គិត​ត្រឹម​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ ប្រទេស​ថៃ​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ១៦​.៥៩​​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ​ចំនួន​ ៥០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ CoviShield ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​អាស្ត្រា​ហ្សេនីកា​, និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់របស់​ប្រទេស​ចិន​។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមថៃ​​យ៉ាង​ផុស​ផុល​ អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​ដែល​ខ្លួន​​ទទួលបាន​​។​

ក្នុង​ចំណោម​នេះ​មាន​ទំព័រ​​ហ្វេសប៊ុក​ព័ត៌​មាន​មួយ​ ​បង្ហោះ​វីដេអូ​ឃ្លីប​ដោយ​បាន​រាយ​ការណ៍​​ថាមាន​អ្នក​គ្រូ​បង្រៀន​ជន​ជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​ ក្រោយ​ពី​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​របស់​សហ​រដ្ឋ​អាមេរិក។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​​ដែល​អ្នក​ប្រើ​ប្រាស់បាន​​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​​ Kim Sophat World News បាន​បង្ហោះវីដេអូ​ឃ្លីប​រាយ​ការណ៍​មួយ​ដោយ​បាន​អះ​អាង​ថា ​គ្រូ​បង្រៀន​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិច​លាយ​ជាមួយ​វ៉ាក់​សាំង​ចិន។​

ទំព័រ​ហ្វេស​ប៊ុក​​ដដែល​ខាង​លើ​នេះ​ បាន​លើក​ឡើង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​ថា​វ៉ាក់​សាំង​​អាស្ត្រា​ហ្សេនី​កានេះ​ គឺ​ជាវ៉ាក់​សាំង​របស់​អាមេរិក​។​

វីដេអូ​​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាមួយ​ម៉ឺន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​រាប់​ពាន់​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អាសន្ន​​ធំ​ហើយ​! គ្រូ​បង្រៀន​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិច​លាយ​ជាមួយ​វ៉ាក់​សាំង​ចិន​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាល់​លើ​សេច​ក្តី​​រាយ​ការណ៍​​មួយ​​នេះ ​តាម​រយៈការ​​​ត្រួត​ពិនិត្យ​គេហទំព័រ​អង្គការ​សុខភាព​ពិភព​លោក និង​បណ្តា​សារព័ត៌មាន​នានាដូច​ខាង​ក្រោម​។​

កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​ គេហទំព័រ​សារ​ព័ត៌​មាន​ The Thaiger​ ​បញ្ជាក់​ថាអ្នក​គ្រូ​បង្រៀន​ជន​ជាតិ​ថៃ​ម្នាក់​វ័យ​ ៣៩​ឆ្នាំ ​បាន​ស្លាប់​បាត់​បង់​ជីវិត​​ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ដែល​ជា​ដូសទី​២​ ខណៈ​ដែល​ដូស​ទី​១​ គឺ​​វ៉ាក់សាំង​ស៊ីណូវ៉ាក់។ អ្នក​គ្រូ​ម្នាក់​នេះ​​ចាប់​ផ្តើម​មាន​អាការៈ​ចង់​ក្អួត​ចង្កោរ​ខុស​ប្លែក​ពី​ធម្មតា​ដោយ​​នៅ​​ម៉ោង​ប្រមាណ​ ៧​យប់បន្ទាប់​ នាង​​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​។​

រូប​ភាព​ផ្តាម​ចេញ​ពិី​គេហទំព័រ​សារ​ព័ត៌​មាន​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា «39 year old dies after AstraZeneca vaccine, a second dose following Sinovac»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «អ្នក​គ្រូ​បង្រៀន​ថៃ​ម្នាក់​អាយុ​ ៣៩​ឆ្នាំ​ បាន​ស្លាប់​បន្ទាប់​ពី​វ៉ាក់​សាំង​អាស្ត្រា​ហ្សេនី​កាដែល​ជា​ដូស​ទី​២​ បន្ទាប់​ពី​វ៉ាក់​សាំង​ស៊ី​ណូ​វ៉ាក់​​»​។​

