មនុស្ស​៥​នាក់​ស្លាប់​ដោយសារ​កូវីដ​១៩​​ថ្មីៗ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន​នោះ​ឡើយ

Medical Misleading

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​បង្ការ​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៤២​ថ្ងៃ​មក​ហើយ ក្នុង​នោះ​មាន​ទាំង​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ចិន និង​វ៉ាក់សាំង Covishield ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន AstraZeneca ហើយ​ដែល​ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​យន្តការ​នៃ​អង្គការ​សុខភាព​ពិភព​លោក។

ទន្ទឹម​គ្នា​នេះដែរ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រាយការណ៍​ថា បាន​កើន​ឡើង​ដល់​ចំនួន ១ ៨១៧​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ ក្នុង​នោះ​កម្ពុជា​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ ដែល​ការ​ស្លាប់​នោះ​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ។

ការ​ស្លាប់​មនុស្ស​ ៥​ករណី​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​មួយ​ចំនួន​អះ​អាង​ថា គឺ​បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ចិន ព្រោះ​មនុស្ស​ដែល​បាន​ស្លាប់​សុទ្ធ​តែ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ធ្វើ​ឡើង​ដោយ​ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាលពីថ្ងៃទី២២​ ខែមីនា​កន្លងទៅនេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ អះ​អាង​ថា ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ បាន​កើត​ឡើង​តែ​លើ​ពលរដ្ឋ​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​រួច​ហើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​លាយ​ឡំ​ទៅ​ដោយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ការស្លាប់របស់អ្នកដែលមានជំងឺកូវីត១៩នៅខ្មែរកន្លងមកនេះ ជាទូទៅកើតមានលើ​អ្នកដែលបានចាក់វ៉ាក់សាំងចិនទាំងអស់»។​

(ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលបានបង្ហោះដោយអ្នកប្រើប្រាស់បណ្តាញសង្គម)

Facebook Post | Archived Link

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត អះអាង​នៅ​ក្នុង​គ្រុប​ហ្វេសប៊ុក​មួយ​ថា កម្ពុជា​មិន​មាន​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ដូច​ប្រទេស​ដទៃ​ទៀត​លើពិភព​លោក​ទេ ហើយ​អះ​អាងថា មនុស្ស​​ប៉ុន្មាន​នាក់​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ថា​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​នោះ គឺ​ស្លាប់​ដោយ​សារ​ការ​ចាក់​វ៉ាក់សាំង និង​ជំងឺ​ផ្សេងៗ។

រូបភាព​ផ្ដាម​ចេញពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ រៀបរាប់​ថា​ «ច្បាស់​ហើយ កម្ពុជា​មិន​មាន​កូវីដ​១៩ ឬ​ Coronavirus ពិត​ប្រាកដ​ដូច​ពិភព​លោក​នោះ​ទេ។ អ្នក​ដែល​ស្លាប់​ជាង ១០​នាក់ គឺ​ដោយសារ​ចាក់​វ៉ាក់សាំង និង​ស្លាប់​ដោយសារ​ជំងឺ​ផ្សេង២ ហើយ​តួលេខ​អ្នក​ឆ្លង​ទាំង​ប៉ុន្មាន គឺ​ជា​ការ​សម្ដែង ការ​ចោទ និង​ការ​ចាប់​បង្ខំ ការ​បំប៉ោង និង​ជា​ជំងឺ​ផ្សេង​ប៉ុណ្ណោះ។ វា​គ្មាន​ការ​ពិនិត្យ ឬ​ការ​ធ្វើ​តេស្ត​ណា​មួយ​ដោយ​សុក្រឹតភាព​នោះ​ឡើយ»។

Facebook Post | Archived Link

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​អះ​អាង​ថា បុរស​​កម្ពុជា​ម្នាក់​ទៀត​អាយុ ៣៨​ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «គាត់​ចាក់​វ៉ាក់សាំង​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១ ស្លាប់​ថ្ងៃ​នេះ[២៥ មីនា]។ ក្រសួង​ថា ដោយសារ​កូវីដ​។ ហេតុអ្វី​ភាគ​ច្រើន​ស្លាប់​តែ​អ្នក​ចាក់​វ៉ាក់សាំង?»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ពី​ស្ថាប័ន ​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជុំ​វិញ​មរណភាព​ទាំង ៥​ករណី​នោះ។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​កំណត់​ថា ពលរដ្ឋ​កម្ពុជា​វ័យ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ នឹង​ទទួល​បាន​វ៉ាក់សាំង​ Covishield ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន AstraZeneca ហើយ​ដែល​ត្រូវ​បានដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​ដើម​ខែ​មីនា បន្ទាប់​ពី​ទទួល​បាន​ការ​ជួយ​គាំ​ទ្រ​ដោយ​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​របស់​អង្គការ​សុខភាព​លោក។ ចំណែក​ពលរដ្ឋ​​កម្ពុជា​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ នឹង​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​ជំនួយ​របស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មកដល់​កម្ពុជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។​

