តើលោក ហ៊ុន សែន បាន​​ឆ្លង​ជំងឺកូវីត១៩ពិតមែនឬ? ខាងក្រោមនេះគឺជាការ​បកស្រាយ…

COVID-19 False Health

ការផ្ទុះឡើងសារជាថ្មី​នៃជំងឺ​​កូវីត១៩នេះ បានពាំនាំមកនូវព័ត៌មានក្លែងក្លាយ មិនពិត ខុសឆ្គង និងបំផ្លើស​អំពីវិធីទប់ស្កាត់ និងការ​ការពារកុំឲ្យឆ្លងនូវជំងឺមួយនេះ ក៏ដូចជា ករណីមួយចំនួននៅលើបណ្តាញសង្គមជាច្រើន ជាពិសេសនៅលើវេទិកា​ហ្វេសប៊ុក ដែលប្រជាជនកម្ពុជាភាគច្រើនចូលចិត្តប្រើប្រាស់តែម្តង។

នេះក៏បាននាំមកនូវការផ្តោតយ៉ាងសំខាន់មួយ ក្នុងចំណោមប្រជាជននៅក្នុងតំបន់ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមនានា បានប្រទះឃើញរូបថតរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចែកចាយ​យ៉ាងច្រើនដោយភ្ជាប់ជាមួយនឹងការសរសេរបង្ហោះជាច្រើន​នៅលើបណ្តាញសង្គម​ធ្វីតធឺ(Twitter) ហ្វេសប៊ុក ក៏ដូចជានៅលើបណ្តាញសារអេឡិចត្រូនិច ដោយបានអះអាងថា មេដឹកនាំ​កម្ពុជា​រូប​នេះ ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩មួយនេះ។

ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិនពិតនោះទេ។

ការអះ​អាង​លើ​បណ្តាញសង្គម

រូបថតរបស់សម្ដេច​​តេជោ ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់ចែករំលែក​យ៉ាងច្រើននៅលើកម្មវិធីផ្ញើសារដែលមានឈ្មោះថា​ LINE ។ ខាងក្រោមនេះ គឺជាការបកប្រែខ្លឹមសារជាភាសាខ្មែរ៖

«ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានធ្វើតេស្ត និងឆ្លងមេរោគកូវីត១៩ បន្ទាប់ពីលោក​បានថើបថ្ពាល់រាក់ទាក់ជាមួយនឹងជនបរទេស ដែលក្រោយមកជនបរទេសរូបនោះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺឆ្លងកូវីត១៩ នៅប្រទេសម៉ាឡេស៊ី»

ខាងលើនេះ គឺជារូបថតរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ​ដោយភ្ជាប់មកនូវចំណងជើងខ្លឹមសារមិនត្រឹមត្រូវ| Archived

ស្របពេលនេះដែរ ​យើងសង្កេតឃើញថា មានសារបង្ហោះមួយចំនួនទៀត​ត្រូវបានផ្សព្វផ្សាយ​ដោយអ្នកប្រើហ្វេសប៊ុកថៃ និងសារបង្ហោះជាភាសាចិនជាច្រើន។ ព័ត៍មានប្រឌិតមួយនេះ ក៏ត្រូវបានសង្គមអ្នកប្រើប្រាស់​នៅលើបណ្តាញសង្គម Twitter បានបង្ហោះជាភាសាអង់គ្លេសផងដែរ។

អ្នកអាចយោងទៅលើរូបថត និងការបកប្រែជាភាសាខ្មែរដូចខាងក្រោមនេះ៖

«នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុនសែន ដែលបានអួតខ្លួន​នៅក្នុងដំណើរបំពេញទស្សនកិច្ច​ជាផ្លូវការ​នៅប្រទេសចិន ដែលបានថ្លែងថា វីរុស​នេះមិនមែនជាបញ្ហាធំនោះទេ ហើយយើងក៏មិនត្រូវការខ្លាច និងការពារ​ការឆ្លងរាលដាល និងពាក់ម៉ាស់ការពារនោះដែរ ប៉ុន្តែ បន្ទាប់មក គាត់ត្រូវបានគេបញ្ជាក់ថា បានធ្វើតេស្តវិជ្ជមាននូវជំងឺកូវីត១៩ទៅវិញ»

