Fact Check: តើ​ក្រុម​តា​លីបង់​ពិត​ជា​បាន​រាំ​លេង​សប្បាយ ​ក្រោយ​ពី​បាន​ដណ្តើម​ទីក្រុង​កាប៊ុល​មែន​ឬ​?

False International

​កាល​​ពី​​២​សប្ដាហ៍​មុន​នេះ​ ក្រុម​​តាលីបង់​បាន​ចូល​ទៅ​កាន់​កាប់​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន ដោយ​បាន​ធ្វើ​ដំណើរ​សម្រុក​ទៅ​កាន់​គោលដៅ​សំខាន់​ៗ​ចំនួន​ ២​កន្លែង​ ​គឺ​ទីស្នាក់ការ​កណ្ដាល​នៃ​នាយកដ្ឋាន​សន្តិសុខ​ជាតិ និង​ក្រសួង​ទំនាក់​ទំនង។

ការ​វាយ​ដណ្តើម​ និង​គ្រប់​គ្រង​រដ្ឋ​ធានី​នៃ​ប្រទេស​មួយ​នេះ​​ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​កាន់​កាំ​ភ្លើង​មួយ​ក្រុម​កំពុង​តែ​រាំ​សប្បាយ​នៅ​ក្នុង​កម្មវិធី​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​ និង​អះ​អាង​ថា​ គឺ​ជា​ក្រុម​តាលីបង់​ក្រោយ​ពី​បាន​ដណ្តើម​​រដ្ឋធានី​កាប៊ុល​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​៤​នាទី​ ដោយបាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្ស​កំពុង​តែ​រាំ​លេង​សប្បាយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​សរសេរ​សំណេរ​អះ​អាង​ផង​ដែរ​ថា​ ក្រុម​មនុស្ស​ទាំង​នោះ​ គឺ​ជា​ក្រុម​តាលីបង់​ដែល​ទើប​តែ​ដណ្តើម​បាន​ទី​ក្រុង​កាប៊ុល​នា​ពេល​ថ្មី​ៗ​នេះ​។​

វីដេអូ​ភ្ជាប់​ជាមួយ​នឹង​​ការ​អះ​អាង​នេះ​ ត្រូវ​បាន​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បាន​សរសេរ​រៀប​រាប់​ថា​ «ក្រោយ​ពួក​គេ​ដណ្ដើម​បាន​ក្រុង​កាប៊ុល​ ពួក​តា​លី​បង់​បាន​រាំ​លេង​យ៉ាង​សប្បាយ​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​​២១​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅនេះ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Spean Newstv ក៏​បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​នេះ​ផង​ដែរ​ ដោយ​បាន​បញ្ជាក់​ថា​ក្រុម​មនុស្ស​ដែល​កំពុង​តែ​រាំ​នោះ​គឺ​ជា​ ក្រុម​តាលីបង់​ដែល​ទើប​តែ​ដណ្តើម​បាន​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន​។ វីដេអូ​មួយ​នេះ​ត្រូវ​បាន​ចែក​ចាយ​ ត​ៗ​គ្នា​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​បាន​អះ​អាង​​ថា​ «រាំ​ឡើង​ម៉ា​អែម​ ចាក់​ក្បាច់​ឡើង​ម៉ា​ហំ​ !ក្រុម​តា​លី​បង់​សប្បាយ​អស់​ទាស់​ ពេល​ដណ្តើម​បាន​អាហ្វ​ហ្គា​នី​ស្ថាន​!»។​ 

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​ករណី​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​វីដេអូ​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

តាម​រយៈ​គេហទំព័រ​វីដេអូ​ Youtube ដែល​បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​នូវ​​ទម្រង់​ និង​ភិនភាគ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​វីដេអូ​ឃ្លីប​ដែល​អ្នក​ប្រើ​ប្រាស់​​យក​មកអះ​អាង​ខាង​លើ​។​ វីដេអូ​នេះ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​ខាង​លើ​តាំង​ពី​ខែ​មីនា​ ៥​ខែ​មុន​នៃ​ព្រឹត្តិការណ៍​ក្រុម​តាលីបង់​ចូល​មក​កាន់​កាប់​ទីក្រុង​កាប៊ុល​មក​ម្ល៉េះ​។​

https://youtu.be/GAC2fbkXNeo

Youtube Link | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ផង​ដែរ​ដោយ​ក្រុម​ការ​ងារ ​Fact Crescendo របស់​យើង​​​ជា​ភាសាអង់​គ្លេស​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​ 

