
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានគេសង្កេតឃើញថា មានភាពមិនសូវចុះសម្រុងនឹងគ្នានោះឡេីយ ជាពិសេសបញ្ហាព្រំដែន ដែលវាបានក្លាយទៅជាប្រធានបទជជែកដេញដោលយ៉ាងផុសផុលនៅលើបណ្តាញសង្គមនានា។
ជាក់ស្តែងថ្មីៗនេះ មានរូបថតមួយសន្លឹក ដែលបង្ហាញសម្តេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ លត់ជង្គង់គោរពរូបថតលោក ហូ ជីមិញ ស្ថាបនិកនៃរបបកុម្មុយនីស្តវៀតណាមនោះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមយ៉ាងផុសផុល។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញរូបរបស់សមេ្តចនរោត្តម មុនីនាថ សីហនុ ដែលត្រូវជាព្រះមាតាបង្កើតរបស់ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ រូបថតមួយសន្លឹកនេះ ក៏បង្ហាញអំពីទិដ្ឋភាពដែលសម្តេចយាយ ទ្រង់បានលត់ជង្គង់នៅក្រោមរូបថត ដែលហាក់ដូចជាគោរពអតីតមេដឹកនាំវៀតណាមម្នាក់គឺលោក ហូជីមិញ។ លោក ហូជីមិញ ត្រូវបានគេស្គាល់ថា គឺជាមេដឹកនាំកុម្មុយនិស្តវៀតណាមដ៏ល្បីឈ្មោះមួយរូប ដែលបានបង្រួបបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូងឲ្យក្លាយទៅជាប្រទេសតែមួយ។
អ្នកប្រើប្រាស់ដដែលខាងលើនេះ ពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃរូបថតនោះទេ។
រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «ស្រីយួននេះត្រូវ ហូជីមិញ បញ្ជូនឲ្យមកធ្វើជា “ចៅហ្វាយ” របស់សីហនុឆ្នាំ១៩៤៩ !ចាប់ពីពេលនោះមក ប្រទេសខ្មែរ ចាប់ផ្តើមហិនហោចរហូត! ទាំងជីវិតមនុស្ស ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ កិត្តិយស ប្រទេសជាតិត្រូវរលាយ!»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងភិនភាគដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មានរបស់ប្រទេសចិន Xinhua កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ។ នៅក្នុងគេហទំព័រដដែលនេះ បាន
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន ដែលបានរៀបរាប់ជាភាសាចិនថា «柬前国王西哈努克在北京逝世 习近平看望柬埔寨太后» ឬប្រែជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate ដែលមានន័យថា «អតីតព្រះមហាក្សត្រខ្មែរ សីហនុ សោយទិវង្គតនៅទីក្រុងប៉េកាំ លោក ស៊ីជីនពីង បានចូលគាល់ព្រះមហាក្សត្រីយានីខ្មែរ»។
Xinhua’s Report | Archived Link
គេហទំព័រសារព័ត៌មានមួយទៀតរបស់ប្រទេសថៃ The Chiangrai Times ក៏បានផ្សព្វផ្សាយនូវរូបថតដូចគ្នានេះផងដែរ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២។ នៅក្នុងសេចក្តីរាយការណ៍ដដែលនេះ បានបញ្ជាក់ថាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្តេចព្រះនរោត្តម សីហនុ បានសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២នាទីក្រុងប៉េកាំង ប្រទេសចិន។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន ដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «Cambodia’s former Queen Monineath mourns her husband, Norodom Sihanouk, who died in Beijing yesterday» ឬប្រែជាភាសាខ្មែរថា «អតីតព្រះមហាក្សត្រីយានី មុនីនាថ សម្តែងការកាន់ទុក្ខចំពោះស្វាមីគឺសម្តេចព្រះនរោត្តម សីហនុ ដែលបានសោយទិវង្គតនៅទីក្រុងប៉េកាំងកាលពីម្សិលមិញ»។
Chiangrai Times’s Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើ ត្រូវបានកាត់ត មុននឹងបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ការពិតរូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពអតីតព្រះមហាក្សត្រីយានី មុនីនាថ សម្តែងការកាន់ទុក្ខចំពោះការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រនរោត្តម សីហនុ នៅក្នុងទីក្រុងប៉េកាំងរបស់ចិនកាលពីឆ្នាំ២០១២។

Title:រូបថតសម្ដេចព្រះវររាជមាតា នរោត្ដម មុនីនាថ លត់ជង្គង់មុខរូបថតលោក ហូ ជីមិញ មិនមែនជាការពិត
Fact Check By: Kakada SimResult: Altered
