Fact Check: តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ធ្លាប់កោរ​សក់​មែន​ដែរ​ឬ​ទេ​?

Altered Political

ការ​កាន់​អំណាច​ និង​ដឹក​នាំ​ប្រទេស​ដ៏​យូរ​ឆ្នាំ​របស់​លោក ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ផង​នោះ​ បាន​នឹង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​ លើក​យក​មក​ជជែក​ ដេញ​ដោល​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ​ថ្មី​ៗ​នេះ​ រូប​ថត​មួយ​សន្លឹក​ ដែល​​បង្ហាញ​​លោក​ ហ៊ុន​ សែន​ ស្ថិត​ក្នុង​សភាព​កោរសក់​ និង​ជក់​បារី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ រូបថត​លោក ហ៊ុន សែន គ្មាន​សក់​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ត្រូវ​បាន​កាត់​ត​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួនមួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​អង្គុយ​ជក់​បារី​ និង​​ពាក់​វ៉ែន​តា​ខ្មៅ​​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បាន​បង្ហាញ​ថា សក់​ក្បាល​របស់​លោក​ត្រូវ​បាន​កោរ​ចេញ​អស់​ផង​ដែរ។​

រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ជា​ភាសា​ខ្មែរ​ ដោយ​អម​​នឹង​រូប​ថត​ថា​ «ចង់​​នាំ​​គ្នា​​ទៅ​​ប្លន់​​លោក​​ខាង​​លិច​​ម្ដង​​អា​​ណាត់​​ក្រោយ​… ពួក​វា​​កុហក​​ជឿ​​ចង់​​ងាប់​…​»។

Facebook Post | Archived Link

រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ផ្សេង​ផង​ដែរ​​កាល​ពី​ថ្ងៃ​​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០២១​។​

រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ជា​ភាសា​ខ្មែរ​ ដោយ​អម​​នឹង​សារ​បង្ហោះ​ថា​​ «រឿង​នេះ​ចប់​ដោយ​បរិបូណ៌​ សុំ​ទោស​ ព្រោះ​តែ​កូវីដ​ទើប​ផល្លិត​កម្ម​យើង​ខ្ញុំ​ មិន​អាច​ថត​បន្ត​ទៅ​ទៀត​បាន​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​លើ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​​ទៅ​ដល់​រូបថត​ដើម​​នៃ​រូបថតមួយ​​នេះ។

រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​អន្តរ​ជាតិ​មួយ​ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​​កាល​ពី​ឆ្នាំ​២០១៥​ ក្នុង​​សេចក្តី​រាយ​ការណ៍​​ព័ត៌​មាន​មួយ​ដែល​និយាយ​ថា ​លោក ហ៊ុន​ សែន​ ​បដិ​សេដ​​ផ្ដល់​ប្រាក់​ក្រោយ​ចាញ់​ការ​ភ្នាល់​​ការ​ប្រកួត​​​ប្រដាល់​​រវាង​កីឡាករ​ហ្វីលីពីន លោក​ ​ប៉ាក់​គី​អាវ និង​កីឡាករ​អាមេរិក លោក ផ្លយ ម៉េវ៉េឌ័រ (Floyd Mayweather)។​

ក្នុង​សេចក្តី​រាយការណ៍​នោះ រូប​ថត​មួយ​សន្លឹក​នោះ​ បាន​​បង្ហាញ​លោក​ ហ៊ុន សែន ពាក់​វែនតា​ខ្មៅ និង​ជក់​បារី ហើយ​លោក​មាន​សក់​ក្បាល​ដូច​ធម្មតា។

The World’s Report | Archived Link

តាម​រយៈ​ប្រភព​ផ្សេង​ទៀត​ ដែល​បាន​បង្ហាញ​ផង​ដែរ​អំពី​រូប​ថត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពេល​ដែល​លោក​នៅ​ជក់​បារី​នៅ​ឡើយ​នោះ​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ថា​ ពុំ​មាន​រូប​ថត​ណា​មួយ​ដែល​បាន​បង្ហាញ​ថា W​លោក​ធ្លាប់​មាន​ក្បាល​ទំពែក​ ឬ​អត់​មាន​សក់នោះ​ទេ​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​ CNN ដែល​បាន​បង្ហាញ​រូបថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​ជក់​បារី​ និង​មាន​សក់​ក្បាល​ដូច​ធម្មតា។​

CNN’s Report | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹក​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ច្បាប់​ដើម​នៃ​រូប​ថត​នោះ គឺ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​លោក​មាន​សក់​ជា​ធម្មតា​ និង​មិ​ន​បាន​បង្ហាញ​ពី​សភាព​ក្បាល​​កោរ​សក់​នោះឡើយ​​។​

Avatar

Title:តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​ធ្លាប់កោរ​សក់​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.