សេច​ក្តី​រាយ​ការណ៍​មួយ​នេះ​ក៏​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ “The viral video is actually from a wedding in Pakistan and does not show Taliban Militants celebrating after capturing Kabul. The video was recorded in March this year and has absolutely no connection with the current situation in Afghanistan.” ​ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «វីដេអូ​ដែល​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​​មួយ​នេះ​ការ​ពិត​ គឺ​ត្រូវ​បាន​រក​ឃើញ​ឡើង​នៅ​ក្នុង​ពិធី​មង្គល​ការ​មួយ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ហើយ​វា​មិន​បាន​បង្ហាញ​ និង​អះ​អាង​ថា​ជា​ក្រុមតាលីបង់​​ទេ​។ វីដេអូ​នេះ​ត្រូវ​បាន​ថត​នៅ​ខែមីនា​ដែល​​គ្មាន​ទំនាក់​ទំនង​ជាមួយ​នឹង​​ស្ថាន​ភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​ឡើយ​»។​  

ក្រុម​ការ​ងារ​របស់​យើង​ក៏​បាន​ផ្ទៀង​ផ្ទាល់​​នូវ​រូប​ថត​មួយ​សន្លឹក​របស់​លោក​ វ៉ា​ហាប់​ (Wahab) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​គឺ​ជា​មនុស្ស​មួយ​រូប​ដែល​មាន​វត្តមាន​នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ​ផង​ដែរ​។​ 

Fact Crescendo’s Report | Archived Link

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាល់​នូវ​វីដេអូ​ឃ្លីប​មួយ​នេះ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២១​ ​បាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Miscaptioned. The video appeared online at least as early as March 2021, almost five months before the Taliban takeover in August 2021.»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «វីដេអូ​មួយ​នេះ​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​តាម​គេហទំព័រ​វីដេអូ​ Youtube ​​ដំបូង​ឡើយ​នា​​ដើម​ខែ​មីនា​ ឆ្នាំ​២០២១​ ពោល​គឺ​ជិត​ប្រាំ​ខែ​មុន​ពេល​ក្រុម​តាលីបង់​ដណ្តើម​បាន​ទីក្រុង​កាប៊ុល​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​»។​

Reuters Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​​​នេះ​ មិនមែន​ជា​ទិដ្ឋ​ភាព​ក្រុម​តាលីបង់​រាំ​លេង​សប្បាយ​នៅ​ពេល​ដែល​វាយ​បាន​ និង​គ្រប់​គ្រង​ទីក្រុង​កាប៊ុល​នោះ​ទេ​។​ ការ​ពិតវីដេអូ​ឃ្លីប​នេះ​ គឺ​ត្រូវ​បាន​រក​ឃើញ​ឡើង​តាំង​ពី​ខែ​មីនា​មក​ម្ល៉េះ​ ពោល​គឺ​ជិត​ ៥​ខែ​ មុន​ពេល​ក្រុម​តាលីបង់​ដណ្តើម​បាន​ទីក្រុង​កាប៊ុល។​ វីដេអូ​នេះ​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ពិធី​មង្គល​ការ​មួយ​ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​ពុំ​បាន​ទាក់​ទង​ទៅ​នឹង​ក្រុម​តាលីបង់​នោះ​ឡើយ។

Avatar

Title:តើ​ក្រុម​តា​លីបង់​ពិត​ជា​បាន​រាំ​លេង​សប្បាយ ​ក្រោយ​ពី​បាន​ដណ្តើម​ទីក្រុង​កាប៊ុល​មែន​ឬ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *