្តរ​ជាតិ​មួយ​ផ្សេងទៀត​ ក៏​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​អំពី​ ជំនួប​ប្រជុំ​កំពូល​បណ្តា​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ទាំង​២០ផង​ដែរ​ កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លងមក​ ដោយ​មាន​ភិន​ភាគ​រូប​ថត​ និង​ទិដ្ឋ​ភាព​ដូច​គ្នា​ទាំង​ស្រុង​ ដែល​ពុំ​បាន​បង្ហាញ​រូប​របស់​លោក​យាយ​ បាបា​ វេន​ហ្គា​​នោះ​ឡើយ​។

រូប​ភាព​ផ្តាម​ចេញ​ពី​សារព័ត៌មាន​ The Washington Post ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «The scene during the G20 summit in Hamburg» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​កំពូល​ G20 នៅ​ទីក្រុង​ហាំប៊ឺក​​»។​

The Washington Post’s Report | Archived Link

Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ប្រភព​ដើម​នៃ​រូប​ថត​ខាង​លើ​នេះ​ផង​ដែរ​​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោទស្សន៍​ដ៏​ធំ​មួយ។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការ​ជជែក​គ្នា​រវាង​មេ​ដឹក​នាំ​របស់​ក្រុម​​ប្រទេស​អភិវឌ្ឍន៍​ទាំង​២០ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​។​

Getty Image | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ពិត​ រូប​ថត​មួយ​សន្លឹក​នេះ​ មិន​មាន​វត្តមាន​របស់​លោក​យាយ បាបា​ វេន​ហ្គា​​ នោះ​ឡើយ។ រូបថត​ដើម បង្ហាញ​មេដឹកនាំ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ​ជួប​ជុំ​គ្នា​ក្នុង​ជំនួប​កំពូល G20 ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ​២០១៧។

Avatar

Title:តើ​លោក​យាយ​ បាបា វេនហ្គា​ ​អង្គ​ុយ​នៅ​ចន្លោះ​មេដឹក​នាំ​ពិភពលោក​មែន​​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.