រូប​អតីត​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​អះ​អាងជា​លោក​ សម​ សារី​

False Political

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​នោះ ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ដេញ​ដោល​ខាង​នយោបាយ ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​យ៉ាង​ផុស​ផុល​​។

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​ជា​ក្រុម​របស់​មេ​ដឹក​នាំ​វៀត​ណាម​ ភ្ជាប់​ជាមួយ​នឹង​រង្វង់ខ្មៅ​ ដោយ​ត្រូវ​បាន​គេ​អះ​អាង​ថា​នោះ​ គឺ​ជា​ចារ​កម្ម​យួន​ សម​ សារី​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើ​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ នាយក​រដ្ឋ​មន្ត្រី​គំរូ​​ គឺ​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​​ សែន​ ដោយ​ក្នុង​នោះ​មាន​រូប​ថត​មួយ​សន្លឹក​ បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ថត​រូប​ជា​ក្រុម​របស់​មេ​ដឹក​នាំ​វៀត​ណាម​ ភ្ជាប់​ជាមួយ​នឹង​​ការ​អះ​អាង​ថានោះ​គឺ​ជា​ លោក​ សម​ សារី​។​ ​​​​លោក​ សម ​សារី​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​ ជា​ឪពុក​របស់​លោក ​សម ​រង្ស៊ី​ ដោយ​លោក​ក៏​ធ្លាប់​បាន​ធ្វើ​ជា​​ឧប​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​ឯក​អគ្គ​​រាជ​ទូត​ខ្មែរ​ប្រចាំនៅ​ចក្រ​ភព​អង់​គ្លេស​ផង​ដែរ​។​

រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​​កាល​ពី​ថ្មី​ៗ​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​ជា​ក្រុម​របស់​ថ្នាក់​ដឹក​នាំ​វៀត​ណាម​ ដោយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះ​អាង​ថា​ជា​លោក​ សម​ សារី​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​ករណី​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​មួយ​របស់​ប្រទេស​វៀត​ណាម​ VOV News ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ បានបង្ហាញ​នូវ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​សណ្ឋាន​ និង​ទម្រង់​ដូច​គ្នា​ទៅ​នឹង​រូប​ថត​របស់​អ្នក​ប្រើ​ប្រាស់​យក​មក​អះ​អាង​។​ នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អំពី​ឈ្មោះ​ និង​មុខ​ងារ​របស់​ថ្នាក់​ដឹក​នាំ​កំពូល​របស់​វៀត​ណាម​ទាំង​៤​នាក់​នេះផង​ដែរ។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​ VOV News ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​វៀត​ណាម​ថា​ «Tổng bí thư Trường Chinh trở thành cộng sự, người học trò gần gũi của Chủ tịch Hồ Chí Minh  và được xem là nhà lãnh đạo kiệt xuất trong những bước ngoặt của cách mạng Việt Nam. Trong ảnh, từ phải sang trái: Chủ tịch Hồ Chí Minh, Chủ nhiệm Tổng cục  Chính trị Nguyễn Chí Thanh, Tổng Bí thư Trường Chinh,  Phó Thủ tướng Phạm Văn Đồng tại Việt Bắc. (Ảnh tư liệu)» ឬប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «លោក​អគ្គ​លេខា​ធិការ​ ទ្រឿង​ ឈិន​ (Trường Chinh) បាន​ក្លាយ​ជា​សហការី​ និង​ជា​លេ​ខា​ដ៏​ជិត​ស្និទ្ធ​ម្នាក់​របស់​លោក​ប្រធាន​ ហូជីមិញ​ (Hồ Chí Minh) ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេ​ដឹកនាំ​ឆ្នើម​ម្នាក់​ នៅ​ក្នុង​ចំណុច​របត់នៃ​បដិវត្តន៍​របស់​ប្រទេស​វៀតណាម​។ រូប​ថត​ពី​ស្តាំ​ទៅ​ឆ្វេង​៖ លោក​ប្រធាន​ ហូ​ជី​មិញ​ (Hồ Chí Minh) លោក​ប្រធាន​អគ្គនាយក​ដ្ឋាន​នយោបាយ​ ង្វៀន​ ជី​ថាញ់​ (Nguyễn Chí Thanh) លោក​អគ្គ​លេខាធិការ​ ទ្រឿង​ ឈិន​ (Trường Chinh) លោក​ឧប​នាយករដ្ឋ​មន្ត្រី​ ផាម​ វ៉ាន់​ដុង​ (Phạm Văn Đồng) កាល​ថត​នៅ​វៀត​បាក់​ (រូបថត​ឯកសារ​)»។​