រូបថតខាងលើនេះ ត្រូវបានចែករំលែក ជាភាសាចិន ដែលរួមជាមួយសារដែលបន្លំ និងមិនត្រឹមត្រូវ​ | Archived

ការ​ពិនិត្យ​ការ​ពិត

យើងបានចាប់ផ្តើម​នូវការស៊ើបអង្កេតរបស់យើង ដោយដំណើរការ​ការស្វែងរករូបភាពនៅក្នុង Google ដែលនាំឱ្យយើង​ទទួលបាននូវរូបភាពដូចគ្នា ដែលបានចែករំលែកដោយសារព័ត៌មានរបស់សិង្ហបុរីដែលមានឈ្មោះថា The Straits Times រួមជាមួយនឹងចំណងជើងថា «មេដឹកនាំជើងចាស់របស់កម្ពុជា ហ៊ុនសែន បានកំពុងស្នាក់នៅក្នុង មន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបុរី» ដែលត្រូវបានផ្សព្វផ្សាយ​នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។

យើងបានរកឃើញថា រូបថតដើមនេះ ត្រូវបានបង្ហោះ និងបញ្ចូលទៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុនសែន ដោយផ្ទាល់។ រូបថតនេះក៏ត្រូវបានចែកចាយដោយកាសែតក្នុងស្រុក The Cambodia Daily ដែលត្រូវបានចុះផ្សាយនៅថ្ងៃទី ០៥ ខែឧសភាឆ្នាំ ២០១៧ ដោយលើកឡើងអំពីរឿងនោះ​ថា “លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថាលោកបានសម្រាកព្យាបាលនៅ មន្ទីរពេទ្យមួយ ក្នុងប្រទេសសឹង្ហបុរី ដោយលោកអស់កម្លាំងខ្លាំង ហើយអាចនៅទីនោះរហូតដល់យ៉ាងហោចណាស់ដល់ថ្ងៃអាទិត្យ ដែលមានន័យថាលោកនឹងអវត្តមានពី កិច្ចប្រជុំដែលបានគ្រោងទុក ជាបន្តបន្ទាប់ជាមួយអ្នកការទូតមន្ត្រីយោធា និងមន្ត្រីរាជការ។ រូបភាពនេះផងដែរត្រូវបាន បង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី។”

Source | Archived 

សេចក្តីសន្និដ្ឋាន៖ 

Fact Crescendo Cambodia​ បានរកឃើញថារូបភាពដែលបានបង្ហោះ និងបញ្ចេញជាសារពាសពេញបណ្តាញសង្គមនានា ដែលបានផ្សព្វផ្សាយខ្លឹមសារថា លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន ​បានឆ្លងនូវជំងឺកូវីត១៩ ក្រោយអំពីការថើបរាក់ទាក់​ជាមួយនឹងជនបរទេសនោះ គឺជាព័ត៌មានមិនពិតនោះទេ។ ការពិត រូបថតរបស់​លោក​ត្រូវបានថតឡើង​តាំងពីអំឡុងឆ្នាំ​២០១៧ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសសិង្ហបុរី ក្នុងពេលដែល​លោក​ព្យាបាលជំងឺផ្សេង​ ដែលមិនពាក់ព័ន្ធទៅនឹងជំងឺកូវីត១៩នោះឡើយ។

Avatar

Title:តើលោក ហ៊ុន សែន បាន​​ឆ្លង​ជំងឺកូវីត១៩ពិតមែនឬ? ខាងក្រោមនេះគឺជាការ​បកស្រាយ…

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.