The Thaiger’s Report | Archived Link

នៅ​ក្នុង​សេចក្តី​រាយការណ៍​មួយ​របស់​គេហទំព័រសារ​ព័ត៌​មាន BBC News រា​យ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០២១​​កន្លង​ទៅ​ បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ផ្លាស់​ប្ដូរ​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ចំនួន​ ២​ដង មក​ចាក់​វ៉ាក់សាំងអាស្ត្រា​ហ្សេនី​កាវិញ​ ប្រសិន​បើ​ពួក​គេ​បាន​ចាក់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ដូសទី​១​រួច​ហើយ​។​​

រូប​ភាព​ផ្តាម​ចេញ​ពិី​គេហទំព័រ​សារ​ព័ត៌​មាន​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា «The decision comes after hundreds of medical workers caught Covid despite being fully vaccinated with Sinovac. Instead of two Sinovac shots, people will now receive the AstraZeneca vaccine after their first Sinovac shot»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «ការ​សម្រេច​ចិត្ត​មួយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បុគ្គលិក​ពេទ្យ​រាប់​រយ​នាក់​ នៅ​តែ​បន្ត​​ឆ្លង​ជំងឺ​កូវីដ​-១៩​ ទោះ​បី​ជា​ត្រូវ​បាន​ចាក់​ថ្នាំ​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​បាន​គ្រប់​ដូស​ក៏​ដោយ​។​ ជំនួសឱ្យការចាក់​ថ្នាំ​​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ចំនួន​២​ដង​ ឥឡូវ​នេះ​ប្រ​ជាពលរដ្ឋ​នឹង​ទទួល​បាន​វ៉ាក់សាំងអាស្ត្រា​ហ្សេនី​កា បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ដូស​ដំបូង​របស់​ពួកគេ​​»​។​

BBC News’s Report | Archived Link

ទីភ្នាក់​ងារ​ព័ត៌មាន​​ Reuters ក៏​បាន​​បង្ហាញ​ផង​ដែរ​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា​ក្រុម​ហ៊ុន​វ៉ាក់​សាំង​អាស្ត្រា​ហ្សេនី​កា​ គឺជា​ក្រុម​ហ៊ុង​ជីវ​បច្ចេក​វិទ្យា​​ និង​ផលិត​ថ្នាំ​ដែល​​មក​ពី​ប្រទេស​អង់​គ្លេស​។​

Reuters’s Report | Archived Link

នៅ​ក្នុង​គេហទំព័រ​អង្គការ​សុខភាព​ពិភព​លោក ​វ៉ាក់​សាំង​អាស្ត្រា​ហ្សេនី​កា ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​វ៉ាក់​សាំង​ Oxford នោះ​ ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់តាំង​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០២១​មក​។​ ​​វ៉ាក់​សាំងមួយ​នេះ​​ ត្រូវ​​បាន​បង្កើត​ និង​ធ្វើ​ឡើង​ដោយ​ក្រុម​វេជ្ជសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ Oxford របស់​ប្រទេស​អង់​គ្លេស។​​

រូប​ភាព​ផ្តាម​ចេញ​ពិី​គេហទំព័រ​​របស់​​អង្គការ​សុខភាព​ពិភព​លោកដែល​បង្ហាញ​អំពី​ព័ត៌​មាន​ទូទៅ​របស់​ប្រភេទ​វ៉ាក់​សាំង​អាស្ត្រា​ហ្សេនី​កា។​

WHO’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា វីដេអូ​​ឃ្លីប​រាយ​ការណ៍​ដែល​ត្រូវ​បាន​បង្ហោះ​ និង​អះ​អាង​ដូច​រៀបរាប់​ខាង​លើ​នេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ វ៉ាក់​សាំងអាស្ត្រា​ហ្សេនី​កា​ មិន​មែន​ជា​វ៉ាក់​សាំង​របស់​សហ​រដ្ឋ​អាមេរិកនោះ​ឡើយ​។​ ការ​ពិត​វ៉ាក់​សាំងអាស្ត្រា​ហ្សេនី​កា​ គឺ​ជា​វ៉ាក់​សាំង​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុម​វេជ្ជសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ Oxford របស់​ប្រទេស​អង់​គ្លេស​។

Avatar

Title:តើគ្រូ​បង្រៀន​ថៃ​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិក​​​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim

Result: Misleading