Fact-Check: តើ​ស្ត្រី​អាហ្វ្រិក​ខាង​ត្បូង​​ម្នាក់​បាន​ផ្ដល់​កំណើត​កូន​ភ្លោះ​១០​នាក់​មែន​ទេ?

International

សារព័ត៌មាន​ជាច្រើន​នៅ​កម្ពុជា បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា​កន្លង​មក​នេះ នូវ​ព័ត៌មាន​ដែល​និយាយ​ថា ស្ត្រី​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់ បាន​ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ​រហូត​ដល់ ១០​នាក់។

ក្នុង​ចំណោម​នោះ ទំព័រ​ហ្វេសប៊ុក​របស់​ទស្សនាវដ្ដី​ប្រជាប្រិយ Popular Stars បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ជា​វីដេអូ​មាន​ចំណង​ជើង​ថា «ម្ដង​គ្រប់​ទឹក! ស្ត្រី​ម្នាក់​បំបែក​កំណត់ត្រា​ពិភព​លោក កើត​កូន​បាន​រហូត​ដល់ ១០​នាក់»។

ព័ត៌មាន​នេះ ត្រូវ​បាន​ផលិត​ទៅ​ជា​វីដេអូ​ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដូច​ទស្សនា និង​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​រយ​ពាន់​ដង។

នេះ​គឺ​ជា​តំណ​ភ្ចាប់​នៃ​វីដេអូ​ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម (Here is a video which was virally published on social media.)

Facebook Post | Archived link

ក្រៅ​ពី​ទស្សនាវដ្ដី​ប្រជាប្រិយ ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​រស្មីកម្ពុជា ដែល​បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ជា​វីដេអូ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​នៅ​ក្នុង​ថ្ងៃ​នោះ។

ព័ត៌មាន​ជា​វីដេអូ​ដែល​ត្រូវ​បាន​ដាក់​ចំណង​ជើង​ថា «ស្ត្រី​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​អះ​អាង​ថា​សម្រាល​កូន​ភ្លោះ​១០​នាក់»​នោះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​ទស្សនា​រាប់​ម៉ឺន​ដង​ផង​ដែរ។

នេះ​គឺ​ជា​តំណ​ភ្ចាប់​នៃ​វីដេអូ​ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម (Here is a video which was virally published on social media.)

សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​ផ្សាយ​បែប​នេះ បន្ទាប់​ពី​មាន​សារព័ត៌មាន​អន្តរជាតិ​នានា ក្នុង​នោះ​មាន​ទាំង​សារព័ត៌មាន BBC របស់​អង់គ្លេស​ផង​ដែរ បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​អំពី​ដំណឹង​នេះ។

ប៉ុន្តែ បន្ទាប់​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​មក Fact Crescendo Cambodia ក៏​ចាប់​ផ្ដើម​ពិនិត្យ​មើល​ព័ត៌មាន​នេះ​បន្ថែម​តាម​រយៈ​ការ​ស្វែង​រក​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មាន​កេរ្តិ៍​ឈ្មោះ​ធំៗ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា​កន្លង​មក​ថ្មីៗ​នេះ សារព័ត៌មាន BBC របស់​អង់គ្លេស​ បាន​ចុះ​ផ្សាយ​ថា ព័ត៌មាន​ដែល​និយាយ​ថា ស្ត្រី​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​បាន​ផ្ដល់​កំណើត​ដល់​កូន ១០​នាក់​នោះ មិន​មែន​ជារ​ការពិត​នោះ​ឡើយ។

ការ​ពិត​ទៅ សារព័ត៌មាន​អង់គ្លេស​មួយ​នេះ ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ការផ​្ដល់​កំណើត​កូន​ភ្លោះ​ ១០​នាក់​របស់​ស្ត្រី​រូប​នេះ​ផង​ដែរកាល​ពី​ថ្ងៃ​ទី​០៩ ខែម​ិថុនា មុន​នឹង​ចុះ​ផ្សាយ​អត្ថបទ​មួយ​បន្ថែម​ទៀត​នៅ​រយៈ​ពេល​ជាង ១០​ថ្ងៃ​ក្រោយ​មក។

សារព័ត៌មាន BBC បាន​​ចុះ​ផ្សាយ​បែប​នេះ បន្ទាប់​ពីរដ្ឋបាល​ខេត្ត​ Guateng បានបញ្ជាក់​ថា គ្មាន​មន្ទីរ​ពេទ្យ​ណា​មួយ​នៅ​ក្នុង​ខេត្ត​មួយ​នេះ បញ្ជាក់​ពី​កំណត់ត្រា​នៃ​ការ​បង្កើត​កូន​បែប​នេះ​ទេ។

សារព័ត៌មាន​អង់គ្លេស​មួយ​នេះ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ស្ត្រី​វ័យ​ ៣៧​ឆ្នាំ​ខាង​លើ​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ត្រួតពិនិត្យ​​ និង​ផ្ដល់​ការ​គាំ​ទ្រ​​លើ​​សុខភាព​ផ្លូវ​ចិត្ត។

ប៉ុន្តែ សារព័ត៌មាន BBC បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​មួយ​នេះ មិន​បាន​បញ្ជាក់​ពី​ហេតុផល​ដែល​មាន​ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង​នោះ​ឡើយ។

