
បាងកក គឺជារាជធានី និងជាទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសថៃ។ ដោយសារតែលក្ខណៈភូមិសាស្រ្ត អំណោយផល និងជាមជ្ឈមណ្ឌលនៃគមនាគមន៍របស់អាស៊ីផងដែរនោះ វាបានធ្វើឲ្យទីក្រុងបាងកក បានក្លាយជា ស្នាក់ការនៃអង្គការអន្តរជាតិ និងក្នុងតំបន់ជាច្រើន។ ថ្មីៗនេះ យើងឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានយករូបភាពមួយសន្លឹកដែលស្ថិតនៅក្នុងទីក្រុងមួយនេះ មកអះអាងថាជាទីក្រុងព្រែកឬស្សីទៅវិញ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ មានអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបភាពមួយ សន្លឹក ដែលបង្ហាញអំពីទិដ្ឋភាពនៃទីក្រុងមួយដែលមានទីតាំងក្បែរនឹងមាត់ទន្លេ។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បាន អះអាងដែរថា «ទីក្រុងព្រែកឬស្សី»។ ព្រែកឫស្សី ជាទីក្រុងមួយ (បច្ចុប្បន្នបានផ្លាស់ប្តូរឈ្មោះទៅជាខេត្ត Cần Thơ ប្រទេសវៀតណាមវិញ) ដែលស្ថិតនៅក្នុងតំបន់វាលទំនាបនៃដងទន្លេមេគង្គ និងមានចម្ងាយប្រមាណ ១៦៩ គីឡូម៉ែត្រពីទីក្រុងហូជីមិញ។ ការអះអាងមួយនេះត្រូវបានចែករំលែកសារជាថ្មីនាប៉ុន្មានថ្ងៃចុងក្រោយនេះ ពីសំណាក់ អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបានរៀបរាប់ថា «ទីក្រុងធំទាំងពីរប្រចាំដែនដីកម្ពុជាក្រោមដែល ត្រូវអាចោរយួនលេបយកទៅបាត់ ក្នុងនាមជាកូនខ្មែរ ជាពលរដ្ឋខ្មែរ នៃម្ចាស់ប្រទេស ត្រូវតែទាមទាយកមកវិញ៕ ១.ក្រុងព្រែកឫស្សី ២.ក្រុងព្រៃនគរ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image និងតាមរយៈកម្មវិធី Yandex ដែលនាំឲ្យទៅរកឃើញការពិតប្រភពដើមនៃទិដ្ឋភាពនៃទីក្រុងមួយនេះ ដែលមាន ទម្រង់ដូចគ្នាទាំងស្រុង។
តាមរយៈការបង្ហោះរូបភាពមួយដែលមានទម្រង់ដូចគ្នាទាំងស្រុងនៅលើបណ្តាញគេហទំព័រ Remote Lands កន្លងទៅនេះ ដែលបានបញ្ជាក់ និងរៀបរាប់អំពីដំណើរកម្សាន្តនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ ក្នុងគេហទំព័រមួយនេះ ក៏បានលើក ឡើងផងដែរអំពីជម្រើសដ៏ល្អបំផុតក្នុងការធ្វើដំណើរតាមដងទន្លេចៅព្រះយ៉ានាពេលល្ងាច។
រូបភាពផ្ដាមចេញពីគេហទំព័រ ដែលបានសរសេររៀបរាប់ចំណងជើងជាភាសាអង់គ្លេសថា «24 HOURS IN BANGKOK» ប្រែជាភាសាខ្មែរមានន័យថា «២៤ម៉ោងនៅក្នុងទីក្រុងបាងកក»។

រូបភាពមួយសន្លឹកផ្សេងទៀត ដែលត្រូវបានគេថតនៅទីតាំងតែមួយនោះ ក៏បានចុះផ្សព្វផ្សាយផងដែរនៅក្នុងគេហទំព័រ Mast Yatri ដែលបានបង្ហោះនូវរូបភាពដែលមានទម្រង់ដូចគ្នា និងមានទីតាំងដូចគ្នាទាំងស្រុង ដោយបានបញ្ជាក់ថា វាគឺជាទិដ្ឋភាពនៅទន្លេចៅព្រះយ៉ាក្នុងទីក្រុងបាងកកនាពេលរាត្រី។
រូបភាពផ្ដាមចេញពីគេហទំព័រ ដែលបានសរសេររៀបរាប់ចំណងជើងជាភាសាអង់គ្លេសថា «The most popular and main river of Bangkok is the Chao Phraya River. It’s also the place where you get to see many beautiful hotels, temples, and bridges of Bangkok.» ប្រែជាភាសាខ្មែរមានន័យថា «កន្លែងដែលពេញនិយម និងជាទន្លេដ៏សំខាន់នោះ គឺជាទន្លេចៅព្រះយ៉ា ដែលវាជាទីតាំងបណ្តុំទៅដោយសណ្ឋាគារ ព្រះវិហារ និងស្ពានដ៏ស្រស់ស្អាតនៅក្នុងទីក្រុង បាងកក»។

ឆ្លើយតបនឹងការសាកសួរបន្ថែមពី Fact Crescendo Cambodia តាមរយៈប្រព័ន្ធផ្ញើសារនៅល្ងាចថ្ងៃនេះ អ្នកប្រើហ្វេសប៊ុក ដែលបានអះអាងខាងលើ បានប្រាប់ថា គាត់បានយករូបថតមួយនេះចេញពីអ្នកប្រើហ្វេសប៊ុកដទៃផ្សេងទៀត ដែលលោកធ្លាប់បានឃើញពីមុនមក។ លោកក៏បានបញ្ជាក់ផងថា រូបលោកផ្ទាល់ក៏មិនច្បាស់មួយរយភាគរយថា ទិដ្ឋភាពនៃទីក្រុងមួយនេះ វាពិតជាស្ថិតនៅក្នុងទីក្រុងព្រែកឬស្សីនោះដែរ។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាអះអាងថាជាទិដ្ឋភាព ទីក្រុងព្រែកឬស្សី នៅក្នុងប្រទេសវៀតណាមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ និងមិនមែនជាការពិតនោះទេ។ ការពិត រូបភាពមួយសន្លឹកនេះ ត្រូវបានរកឃើញ និងថតឡើងចេញពីទីក្រុងបាងកក ប្រទេសថៃ។

Title:Fact Check: រូបភាពបង្ហាញអំពីទិដ្ឋភាពទីក្រុងក្បែរនឹងមាត់ទន្លេ គឺស្ថិតនៅក្នុងទីក្រុងបាងកក
Fact Check By: Kakada SimResult: Misleading