បើ​ផ្អែក​តាម​សេចក្ដី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល បុរស​​វ័យ​៧៥​ឆ្នាំ​ខាង​លើនេះ ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ពលរដ្ឋ​ដែល​ត្រូវ​បាន​កំណត់​ឱ្យ​​ចាក់​វ៉ាក់សាំង Covishield មិន​មែន​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ដូច​ទៅ​នឹង​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ទេ។

បើ​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​​ ​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​វ័យ​៧៥​ឆ្នាំ​ខាង​លើ​នេះ គឺ​បណ្ដាល​មក​ពី​មេរោគ​កូវីដ​១៩ ដែល​បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​សួត​ទាំង​សង​ខាង​របស់​គាត់។

(សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​​បុរស​៧៥​ឆ្នាំ)

Facebook Post | Archived Link

សម្រាប់​​​ស្ត្រីម្នាក់​មាន​អាយុ ៦២​ឆ្នាំ ដែល​ជា​ម្ដាយ​របស់​តារា​ចម្រៀង​ស្រី កញ្ញា វី ឌីណែត និង​ជា​ភរិយា​របស់​តារា​ចម្រៀងជើង​ចាស់ លោក ហួរ ឡាវី នោះ ក្រសួង​សុខាភិបាល​បាន​បញ្ជា​ក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ដោយសារ​ការ​វាយ​លុក​យ៉ាង​រហ័ស​នៃ​មេរោគ​កូវីដ​១៩ ដែល​បណ្ដាល​ឱ្យ​​រលាក​សួង​ទាំង​សង​ខាង​យ៉ាង​ធ្ងន់​ធ្ងរ។

បើ​តាម​អាយុ​របស់​ស្ត្រី​រូប​នេះ គាត់​ក៏​ត្រូវ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ Covishield ផង​ដែរ មិន​មែន​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ផលិត​ឡើង​ដោយ​ប្រទេស​ចិន​នោះ​ទេ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia តារា​ចម្រៀង លោក ហួរ ឡាវី បាន​​បញ្ជាក់​ថា ភរិយា​របស់​លោក​ រូប​លោក​ផ្ទាល់ និង​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក មិន​ទាន់​​បាន​ចាក់​វ៉ាក់សាំង​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា​។

Facebook Post | Archived Link

សម្រាប់​ករណី​ស្លាប់​បុរស​វ័យ ៣៨​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ក្រសួង​សុខាភិបាល​ក៏​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ផង​ដែរ​ថា បណ្ដាល​មក​ពី​មេរោគ​កូវីដ​១៩ ដែល​បាន​វាយ​ប្រហារ​សួត​ទាំង​សង​ខាង​របស់​អ្នក​ជំងឺ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia ​​លោក ជុំ ផានិត ដែល​ហៅ​ថា នាយ​កណ្ដុរ ដែល​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​នឹង​បុរស​វ័យ​៣៨​ឆ្នាំ​ខាង​លើ​នេះ បាន​​ប្រាប់​ថា មិត្ត​ភក្តិ​រួម​អាជីព​សិល្បៈ​របស់​លោក​រូប​នេះ មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ឡើយ​ទេ ហើយ​រូបថត​ជាមួយ​ការ​រៀបរាប់​ថា លោក​រង់​ចាំ​ចាក់​វ៉ាក់សាំង​នៅ​ព្រះវិហារ​នោះ គឺ​គ្រាន់​តែ​បុរស​វ័យ ៣៨​ឆ្នាំ​ខាង​លើ​បាន​ជូន​មន្ត្រី​នគរបាល​ម្នាក់​ជា​មិត្ត​ភក្តិ​ទៅ​ចាក់​វ៉ាក់សាំង​តែ​ប៉ុណ្ណោះ។

ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​គ្រុប​តេឡេក្រាម​​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​នេះ​ផង​ដែរ ដោយ​ចាត់​ទុក​ការ​អះ​អាង​បែប​នេះ​ជា​«ការ​ប្រឌិត»។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន​ ៥​នាក់​ បាន​ស្លាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ចិន​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ រហូតម​ដល់​ថ្ងៃ​ទី​២៦ ខែ​មីន​នេះ គ្មាន​សេចក្ដី​រាយការណ៍​ផ្លូវការ​ណា​មួយ​អំពី​ករណី​ស្លាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ចិន​នោះ​ឡើយ ហើយ​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​ទាំង​នោះ បញ្ជាក់​ថា មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នៅ​ឡើយ។ ​ការ​ស្លាប់​របស់​មនុស្ស ៥​នាក់​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​ថា គឺ​បណ្ដាល​មក​ពីការ​វាយ​ប្រហារ​ដោយ​មេរោគ​កូវីដ​១៩។

Avatar

Title:មនុស្ស​៥​នាក់​ស្លាប់​ដោយសារ​កូវីដ​១៩​​ថ្មីៗ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន​នោះ​ឡើយ

Fact Check By: Jay Udom and Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *