ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៥ ខែ​មិថុនា​នេះ ហើយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​មួយ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។

លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នេះ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​បាន​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​ជាង​គេ ខណៈ​គណបក្ស​ភ្លើងទៀន​ដែល​ជា​បក្ស​ប្រឆាំង​ដែល​ទើប​តែ​ត្រូ​វ​បាន​បង្កើត​ឡើង​នោះ បាន​ទទួល​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​លំដាប់​ទី​ពីរ។

ទោះជាយ៉ាងណា មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត វិទ្យុ​អាស៊ី​សេរី (Radio Free Asia) ឬ RFA បាន​ចុះ​ផ្សាយ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ទេ។

វិទ្យុ RFA ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ផ្សាយ​ដូច្នេះ​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​​មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់។

ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ បាន​បញ្ចេញ​មតិ​ទៅ​លើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់ RFA ដែល​ត្រូវ​បាន​​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២២។

RFA | Archived Link

សេចក្ដី​រាយការណ៍​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យក​ទៅ​បង្ហោះ និង​ចែក​រំលែក​បន្ត​​ជាច្រើន​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ​្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក SUNTV Channel 7 Cambodia ដែល​បាន​បង្ហោះ​សេចក្ដី​រាយការណ៍​របស់ RFA កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២២។

Facebook Post | Archived Link

តើ​គណបក្ស​ភ្លើងទៀន​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ឬទេ?

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ទៅ​លើ​សេចក្ដី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​សម្ដី​របស់​លោក សុន ឆ័យ ដែល​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ការ​ពិនិត្យ​មើល​ការ​ចុះផ​្សាយ​ដោយសារព័ត៌មាន​ដទៃ​ទៀត និង​ការ​សម្ភាស​ឡើង​វិញ​ជាមួយ​តំណាង​គណបក្ស​ភ្លើងទៀន ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ត្រង់​ថេរ​វេលា ២១ៈ៥៦​នាទី​នៃ​​វីដេអូ​សន្និសីទ​សារព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ដោយ​ទំព័រ​ហ្វេសប៊ុក​គណបក្ស​ភ្លើង​ទៀន​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា លោក សុន ឆ័យ ពិត​ជា​បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​នេះ​នោះ​ឡើយ។

លោក សុន ឆ័យ ថ្លែង​ថា​ «ពាក្យ​ថា យើង​ប្រកាស​ថា ការបោះ​ឆ្នោត​មិន​សេរី​យុត្តិធម៌ បាន​ន័យ​ថា យើង​អត់​ទទួល​ស្គាល់​ទេ​បាទ! យើង​អត់​ទទួល​ស្គាល់​ទេ អា​ហ្នឹង​ហើយ​ដែល​យើង​ចង់​កែ​ប្រែ​ទៅ​ថ្ងៃ​ក្រោយ​ឱ្យ​មាន​យុត្តិធម៌​ត្រឹម​ត្រូវ​ឡើង»។

ទោះជាយ៉ាងណា នៅ​ពេល​អ្នក​សារព័ត៌មាន​សាក​សួរ​ថា តើ​គណបក្ស​ភ្លើងទៀន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឬ​យ៉ាងណា​នោះ លោក សុន ឆ័យ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ទទួល​យក​អាសនៈ​ដែល​គណបក្ស​មួយ​នេះ​ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មិថុនា។

នៅ​ត្រង់​ថេរ​វេលា ២៣ៈ០០ លោក សុន ឆ័យ បញ្ជាក់​ថា «យើង​មិន​និយាយ​ថា មិន​ទទួល​[ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត]ទេ យើង​និយាយ​ថា វា​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ​»។

នៅ​ត្រង់​ថេរ​វេលា ២៤ៈ០០ លោក សុន ឆ័យ ថ្លែង​បន្ត​ថា «លទ្ធផល​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ បាន​ន័យ​ថា ឆន្ទៈ​ដែល​ពលរដ្ឋ​ចង់​បាន​ហ្នឹង​អត់​បាន​សម្ដែង​បាន​ដូច​នឹង​លទ្ធផល​ហ្នឹង​ទេ។ លទ្ធផល​ហ្នឹង​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ពិត​ប្រាកដ​ទេ។ ក៏​ប៉ុន្តែ មួយ​ផ្នែក​នៃ​ឆន្ទៈ​ហ្នឹង​ វា​បាន​ចេញ​ជា​លទ្ធផល​ហើយ គ្រាន់​តែ​ឆន្ទៈ​អ្នក​ដទៃ​ទៀត​ ដោយសារ​ការ​គាប​់​សង្កត់ ដោយសារ​ការ​យក​លុយទៅ​ទិញ ដោយសារ​ការ​ដឹក​ជញ្ជូន ដោយសារ​ការ​បំភិត​បំភ័យ​អី​ហ្នឹង គ្នា​ទៅ​បោះ​ឆ្នោត​ឱ្យ​អ្នក​​ផ្សេង​ដែល​ខ្លួន​មិន​ចង់​បោះ​ឱ្យ។ ប៉ុន្តែ អ្នក​មួយ​ចំនួន​ដែល​គាត់​រឹង គាត់​បោះ​ឆ្នោត អា​ហ្នឹង​គឺ​ជា​លទ្ធផល​របស់​គណបក្ស​ភ្លើងទៀន»។

Facebook Post | Archived Link

ខណៈ​ដែល​វិទ្យុ​អាស៊ី​សេរី​ចុះ​ផ្សាយ​បែប​ខាង​លើ​នេះ រី​ឯ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD) បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ដដែល​នោះ​ថា គណបក្ស​ភ្លើង​ទៀន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ បើទោះបីការ​បោះ​ឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅ​មិន​សេរី យុត្តិធម៌ ត្រឹម​ត្រូវ​ក៏​ដោយ។

VOD | Archived Link

កាល​ពី​ថ្ងៃ​ទី០៦ មិថុនា គណបក្ស​ភ្លើងទៀន ក៏​បាន​​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ផង​ដែរ​ ដោយ​បាន​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ​ថា «មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ»។

គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ចង្អុល​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​នានា​នៃ​ដំណើរការ​បោះ​ឆ្នោត ដែល​នាំ​ឱ្យ​គណបក្ស​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​មិន​សេរី មិន​យុត្តិធម៌ និង​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​គណបក្ស​ភ្លើង​ទៀន ដែល​បាន​បង្ហាញ​សេចក្ដីការណ៍​កាល​ពី​ថ្ងៃ​ទី​០៦ មិថុនា។

CLP’s Facebook Post | Archived Link

ដោយសារ​តែ​ការ​ថ្លែង​របស់​លោក សុន ឆ័យ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ហាក់​បង្ហាញ​នូវ​ភាព​មិន​ច្បាស់​លាស់​អំពី​ការ​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នោះ Fact Crescendo Cambodia បាន​ស្វែង​រក​ការ​បក​ស្រាយ​ឡើង​វិញ​ពី​គណបក្ស​ភ្លើងទៀន។

អ្នក​​នាំ​ពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា បាន​ប្រាប់​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ថ្មីៗ​នេះ ប៉ុន្តែ គណបក្ស​មិន​អាច​ទទួល​យក​នូវ​របៀប​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដោយសារ​តែ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ត្រូវ​បាន​រក​ឃើញ​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក​នេះ។

សូម​ស្ដាប់​កិច្ច​សម្ភាស​ជាមួយ​​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើងទៀន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​បាន​បក​ស្រាយ​​បន្ថែម​ទៅ​លើ​អ្វី​ដែល​លោក សុន ឆ័យ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា។

ការ​ថ្លែង​វាយ​តម្លៃ​ទៅ​លើ​សភាព​ការណ៍ និង​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ​រួច​មក លោក សុន ឆ័យ បាន​ទទួល​រង​បណ្ដឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) និង​បណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

ក្នុង​បណ្ដឹង​របស់​ខ្លួន​ដាក់​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ គ.ជ.ប. ចោទ​លោក សុន ឆ័យ ពី​បទ​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ» បន្ទាប់​ពី​លោក​បាន​និយាយ​នៅ​ក្នុង​កម្មវិធី Ideal Talk របស់​សារព័ត៌មាន The Cambodia Daily កាល​ពី​ថ្ងៃទី​០៧ ខែ​មិថុនា។

Facebook Post | Archived Link

Avatar

Title:តើ​គណបក្ស​ភ្លើង​ទៀន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ​ឬទេ?

By: Jay Udom

Result: Explainer