VOV News Report | Archived Link 

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៤​ គេហទំព័រ​មួយ​ផ្សេង​ទៀត​របស់​វៀត​ណាម​ Viet Info ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​ទិដ្ឋ​ភាព​រូប​ថត​មួយ​សន្លឹក​របស់​ថ្នាក់​ដឹក​នាំ​កំពូល​របស់​វៀត​ណាម​​ដែល​បាន​ថត​រូប​ជា​ក្រុម​ក្នុង​អំឡុង​ឆ្នាំ​១៩៥២​។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​ថា​នោះ​គឺ​ជា​ រូប​លោក​ សម​ សារី​ នោះ​ឡើយ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​វៀត​ណាម​ថា​ «Chủ tịch Hồ Chí Minh và các đ/c Phạm Văn Đồng, Trường Chinh, Nguyễn Chí Thanh, Lê Văn Lương làm việc với đại sứ Trung Quốc và» ឬប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «លោក​ប្រធាន​ ហូជីមិញ​ និង​លោក​ ផាម​ វ៉ាន់​ដុង, ទ្រឿង​ ឈិន​, ង្វៀន​ ជី​ថាញ់, ឡេ​ វ៉ាន់​ហ្លួង​ ខណៈ​ពេល​ថត​​ជាមួយ​លោក​ឯក​អគ្គរដ្ឋ​ទូត​ចិន​»។​

Viet Info Link | Archived Link

តាម​រយៈ​គេហទំព័រ​របស់​សាកលវិទ្យាល័យ​ជាតិ​របស់​វៀត​ណាម​ Vietnam National University ក៏​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ដូច​គ្នាផង​ដែរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «From right to left: President Ho Chi Minh, Chairman of the General Department of Politics Nguyen Chi Thanh, General Secretary Truong Chinh, Deputy Prime Minister Pham Van Dong in Viet Bac»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «រាប់​ពី​ស្តាំ​ទៅ​ឆ្វេង​៖ លោក​ប្រធាន​ ហូ​ជី​មិញ​ លោក​ប្រធាន​អគ្គ​នាយក​ដ្ឋាន​នយោបាយ​ ង្វៀន​ ជី​ថាញ់​ លោក​អគ្គ​លេខា​ធិការ​ ទ្រឿង​ ឈិន​ លោក​ឧប​នាយករដ្ឋ​មន្ត្រី​ ផាម​ វ៉ាន់​ដុង​ កាល​ថត​នៅ​តំបន់​វៀត​បាក់​»។​ 

Vietnam National University Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដោយ​ភ្ជាប់​ថ្នាក់​ដឹក​នាំ​វៀត​ណាម​ថា​ជា​លោក​ សម​ សារី​ ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​មែន​ជា​ទិដ្ឋ​ភាព​រូប​ថត​ឪពុក​របស់​លោក​ សម​ រង្ស៊ី​ នោះ​ឡើយ​។​ ការ​ពិត​រូប​ថត​នេះ​ (រាប់​ពី​ស្តាំ​ទៅ​ឆ្វេង) គឺ​ជា​ការ​ថត​រូប​ជុំ​គ្នា​រវាង​លោក​ប្រធាន​ ហូ​ជី​មិញ​ (Hồ Chí Minh) លោក​ប្រធាន​អគ្គនាយក​ដ្ឋាន​នយោបាយ​ ង្វៀន​ ជី​ថាញ់​ (Nguyễn Chí Thanh) លោក​អគ្គ​លេខាធិការ​ ទ្រឿង​ ឈិន​ (Trường Chinh) លោក​ឧប​នាយករដ្ឋ​មន្ត្រី​ ផាម​ វ៉ាន់​ដុង​ (Phạm Văn Đồng) នៅ​តំបន់​វៀត​បាក់​ ក្នុង​អំឡុង​ឆ្នាំ​១៩៥២​។​

Avatar

Title:រូប​អតីត​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​អះ​អាងជា​លោក​ សម​ សារី​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.