BBC’s Report | Archived Link

ចំណែក​ឯ​ក្រុមហ៊ុន Independent Online (IOL) ដែល​ជា​ក្រុមហ៊ុន​​គ្រប់​គ្រង​លើ​សារព័ត៌មាន Pretoria News បាន​បន្ត​លើក​ឡើង​ថា អ្នកស្រី Sithole បាន​ឆ្លង​ទន្លេ​នៅ​ថ្ងៃ​ទី​០៧ ខែ​មិថុនា នៅ​ឯ​មន្ទីរ​ពេទ្យ Steve Biko Academic Hospital (SBAH) ស្ថិត​នៅ​ទីក្រុង Pretoria ដោយ​និយាយ​ថា បុគ្គលិក​មន្ទីរ​ពេទ្យ​នេះ​រៀបចំ​មិន​បាន​ត្រឹម​ត្រូវ។

សារព័ត៌មាន​មួយ​នេះ បាន​ចោទ​មន្ទីរ​ពេទ្យ​ និង​អាជ្ញាធរ​សុខាភិបាល​ខេត្ត​ថា ព្យាយាម​​បិទ​បាំង​ការ​ធ្វេស​ប្រហែស​ខាង​វេជ្ជ​សាស្ត្រ។

ការ​ពិត​ទៅ សារព័ត៌មាន​​ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា ដោយ​ផ្អែក​តែ​ទៅ​លើ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Pretoria News និង​ប្រភព​មិន​ច្បាស់​លាស់ ដែល​អះ​អាង​អំពី​ការ​ផ្ដល់​កំណើត​កូន​១០​នាក់​នេះ ប៉ុន្តែ បញ្ជាក់​ថា មិន​ទាន់​បាន​ឃើញ​ទារក​នៅ​ឡើយ​ទេ។

បើ​តាម​អត្ថបទ​របស់​ខ្លួន សារព័ត៌មាន Pretoria News បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ដោយ​ផ្អែក​តាម​សម្ដី​របស់​លោក Teboho Tsotetsi ស្វាមី​របស់​អ្នកស្រី Sithole ដែល​ប្រាប់​អំពី​ដំណឹង​នេះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Africa News រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង ក៏​បាន​ចេញ​មក​បញ្ជាក់​ជា​ផ្លូវការ​ថា គ្មាន​កំណត់​ត្រា​របស់​ពេទ្យ​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​​ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ ១០​នាក់​នោះ​ឡើយ។

Africa News | Archived Link

ចំណែក​ឯសារព័ត៌មាន New York Post របស់​អាមេរិក​វិញ បាន​ចុះ​ផ្សាយ​​​កាល​ពី​ថ្ងៃ​ទី​២១​មិថុនា​ថា អ្នកស្រី Sithole ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​វាយ​តម្លៃ​ផ្លូវ​ចិត្ត​ហើយ បន្ទាប់​ពី​មាន​ការ​ចោទ​សួរ​ថា តើ​ស្ត្រី​រូប​នេះ​ពិត​ជា​បាន​ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ​ ១០​នាក់​មែន ឬ​ក៏​មិន​មែន​នោះ។

New York Post | Archived Link

រីឯ​សារព័ត៌មាន Daily Sabah បាន​ផ្សាយ​ថា ក្រុម​គ្រួសារ​របស់​ស្ត្រី​រូប​នេះ បាន​បញ្ជាក់​ថា ព័ត៌មាន​នេះ មិន​ទាន់​អាច​បញ្ជាក់​បាន​ឡើយ ដោយសារ​តែ​ក្រុម​គ្រួសារ​មិន​ទាន់​បាន​ឃើញ​កូន និង​អ្នកស្រី Sithole នៅ​ឡើយ។

សារព័ត៌មាន​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ បន្ទាប់​ពី​បាន​សម្ភាស​ជាមួយ​លោក Tebogo Tsotetsi ដែល​ជា​មិត្ត​ប្រុស​របស់​អ្នកស្រី Sithole។

លោក Tsotetsi បាន​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ជួប​មុខ​មិត្ត​ស្រី​ និង​កូនៗ​របស់​លោក​នៅ​ឡើយ​ទេ បើ​ទោះបី​លោក​ព្យាយាមជាច្រើន​លើក​ក៏​ដោយ។

ទោះជាយ៉ាងណា លោក​បញ្ជាក់​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ការ​ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ​ ១០​នាក់​នេះ​ពី​មិត្ត​ស្រី​របស់​លោក​តែ​ប៉ុណ្ណោះ ដោយ​លោក​មិន​ទាន់​បាន​ឃើញ​ទារក​ទាំង​នោះ​នៅ​ឡើយ​ទេ។

Daily Sabah | Archived link

Fact Crescendo Cambodia នឹង​​បន្ត​តាម​ដាន និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​​ព័ត៌មាន​នេះ​បន្ថែម​ទៀត នៅ​ពេល​ដែល​ការពិត​ត្រូវ​បាន​បញ្ជាក់​ដោយ​ច្បាស់​លាស់​នោះ៕

Leave a Reply

Your email address will not be published.