
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈជាមួយវ៉ាក់សាំងចិនស៊ីណូហ្វាម(Sinpharm) ហើយបន្ទាប់មកវ៉ាក់សាំងខូវីសែលរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac)។
បើទោះបីជាកម្ពុជាធ្វើយុទ្ធនាការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម និងស៊ីណូវ៉ាក់នេះ អស់រយៈពេលជិត ២ខែហើយក្ដី ប៉ុន្តែ អ្នកប្រើបណ្ដាញសង្គម បានអះអាងថា ប្រទេសចិនមិនទាន់បានចាក់វ៉ាក់សាំងទាំងពីរប្រភេទសម្រាប់ប្រជាជនខ្លួននៅឡើយទេ។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia នឹងបង្ហាញថា ការអះអាងនេះមិនត្រឹមត្រូវនោះទេ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៥ ខែមេសានេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានអះអាងថា ប្រទេសចិនមិនទាន់អនុញ្ញាតឱ្យយកវ៉ាក់សាំងដែលផលិតឡើងនៅក្នុងប្រទេសរបស់ខ្លួន ចាក់ទៅឱ្យពលរដ្ឋចិននៅឡើយទេ ប៉ុន្តែ វ៉ាក់សាំងទាំងពីរប្រភេទរបស់ចិន ត្រូវបាននាំយកមកចាក់ឱ្យប្រជាជនកម្ពុជាមុនទៅវិញ។
ការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកនេះ ត្រូវបានចែករំលែកបន្តដោយអ្នកប្រើហ្វេសប៊ុកជាច្រើនដង និងលាយឡំជាមួយការបញ្ចេញមតិយោបល់ចម្រុះផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកនោះ សរសេរថា «វ៉ាក់សាំងចិន គេមិនទាន់ចាក់ឱ្យពលរដ្ឋគេទេ តែគេយកមកឱ្យខ្មែរចាក់មុន! ត្បិតតែពេលនេះចាក់គ្មានបញ្ហា ចុះពី ៥ ទៅ ១០ឆ្នាំខាងមុខ មានអីកើតឡើង?»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតជុំវិញការអះអាងនេះតាមរយៈការពិនិត្យមើលព័ត៌មានអំពីការចាក់វ៉ាក់សាំងនៅក្នុងប្រទេសចិន និងប្រភេទវ៉ាក់សាំងដែលប្រទេសនេះប្រើសម្រាប់ចាក់ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន។ វិធីសាស្ត្រនេះ បាននាំឱ្យយើងរកឃើញសេចក្ដីរាយការណ៍ជាច្រើនរបស់ស្ថាប័នសារព័ត៌មានល្បីៗអំពីការចាក់វ៉ាក់សាំងនៅក្នុងប្រទេសចិន និងប្រភេទវ៉ាក់សាំងដែលត្រូវបានដាក់ឱ្យប្រើប្រាស់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ(Reuters)របស់អង់គ្លេស បានចុះផ្សាយថា ចិនបានផ្ដល់ការយល់ព្រមជាលើកដំបូងទៅដល់វ៉ាក់សាំងស៊ីណូហ្វាម ដែលអនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះសម្រាប់ចាក់ឱ្យសាធារណជន។
Reuters’ Report | Archived Link
៥ថ្ងៃក្រោយមក សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់អាល់ហ្សាហ្ស៊ីរ៉ា (Aljazeera) បាននិយាយថា ប្រទេសចិនបានចាប់ផ្ដើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃទី០៤ ខែមករាដើមឆ្នាំនេះ ហើយប្រទេសមហាអំណាចមួយនេះ បានចាក់វ៉ាក់សាំងស៊ីណូហ្វាមទៅដល់ប្រជាពលរដ្ឋរបស់ខ្លួននៅតំបន់សំខាន់ៗ ដូចជា រដ្ឋធានីប៉េកាំង ទីក្រុងស៊ាងហៃ ទីក្រុងឧស្សាហកម្មហ្ស៊ិនជិន ខេត្តសានទុង សានស៊ី ជាដើម។
Aljazeera’s report | Archived Link
ចំណែកឯវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)វិញ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា ស៊ីណូវ៉ាក់ (Sinovac) ក្លាយជាវ៉ាក់សាំងទីពីរផលិតឡើងនៅក្នុងប្រទេសចិន ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់សម្រាប់សាធារណជននៅថ្ងៃទី៦ ខែកុម្ភៈកន្លងមកនេះ។
Reuters’ Report | Archived Link
២០ថ្ងៃក្រោយមក សារព័ត៌មាន South China Morning Post បានចុះផ្សាយថា រដ្ឋបាលពិសេសគ្រប់គ្រងទីក្រុងហុងកុង បានចាប់ផ្ដើមផ្ដល់វ៉ាក់សាំងស៊ីណូវ៉ាក់ទ្រង់ទ្រាយធំសម្រាប់បង្ការមេរោគកូវីដ១៩ទៅដល់ប្រជាជននៅទីក្រុងមួយនេះ។
South China Morning Post | Archived Link
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ វ៉ាក់សាំងបង្ការកូវីដ១៩ស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់ ត្រូវបានប្រទេសចិនសម្រេចចាក់ឱ្យមនុស្សជិត ១លាននាក់រួចទៅហើយចាប់តាំងពីប្រទេសនេះ បានចាប់ផ្ដើមកម្មវិធីប្រើប្រាស់បន្ទាន់កាលពីខែកក្កដាឆ្នាំមុនរហូតដល់ខែវិច្ឆិកា។
Reuters’ Report | Archived Link
ចំណែកឯសារព័ត៌មានជប៉ុន Nikkei Asia បានចុះផ្សាយថា យ៉ាងហោចណាស់ប្រទេស និងដែនដីចំនួន ៧០ហើយ បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចិន ឬក៏ចុះកិច្ចសន្យាទទួលយកវ៉ាក់សាំងពីប្រទេសចិន។ ជាងនេះទៀត ប្រទេសចិនបាននាំចេញវ៉ាក់សាំងដល់ទៅ ១១៥លានដូសហើយនៅត្រឹមដំណាច់ខែមីនាកន្លងមកនេះ ខណៈឥណ្ឌានាំចេញវ៉ាក់សាំង Covishield ដែលផលិតឡើងក្រោមអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន AstraZeneca នោះ បានចំនួន ៦៣លានដូសហើយ ហើយសហភាពអឺរ៉ុបបាននាំចេញវ៉ាក់សាំងរបស់ខ្លួនសរុប ៥៨លានដុល្លារដូសហើយទៅកាន់អង់គ្លេស ជប៉ុន និងប្រទេសដទៃទៀត។
ប្រទេសចិនតែឯងផលិតវ៉ាក់សាំងបាន ២៣០លានដូសហើយរហូតមកដល់ពេលនេះ ជាចំនួនច្រើនជាងអ្វីដែលសហរដ្ឋអាមេរិក អឺរ៉ុប ឬឥណ្ឌា បានផលិតទៅទៀត។
Nikkei Asia Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដោយអ្នកប្រើហ្វេសប៊ុកខាងលើនេះ មិនត្រឹមត្រូវនោះទេ។ តាមការពិត ប្រទេសចិនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាមតាំងពីចុងឆ្នាំមុន ហើយបន្ទាប់មកប្រទេសនេះចាប់ផ្ដើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់ប្រជាជនខ្លួននៅដើមខែមករា។ ចំណែកឯវ៉ាក់សាំងស៊ីណូវ៉ាក់វិញ ត្រូវបានផ្ដល់ទៅប្រជាជនចិននៅទីក្រុងហុងកុងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ២០ថ្ងៃក្រោយពីប្រទេសចិនអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងនេះ។ វ៉ាក់សាំងចិនទាំងពីរប្រភេទនេះ ត្រូវបានអនុម័តឱ្យប្រើដោយប្រទេស ឬដែនដីយ៉ាងហោចណាស់ ៧០ហើយគិតត្រឹមដំណាច់ខែមីនាកន្លងមកនេះ៕

Title:Fact-Check: ចិនបានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ទៅដល់ប្រជាជនខ្លួនជាច្រើនលានដូសរួចហើយមុនផ្ដល់មកឱ្យកម្ពុជា
Fact Check By: Jay UdomResult: False