
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយឈ្មោះថា គណបក្សសម្រែកយុត្តិធម៌សង្គម បានបង្ហោះបំណែករូបថតពីរសន្លឹកលើបណ្ដាញសង្គមរបស់ខ្លួន។ បំណែកមួយនៃរូបថតនោះ បង្ហាញព្រៃឈើនៅតំបន់មានទឹក ហើយមានសំណេរថា «កោះកុងក្រៅត្រៀមខ្លួនអភិវឌ្ឍន៍» ខណៈបំណែកមួយទៀតនៃរូបថតនោះ បង្ហាញនូវវាលល្វឹងល្វើយ បន្ទាប់ពីការកាប់ឆ្ការឈូសឆាយព្រៃឈើ។ សំណេរលើបំណែកនៃរូបថតនេះ សរសេរថា គម្រប់ព្រៃឈើនៅតំបន់ការពារព្រៃឡង់ ត្រូវបានកាប់ឆ្ការ និងបោសសម្អាតក្លាយទៅជាទីវាលល្វឹងល្វើយ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកនោះ រៀបរាប់នៅលើរូបថតនោះថា «ព្រៃឡង់កំពុងអភិវឌ្ឍន៍» និង «កោះកុងក្រៅត្រៀមខ្លួនអភិវឌ្ឍន៍»។

ក្រៅពីគណនីហ្វេសប៊ុកខាងលើ រូបថតជាមួយការអះអាងបែបនេះ ក៏ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកផ្សេងទៀតផងដែរកាលពីឆ្នាំ២០២០កន្លងមក។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យលើរូបថតនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យបានជួបប្រទះនឹងរូបថតដើម និងព័ត៌មានលម្អិតនៃរូបថតនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ NPR តាំងពីចុងខែឧសភា ឆ្នាំ២០១៣កន្លងមកនេះ។ ព័ត៌មាននៅលើរូបថតដែលចុះផ្សាយដោយសារព័ត៌មានមួយនេះ បង្ហាញថា ទិដ្ឋភាពវាលល្វឹងល្វើយនៅក្នុងរូបថតនោះ គឺជាការឈូសឆាយដីព្រៃនៅលើកោះស៊ូម៉ាត្រាកាលពីឆ្នាំ២០១០កន្លងមក ដែលធ្វើឡើងដោយក្រុមហ៊ុនផលិតក្រដាស Asia Pulp and Paper (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសធំបំផុតមួយនៅលើពិភពលោក។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះឡើយ។ ការឈូសឆាយព្រៃឈើនៅក្នុងរូបថតនេះ មិនមែនកើតឡើងនៅតំបន់ព្រៃឡង់របស់ប្រទេសកម្ពុជានោះឡើយ។ ទិដ្ឋភាពនៃការឈូសឆាយព្រៃឈើនេះ បានកើតឡើងនៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១០កន្លងមក ដែលធ្វើឡើងដោយក្រុមហ៊ុនផលិតក្រដាសធំបំផុតលើពិភពលោកឈ្មោះថា APP។

Title:រូបថតបង្ហាញការឈូសឆាយព្រៃឈើនៅឥណ្ឌូនេស៊ី ត្រូវបានអះអាងថាជាព្រៃឈើតំបន់ព្រៃឡង់កម្ពុជា
Fact Check By: Jay UdomResult: False
