“ទុំទាវ” គឺ​ជា​ប្រលោម​លោក​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​ដែល​ដូច​នឹង​រឿង “រ៉ូមេអូ ជូលីយ៉េត”​របស់​ពួក​អឺរ៉ុប​ដែរ។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​ដ៏​ផុលផុ​ស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា រូបថត​ស​ខ្មៅ​ពីរ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់ និង​នារី​ម្នាក់ គឺ​ជា​រូបថត​នេនទុំ និង​នាងទាវ ដែល​ជា​តួ​អង្គ​ដ៏​សំខាន់​នៃ​ប្រលោម​លោក​មនោសញ្ចេតនា “ទុំទាវ”។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដញា​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​ដ៏​ផុល​ផុស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា រូបថត​ស​ខ្មៅ​នៃ​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់ គឺ​ជា​នាង ទាវ និង​នេន ទុំ តួ​អង្គ​សំខាន់​នៃ​រឿង​ទុំទាវ ដែល​ជា​ប្រលោម​លោក​នបែប​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែកបន្ត​​ព្រោង​ព្រាត​នៅ​​លើ​បណ្ដាញ​សង្គម និង​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​​​ក៏មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​ជាច្រើន​​ជឿ​ថា​ជា​ការ​ពិត។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាមចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គមកាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “រូបភាព​ដ៏​កម្រ នេនទុំ នាងទាវ ជើង​ខាល​ត្បូង​ឃ្មុំ ជួយ​ស៊ែរ​ចែក​រំលែក”។​

Facebook Post | Archived

រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់ថា “រូបថត​ដ៏​កម្រ នេនទុំ នាង​ទាវ​ ឆ្នាំ​១៦៧១ ជើងខាល​ត្បូងឃ្មុំ ជួយស៊ែរ​ចែក​រំលែក”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដូច​គ្នា​នេះ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ពីរ​សប្ដាហ៍​មុន ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ផង​ដែរ។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីពីរ​សប្ដាហ៍​ដែល​អះអាង​ថា រូបថរត​ទាំង​ពីរ​សន្លឹក​នេះ គឺ​ជា​រូប​នេនទុំ និង​រូប​នាងទាវ​ពិត​ប្រាកដ។

Facebook Post | Archived Link

រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ។ គេ​អាច​មើល​រូបថត​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​នេះ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឹណិត និង​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​លក់​រាយ​អនឡាញ​ធំៗ។

នៅ​ក្នុង​វេបសាយ​លក់​រាយ eBay យើង​បាន​រក​ឃើញ​រូបថត​នេះ​ដែល​ត្រូវ​បាន​ដាក់​លក់​​ជាមួយ​សំណេរ​រៀបរាប់​ថា រូប​ស្ត្រី​កម្ពុជា​រូប​នេះ​ ត្រូវ​បាន​​ផ្ញើមក​ពី​តំបន់​សិរីសោភ័ណ ឬ​ស្វាយស៊ីសុផុន​នៅ​ឆ្នាំ​១៩០៧ ទៅ​កាន់​ទីក្រុង​ហាណូយ នៃ​សម័យ​អាណានិគម​បារាំង។

eBay Post | Archived Link

រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Flickr ផង​ដែរ នៅ​ក្នុង​អាល់ប៊ុម​​រូបថត​កម្ពុជា-ឥណ្ឌូចិន ដែល​មាន​រូបថត​រហូត​ដល់ ៣៥៦​សន្លឹក។ សំណេរ​នៅ​ក្រោម​រូបថត បាន​រៀបរាប់​ថា រូបថត​នេះគឺ​ជា​ស្ត្រី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩១០។

Flickr Photo

​ព័ត៌មាន​លម្អិតនៃ​រូបថត​នេះ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​វេបសាយ​នៃ​បណ្ណាល័យ Musée du quai Branly - Jacques Chirac ដែល​រៀបរាប់​ថា រូបថត​នេះ​ គឺ​ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ​ដែល​ថត​ដោយ​អ្នក​ថត​រូប​ជន​ជាតិ​បារាំង​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​ លោក Pierre Dieulefils (១៨៦២-១៩៣៧) នៅ​ចន្លោះ​ឆ្នាំ ១៩០២ ដល់​ឆ្នាំ១៩២៥ ឬ​ដើម​សតវត្សរ៍​ទី​២០។

Musée du quai Branly - Jacques Chirac | Archived Link

ចំណែក​រូបថត​មួយ​សន្លឹក​ទៀត​ គឺ​ជា​រូបថត​បុរស​ខ្មែរ​នៅ​សម័យ​អាណាព្យាបាល​បារាំង​ផង​ដែរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ដាក់​លក់​នៅ​វេបសាយ​ eBay ដោយ​មាន​សំណេរ​រៀបរាប់​ថា វា​ជា​បុរស​ខ្មែរ​នៅ​តំបន់​អង្គរ នៃ​ខេត្ត​សៀមរាប​កាល​ពី​ឆ្នាំ​១៩០៥។

eBay Post | Archived Link

វេបសាយ​របស់​បណ្ណាល័យ Musée du quai Branly - Jacques Chirac បង្ហាញ​ថា រូបថត​បុរស​ជន​ជាតិ​ខ្មែរ​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​ដោយ​លោក Alfred Lacroix (១៨៦៣ - ១៩៤៨)នៅ​ឆ្នាំ​១៩២៦។

Musée du quai Branly - Jacques Chirac | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​មែន​ជា​រូបថត​នេនទុំ និង​នាង​ទាវ តួ​អង្គ​នៅ​ក្នុង​ប្រលោម​លោក​រឿង​ទុំទាវ​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ គឺ​ជា​បុរស និង​នារី​ខ្មែរ​នៅ​សម័យ​អាណាព្យាបាល​បារាំង​ចន្លោះឆ្នាំ ១៩០០ ដល់​ឆ្នាំ១៩៣០។

Avatar

Title:ការអះអាង​មិន​ត្រឹម​ត្រូវ​ថា រូបថត​បុរស​នារី​ខ្មែរ​ជំនាន់​បារាំងជា​រូបថត​ទុំទាវ

Written By: Jay Udom

Result: False