
ការឈ្លានពានរបស់រុស្ស៊ីចូលទឹកដីអ៊ុយក្រែន បានកើតឡើងអស់រយៈពេល ៣ថ្ងៃហើយ ដែលនាំឱ្យវិបត្តិអ៊ុយក្រែន-រុស្ស៊ីនេះ ត្រូវបានជជែក និងចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម។ ក្នុងនោះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយអះអាងថា សពទាហានរុស្ស៊ី ត្រូវបានទាហានអ៊ុយក្រែនសម្លាប់នៅក្នុងពេលជួបប្រយុទ្ធគ្នានៅតាមផ្លូវមួយ។ រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើន រួមមានទាំងការបញ្ចេញមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថត ៣សន្លឹកនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ ដែលបង្ហាញសាកសពត្រូវបានគ្របដោយថង់ប្លាស្ទីក ហើយត្រូវបានតម្រៀបគ្នានៅលើដី និងគ្រឿងចក្ររងការខូចខាត។
អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា ទាហានអ៊ុយក្រែនបានសម្លាប់ទាហានរុស្ស៊ីដល់ទៅ ៣,៥០០នាក់ហើយអំឡុងពេលជួបប្រយុទ្ធគ្នាតាមដងផ្លូវ។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងការអះអាងនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលសរសេររៀបរាប់ថា «Update អ៊ុយក្រែនបានសម្លាប់ទាហានរុស្ស៊ីចំនួន ៣៥០០នាក់អំឡុងពេលប្រយុទ្ធគ្នានៅតាមដងផ្លូវ។ ប្រភព៖ Daily Mail»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងខាងលើនេះតាមរយៈGoogle Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយនៃសារព័ត៌មាន The Sydney Morning Herald កាលពីជិត ៧ឆ្នាំមុន។
នៅក្រោមរូបថតនៅក្នុងអត្ថបទរបស់ខ្លួន សារព័ត៌មានអូស្ត្រាលីមួយនេះ បានសរសេរថា សពនៃអ្នកដំណើរតាមជើងហោះហើរ MH17 ត្រូវបានគេវេចខ្ចប់ដាក់ក្នុងថង់ប្លាស្ទីក និងដាក់តម្រៀបគ្នានៅលើផ្លូវមួយ ស្ថិតនៅជិតទីតាំងដែលយន្តហោះនេះបានធ្លាក់។ សារព័ត៌មានមួយនេះ បញ្ជាក់ថា រូបថតនេះទទួលបានពីទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអត្ថបទសារព័ត៌មាន The Sydney Morning Herald ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។

THE SYDNEY MORNING HERALD | ARCHIVED
យើងក៏បានរកឃើញរូបថតមួយសន្លឹកនេះនៅក្នុងឃ្លាំងរូបថតរបស់ទីភ្នាក់ងារព័ត៌មាន Reuters ផងដែរ ដែលសរសេររៀបរាប់ថា សមាជិកនៃក្រសួងសង្គ្រោះបន្ទាន់អ៊ុយក្រែន ប្រមូល និងរៀបចំសាកសពកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ នៅទីតាំងដែលយន្តហោះម៉ាឡេស៊ី MH17 បានធ្លាក់នៅជិតភូមិ Hrabove នៅក្នុងតំបន់ Donetsk។

យន្តហោះជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលផ្ទុកមនុស្ស ២៩៨នាក់ ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤កន្លងមក នៅតំបន់កាន់កាប់ដោយពួកបះបោរស្និទ្ធនឹងរុស្ស៊ី ស្ថិតភាគខាងកើតប្រទេសអ៊ុយក្រែន។
អ្នកដំណើរទាំងអស់សរុប ២៨៣នាក់ និងបុគ្គលិកបម្រើការលើយន្តហោះនោះទាំង ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍មហន្តរាយនេះ។
លទ្ធផលនៃការស៊ើបអង្កេតរួមមួយ បានសន្និដ្ឋានថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីល ដែលត្រូវបានបាញ់ចេញពីតំបន់កាន់កាប់ដោយពួកឧទ្ទាមគាំទ្រដោយរុស្ស៊ី ខណៈដែលយន្តហោះនោះ ស្ថិតលើផ្លូវហោះហើរពីទីក្រុងអាំស្ទែដាម ប្រទេសហូឡង់ ឆ្ពោះទៅកាន់ទីក្រុងគួឡាឡុំពួរ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងលើរូបថតមួយសន្លឹកដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាសាកសពទាហានរុស្ស៊ីដែលត្រូវបានទាហានអ៊ុយក្រែនសម្លាប់អំឡុងពេលរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែននោះឡើយ។ រូបថតមួយសន្លឹកនេះ គឺជាសាកសពអ្នកដំណើរនៅលើយន្តហោះ MH17 ដែលត្រូវបានគេរៀបចំវេចខ្ចប់ដាក់តម្រៀបនៅលើផ្លូវមួយ ស្ថិតនៅជិតទីតាំងដែលយន្តហោះ MH17 បានធ្លាក់ ក្រោយរងការបាញ់ប្រហារពីគ្រាប់មីស៊ីលកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។

Title:សពជនរងគ្រោះ MH17 ត្រូវបានអះអាងមិនត្រឹមត្រូវថា សពទាហានរុស្ស៊ីស្លាប់នៅអ៊ុយក្រែន
Fact Check By: Jay UdomResult: Misleading
