Fact Check: តើ​ជំងឺ​កូវីដ-១៩​បង្ក​ឡើង​ដោយ​បាក់តេរី​មែន​ដែរ​ឬ​ទេ​​?

COVID-19 False

គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​នេះ​ ប្រទេស​សិង្ហបុរីបាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩ត្រឹម​តែ​ ៣៦​នាក់​ប៉ុណ្ណោះ​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​រហូត​ទៅ​ដល់ ​៦២ ៧៤៤​នាក់ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​​ អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ទប់​ស្កាត់​ព្យាបាល​ ក៏​ដូច​ជា​មូល​ហេតុ​នៃ​ការ​បង្ក​ជំងឺ​នេះ​ឡើង​​។​

ទន្ទឹម​គ្នា​នេះ មាន​សំណេរ​មួយ​បានលើក​ឡើង​​ថា​ ប្រទេស​សិង្ហបុរី​ជា​ប្រទេស​ទី​មួយ​បាន​ធ្វើ​កោសល្យ​វិច័យ​លើ​អ្នក​ជំងឺ​កូវីដ​-១៩ និង​រក​ឃើញ​ថា ​ជំងឺ​មួយ​នេះ​បង្ក​ឡើង​ដោយ​បាក់តេរី​ មិន​មែន​បង្ក​ឡើង​ដោយ​វីរុស​នោះ​ទេ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Malinchan បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ដោយភ្ជាប់​សំណេរ​​ទាក់​ទង​ និង​អះ​អាង​ថា​ប្រទេស​សិង្ហបុរី​ ដែល​ជា​ប្រទេស​តូច​ និង​អភិវឌ្ឍន៍​មួយ​​នៅ​អាស៊ី​អាគ្នេយ៍​ ​គឺ​ជា​ប្រទេស​ដំបូង​បង្អស់​ក្នុង​ការ​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​សាក​សព​អ្នកដែល​កើត​ជំងឺ​កូវីដ​-១៩​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​ថា​​ជំងឺ​កូវីដ​-១៩នេះ​ គឺ​មិន​មែន​បង្ក​ឡើង​ដោយ​វីរុស​នោះ​ឡើយ​ តែ​បង្ក​ដោយ​​បាក់​តេ​រី​។​

រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​ Malinchan ដែល​បាន​រៀប​រាប់​ថា​​​ «…វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ Covid-19​ មិន​មែន​ជា​វីរុស​ទេ​ ប៉ុន្តែ​ជា​បាក់​តេរី​ដែល​ត្រូវ​បាន​ប៉ះ​ពាល់​នឹង​វិទ្យុ​សកម្ម​ និង​បញ្ចូល​ឈាម​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស…»​។​

Facebook Post | Archived Link

សំណេរ​ដដែល​នេះ​ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ជាមួយ​នឹង​ការ​រៀប​រាប់​ថា​​​ «ប្រទេស​សិង្ហបុរី​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ ដែល​ធ្វើ​កោសល្យ​វិច័យ​លើ​សាក​សព​ Covid-19​។ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់​ចត់​ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ Covid-19​ មិន​មែន​ជា​វីរុស​ទេ​ ប៉ុន្តែ​ជា​បាក់​តេរី​ដែល​ត្រូវ​បាន​ប៉ះ​ពាល់​នឹង​វិទ្យុ​សកម្ម​ និង​បញ្ចូល​ឈាម​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស…​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាល់​ករណី​មួយ​នេះ​ តាម​រយៈ​ការ​ត្រួត​ពិនិត្យទៅ​លើ​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​សិង្ហបុរី​ ក៏​ដូច​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា​ ដែល​នាំ​ឲ្យ​យើង​ជួប​ប្រទះ​ និង​ប្រភព​ខ្លឹម​សារ​ពិត​ជា​ច្រើន​។​

កាល​ពី​ថ្ងៃ​ទី​០៧​​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ មាន​សេចក្តី​ប្រកាស​ព័ត៌​មាន​ច្រាន​ចោល​មួយ​ ដែល​បង្ហោះ​​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល​​សិង្ហបុរី។​ ការ​ច្រាន​ចោល​មួយ​នេះ​បាន​ធ្វើ​ឡើង​ ស្រប​ពេល​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចែក​ចាយ​ថា​ ប្រទេស​របស់​ខ្លួន​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ទី​មួយ​ដែល​បាន​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​សាក​សព​អ្នក​កើត​ជំងឺ​កូវីដ​-១៩ និង​បាន​អះ​អាង​ថា​ជំងឺ​ឆ្លង​មួយ​នេះ​ មិនមែន​បង្ក​ឡើង​ដោយ​វីរុស​នោះ​ទេ​ ប៉ុន្តែ​ជា​បាក់​តេរី​ទៅ​វិញ​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «…Singapore has not performed such an autopsy. The message states false information concerning the pathophysiology of COVID-19 infection, which is not borne out by current evidence. An earlier version of this circulating message, which mentioned Russia instead of Singapore, has also been exposed as untrue.» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «…ប្រទេស​សិង្ហ​បុរី​មិន​បាន​ធ្វើ​កោសល្យ​វិច័យ​បែប​នេះ​ទេ​។​ សំណេរ​​នេះ​ គឺ​​ជា​ព័ត៌មាន​មិន​ពិត​ទាក់​ទង​ទៅ​នឹង​រោគ​សាស្ត្រ​នៃ​ការ​ឆ្លង​មេរោគ​កូវីដ​-១៩​ ដែលមិន​បាន​បង្ហាញ​អំពី​ភស្តុតាង​ច្បាស់​លាស់​នោះ​ឡើយ​។​ សារ​នេះ​ ក៏​ធ្លាប់​បាន​ធ្វើ​ឡើង​ និង​អះ​អាង​ទៅ​លើ​ប្រទេស​រុស្ស៊ី​ផង​ដែរ​»។​

Facebook Post | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ច្រាន​ចោល​ផង​ដែរ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ក្រសួង​សុខាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២១​។​ ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ រហូត​មក​ដល់​ពេល​នេះ​ សូម្បី​តែ​អង្គការ​សុខភាព​ពិភព​លោក​ ក៏​នៅ​តែ​ពន្យល់​ថា​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​វីរុស​កូវីដ​-១៩​ មិន​មែន​ដោយសារ​តែ​បាក់​តេរី​នោះ​ទេ។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល​នៃ​កម្ពុជា​ ដែល​បាន​រៀប​រាប់​​ថា​ «ក្រសួង​សុខាភិបាល​ ច្រាន​ចោល​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិនពិត​ ដែល​ថា​វីរុស​កូវីដ-១៩​ ជា​បាក់​តេរី​ ដែល​ត្រូវ​បាន​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ និង​បញ្ចូល​ឈាម​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​»។ 

រូប​ភាព​ផ្តាម​នៃ​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា​។​

Facebook Post | Archived Link

ការ​អះ​អាង​ដូច​គ្នា​មួយ​នេះ​ ក៏​បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ផង​ដែរ​ ដោយ​ក្រុម​ការ​ងារ ​Fact Crescendo របស់​យើង​​ ជា​ភាសា​អង់​គ្លេស​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​មក​នេះ​។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ ប្រទេស​សិង្ហបុរី​ពុំ​បាន​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​សាក​សព​អ្នក​ជំងឺ​កូវីដ​-១៩​ និង​មិន​បាន​​ប្រកាស​ថាមេរោគ​ឆ្លង​មួយ​នេះ​ គឺ​ជា​បាក់តេរី​នោះ​ទេ​។​​

Fact Crescendo Link | Archived Link 

​Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ នៅ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​អង្គការ​សុខាភាព​ពិភពលោក បាន​បដិ​សេធ​នូវ​ព័ត៌​មាន​ដែល​បាន​លើក​ឡើង​ថា​ជំងឺ​កូវីដ-​១៩នេះ​​ គឺ​បង្ក​ឡើង​ដោយបាក់​តេរី​ មិន​មែន​ដោយ​សារ​តែ​វីរុស​។​

រូបភាព​ផ្ដាម​ចេញ​ពី​​គេហទំព័រ​ ដែល​បានរៀបរាប់​ជា​ភាសាអង់គ្គេស​ថា «The coronavirus disease (COVID-19) is caused by a virus, NOT by bacteria»​​ ឬ​ប្រែ​ជា​ភា​សា​ខ្មែរ​ថា​ «​​ជំងឺ​កូវីដ-​១៩​ បង្ក​ឡើង​ដោយ​វីរុស​ មិន​មែន​ដោយ​សារ​តែ​បាក់​តេរី​នោះ​ទេ​​»​។​

World Health Organization’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​ពិត​ប្រទេស​សិង្ហបុរី​​ ពុំ​បាន​ធ្វើ​កោសល្យ​វិច័យ​លើ​សាក​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​​កូវីដ​-១៩ និង​ប្រកាស​ថា​មេរោគ​មួយ​នេះ​ បង្ក​ឡើង​ដោយ​​បាក់​តេរី​នោះ​ទេ​។​

Avatar

Title:តើ​ជំងឺ​កូវីដ-១៩​បង្ក​ឡើង​ដោយ​បាក់តេរី​មែន​ដែរ​ឬ​ទេ​​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.