
ខណៈដែលការបោះឆ្នោតសំខាន់ៗកាន់តែខិតចូលមកដល់នោះ រូបភាព រូបថត និងវីដេអូជាច្រើនដែលបង្ហាញពីគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ក្នុងចំណោមនោះ រូបថតអតីតប្រមុខការទូតអាមេរិក លោក John Kerry ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមផងដែរ ដោយបង្ហាញរូបលោកកាន់អាវយឺតសមួយដែលមានបោះពុម្ពអក្សរ «I love Cambodia» ហើយនៅក្រោមសំណេរនោះមានរូបសញ្ញារបស់គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជាមុនបក្សនេះត្រូវបានរំលាយចោលនៅចុងឆ្នាំ២០១៧កន្លងមក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ បញ្ជាក់ថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តខុសពីរូថតដើម។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកភ្ជាប់នឹងប៉ុស្តិ៍នៃវីដេអូមួយ។ រូបថតនោះ បង្ហាញអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃឺរី (John Kerry) កាន់អាវយឺតពណ៌សមួយ ដែលមានសំណេរជាភាសាអង់គ្លេសថា «I love Cambodia» ឬមានន័យជាភាសាខ្មែរថា «ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា» ហើយនៅក្រោមសំណេរនោះ មានរូបសញ្ញាគណបក្សសង្គ្រោះជាតិ (CNRP) ជាបក្សប្រឆាំងធំជាងគេនៅកម្ពុជានៅមុនបក្សនេះត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧កន្លងមក។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់នូវរូបថតនេះតាមរយៈការដំណើរការកម្មវិធីស្រាវជ្រាវរករូបថតរបស់ Google ដែលនាំឱ្យយើងជួបប្រទះរូបថតច្បាប់ដើម និងព័ត៌មានជុំវិញរូបថតនេះ។
រូបថតដើម បង្ហាញលោក ចន ឃឺរី កាន់អាវយឺតពណ៌សមានសំណេរបោះពុម្ពលើអាវថា «I Love Cambodia» ប៉ុន្តែ ផ្នែកខាងក្រោមនៃសំណេរនោះ មិនមានរូបសញ្ញាគណបក្សសង្គ្រោះជាតិនោះឡើយ។
រូបថតនេះ ត្រូវបានថតដោយលោក Jacquelyn Martin អ្នកសារព័ត៌មានរូបថតនៃទីភ្នាក់ងារព័ត៌មានបារាំង AFP នៅពេលលោក ឃឺរី ទិញអាវយឺតនេះសម្រាប់ចៅរបស់គាត់នៅហាងលក់វត្ថុអនុស្សាវរីយ៍ភ្នំពេញ ស្ថិតនៅលើផ្លូវ២៤០ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ រូបថតដែលបង្ហាញលោក ឃឺរី កាន់អាវយឺតសនេះ មាន ៣សន្លឹក។
សំណេរលើរូបថតរៀបរាប់ថា «រដ្ឋមន្ត្រីការបរទេស លោក ចន ឃឺរី កាន់អាវយឺតបោះពុម្ពជាមួយសំណេរថា I Love Cambodia ដែលលោកផ្ញើចៅរបស់លោក នៅពេលលោកដើរចេញពីហាងលក់វត្ថុអនុស្សាវរីយ៍ភ្នំពេញ នៅផ្លូវលេខ២៤០ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ លោក ឃឺរី បានជួបជាមួយមេដឹកនាំកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៦ មករា ដោយបានលើកសរសើរពីការរស់រានឡើងវិញគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ បានជំរុញឱ្យមានសេរីភាពនយោបាយកាន់តែទូលាយជាងមុន ខណៈដែលបុរសខ្លាំង លោក ហ៊ុន សែន ព្យាយាមបន្តក្ដោបក្ដាប់អំណាចរបស់លោកអស់រយៈពេល៣ទសវត្សរ៍មកហើយនោះ»។
លោក ចន ឃឺរី (John Kerry) អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅក្រោមរដ្ឋការដឹកនាំដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ អំឡុងអាណត្តិដឹកនាំរបស់លោក អតីតប្រមុខការទូតអាមេរិករូបនេះ បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមឆ្នាំ២០១៦។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនោះ លោក ចន ឃឺរី បានជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំគណបក្សប្រឆាំង និងមេដឹកនាំអង្គការស៊ីវិលផងដែរ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតបង្ហាញរូបលោក ចន ឃឺរី កាន់អាវយឺតដែលមានសំណេរ «I love Cambodia» និងមានរូបសញ្ញាគណបក្សសង្គ្រោះជាតិនោះ គឺជារូបភាពត្រូវបានកាត់ត។ រូបថតច្បាប់ដើម បង្ហាញលោក ចន ឃឺរី កាន់អាវយឺតពណ៌សដែលមានបោះពុម្ពសំណេរថា «I love Cambodia» និងមិនមានភ្ជាប់មកជាមួយរូបសញ្ញាគណបក្សសង្គ្រោះជាតិទេ។

Title:Fact-Check: តើអតីតប្រមុខការទូតអាមេរិក លោក ចន ឃឺរី កាន់អាវយឺតមានរូបសញ្ញាបក្សប្រឆាំងមែនទេ?
Fact Check By: Jay UdomResult: False