តួលេខ​មនុស្ស​ស្លាប់​ក្នុង​របប​​ខ្មែរ​ក្រហម និង​របប​បច្ចុប្បន្ន ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ

Misleading Political Social

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​ចូល​មក​ដល់​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​អះ​អាង​ថា បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ៣​លាន​នាក់​ស្លាប់ ហើយ​ថា ចំនួន​នេះ​ច្រើន​ជាង​តួលេខ​មនុស្ស​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទៅ​ទៀត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ទៅ​តាម​ក្រុម​បណ្ដាញ​សង្គម​ជាច្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ក្នុង​ន័យ​ជឿ​ទៅ​លើ​ការ​អះ​អាង​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ទៅ​លើ​ឯកសារ​សិក្សា​ស្រាវជ្រាវ​នានា បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​មក​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា របប​ខ្មែរ​ក្រហម​ដឹកនាំ​ដោយ ប៉ុល ពត បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង ៣០​ម៉ឺន​នាក់​ស្លាប់ ប៉ុន្តែ របប​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​ជាង ៣​លាន​នាក់ ប្រជាជន​ជិត ១​លាន​នាក់ ធ្លាក់​ខ្លួន​ពិការ ស្ត្រី​មេម៉ាយ​ជិត ១​លាន​នាក់ និង​រត់​ចោល​ប្រទេស​កំណើត​ជាង ១​លាន​នាក់។

ការ​អះ​អាង​នេះ ត្រូវ​បាន​​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ជាច្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ទៅ​នឹង​ការ​អះអាង​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​រៀប​រាប់​ថា «បើ​ទោះជា​ប៉ុលពត​មិន​បាន​សម្លាប់​ខ្មែរ​ដោយ​ផ្ទាតល់ ប៉ុន្តែ ជំនាន់​របស់​លោក ធ្វើ​អោយ​មនុស្ស​ស្លាប់​ជាង៣០​ម៉ឺន​នាក់ ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​តិច​តួច​ជាង​របប​ហ៊ុនសែន ដែល​ធ្វើ​អោយ​ខ្មែរ​ស្លាប​់ជាង​៣​លាន​នាក់ ពិការ​ជិត​១​លាន​នាក់ ស្ត្រី​មេម៉ាយ​ជតិ​១​លាន​នាក់ រត់ចោល​ស្រុក​ជាង​១​លាន​នាក់ នេះ​យើង​មិន​ទាន់​គិត​ពី​ការ​បំផ្លាញ​ប្រទេស​ជាតិ ទឹក​ដី ព្រៃឈើ​ផង!»។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Facebook Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ឯកសារប្រវត្តិសាស្ត្រ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ប្រវត្តិ​វិទូ​អន្តរជាតិ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

លោក Ben Kiernan ប្រវត្តិវិទូ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជន​ជាតិ​អាមេរិក​ដើម​កំណើត​អូស្ត្រាលី បាន​សន្និដ្ឋាន​ថា តួលេខ​ពលរដ្ឋ​កម្ពុជា​ដែល​ស្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម ស្ថិត​នៅ​ចន្លោះពី ១.៦៧១​លាន​នាក់ ទៅ ១.៨៧១​លាន​នាក់ ឬ​ចន្លោះ​ពី ២១ ទៅ ២៤​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុ​ប​នៅ​ឆ្នាំ​១៩៧៥។

សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​ឯកសារ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​ស្រុង​របស់​លោក Ben Kiernan មាន​ចំណង​ជើង​ថា «THE DEMOCRAPHY OF GENOCIDE IN SOUTHEAST ASIA: The Death Tolls in Cambodia, 1975-79, and East Timor, 1975-80» ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០០៣។

ចំណែក​លោក Patrick Heuveline ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ប្រជាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា នៅ​ទីក្រុង​ឡូសអ៊ែនជែលែស សហរដ្ឋ​អាមេរិក បាន​​សន្និដ្ឋាន​ថា ពលរដ្ឋ​កម្ពុជា​ជាង ២​លាន​នាក់ បាន​ស្លាប់​នៅ​អំឡុង​ភាព​វឹក​វរ​ខាង​នយោបាយ​នៅ​ទសវត្សរ៍​១៩៧០ ហើយ​ចំនួន​ភាគ​ច្រើន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហមដែល​មាន​រយៈ​ពេល​មិន​ដល់ ៤​ឆ្នាំ​ផង។

សម្រាប់​ព័ត៌មាន​លម្អិត​ សូម​អាន​ការ​សិក្សា​ទាំង​ស្រុង​របស់​លោក Patrick Heuveline មាន​ចំណង​ជើង​ថា «The Demographic Analysis of Mortality Crises: The Case of Cambodia, 1970-1979»។

រី​ឯ​ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​ដោយ​ប្រវត្តិវិទូ​បារាំង លោក Henri Locard បាន​សន្និដ្ឋាន​ថា ពលរដ្ឋ​កម្ពុជា​ប្រហែល ២៥​ភាគរយ​ ឬ​ខ្ទង់ ១.៩៥​​លាន​នាក់ នៃ​ចំនួន​ប្រជាជន​សរុប ៧.៨​លាន​នាក់​នៅ​ឆ្នាំ​១៩៧៥ ត្រូវ​បាន​សម្លាប់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការ​សិក្សា​របស់​លោក Henri Locard សូម​អាន​សៀវភៅ​មាន​ចំណង​ជើង​ថា «State Violence in Democratic Kampuchea (1975–1979) and Retribution (1979–2004)»។

តើ​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជាង ៣​លាន​នាក់​មែន​ឬទេ?

របាយការណ៍​​របស់​ក្រុម​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ឱ្យ​ដឹង​ថា មនុស្ស​រាប់​រយ​នាក់​មាន​សមាជិក​បក្ស​ប្រឆាំង អ្នកសារព័ត៌មាន មេដឹកនាំ​សហជីព និង​អ្នក​ដទៃ​ទៀត ត្រូវ​បាន​សម្លាប់​ពាក់​ព័ន្ធ​នឹង​​នយោបាយ​នៅ​ក្រោម​របប​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​នេះ។

សូម​អាន​ព័ត៌មាន​លម្អិត​នៃ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) មាន​ចំណង​ជើង​ថា «30 Years of Hun Sen: Violence, Repression, and Corruption in Cambodia» ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០១៥ ចំ​ខួប ៣០​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន។

ទោះជាយ៉ាងណា គ្មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ត្រឹម​ត្រូវ ដើម្បី​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​ទៅ​ជាង ៣​លាន​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នោះ​ឡើយ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ប្រវត្តិវិទូ​អន្តរជាតិ សុទ្ធ​តែ​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជាច្រើន​ជាង ១​លាន​នាក់ បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដឹកនាំ​ដោយ ប៉ុល ពត។ នៅ​ក្រោម​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មនុស្ស​រាប់​រយ​នាក់ ត្រូវ​បាន​គេ​សម្លាប់​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ។

Avatar

Title:តួលេខ​មនុស្ស​ស្លាប់​ក្នុង​របប​​ខ្មែរ​ក្រហម និង​របប​បច្ចុប្បន្ន ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.