Fact-Check: រូបភាព​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​​​ទីតាំង​អាជីវ​កម្ម​ធន​ធាន​រ៉ែ​កម្ពុជា​ដោយ​មិន​ត្រឹម​ត្រូវ

Misleading Social

ការ​បាត់​បង់​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​ចំណោម​សាធារណជន​កម្ពុជា ហើយ​ក៏​មាន​ការ​ទាមទារ​ឱ្យ​ជួយ​ថែ​រក្សា និង​ការពារ​ធ្វើ​ឡើង​នៅ​តាម​បណ្ដាញ​សង្គម​ផងដែរ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្មីៗ​នេះជាមួយ​ការ​អះ​អាង​ថា ជា​ធន​ធាន​រ៉ែ​មាស និង​ត្បូង​មាន​តម្លៃ​របស់​កម្ពុជា ដែល​ត្រូវ​បាន​កេង​ប្រវ័ញ្ច​ដោយ​ជន​បរទេស។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​បាត់​បង់​ធនធាន​រ៉ែ​របស់​កម្ពុជា​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត ៥​សន្លឹក ដែល​បង្ហាញ​ពី​ទីតាំង​ជីក​យក​រ៉ែ​មួយ​កន្លែង ត្បូង​ពណ៌​ខៀវ និង​កម្ទេច​មាស។ គណនី​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា រូបថត​ដែល​បង្ហាញ​ទីតាំង​ជីក​យក​រ៉ែ​មួយ​កន្លែង​នោះ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​រតនគិរី ហើយ​ត្បូង​ពណ៌​ខៀវ​ដ៏​ធំ​មួយ និង​គ្រាប់​ត្បូង​ពណ៌​ខៀវ​តូចៗ គឺ​ជា​សម្បត្តិ​របស់​ខ្មែរ និង​ជា​ត្បូង​ត្រូវ​បាន​ជីក​យក​ពី​ខេត្ត​រតនគិរី។

រូបថត​នៃ​ទិដ្ឋភាព​ភ្នំ​​មួយ​កន្លែង ត្រូវ​បាន​អះអាង​ថា ជា​ទីតាំង​ជីក​យក​រ៉ែ​មាស​នៅ​ក្នុង​ខេត្ត​រតនគិរី ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ឦសាន​​នៃ​ប្រទេស​កម្ពុជា។

Facebook Post | Archived Link

រូបថត​នៃ​ថ្ម​ខៀវ​មួយ ត្រូវ​បាន​អះ​អាង​ថា ត្បូង​ខៀវ​ដែល​ជា​សម្បត្តិ​របស់​ប្រទេស​ និង​ប្រជាជន​កម្ពុជា។

Facebook Post | Archived Link

រូបថត​​នៃ​ដុំ​ពណ៌​មាស​មួយ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ការ​អះអាង​ថា ជា​ធន​ធាន​រ៉ែ​មាស​ដែល​ត្រូវ​បាន​រុក​រក និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​រតនគិរី។

Facebook Post | Archived Link

រូបថត​ត្បូង​ខៀវ ត្រូវ​បាន​អះ​អាង​ថា ជា​ត្បូង​ត្រូវ​បាន​រុក​រក និង​ធ្វើ​អាជីកម្ម​នៅ​ក្នុង​ខេត្ត​រតនគិរី ភាគ​ឦសាន​ប្រទេស​កម្ពុជា។

Facebook Post | Archived Link

រូបថត​ដុំ​ពណ៌​មាស ត្រូវ​បាន​បង្ហោះ​ជាមួយ​រូបថត​ផ្សេង​ទៀត ដែលត្រូវ​បាន​អះ​អាង​ថា ជា​ធនធាន​រ៉ែ​មាស​ត្រូវ​បាន​ទាញ​យក​ពី​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា។

Facebook Post | Archived Link

រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​បញ្ជាក់​លើ​រូបថត​ទាំង​នោះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រាប់​រយ​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រួម​ជាមួយ​ប្រតិកម្ម​ផ្សេងៗ។

រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «ទ្រព្យ​សម្បត្តិនឹង[និង]​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា មាន​មហា​សាល មិន​គួរ​ណា​ ហុន [ហ៊ុន] សែន លក់​យក​លុយ​ផ្ដាច់​មុខ​ទុក​អោយ[ឱ្យ]​រាស្ត្រ​ខ្មែរ​វេទនា​រហូត ហើយ​មិន​នឹក​ស្មាន​ថា ប្រជាជន​ដែល​កើត​នៅ​លើ​គំនរ​មាស​ពេជ្រ​បែរ​ជា​ធ្លាក់​ខ្លួន​ក្រ​តោក​យ៉ាក​រហេម​រហាម​ដើរ​ស៊ី​ឈ្នួល​ធ្វើ​កញ្ជះ​គេ​សឹង​គ្រប់​ប្រទេស​ទៅ​ហើយ​នោះ សូម​បង​ប្អូន​ជន​រួម​ឈាម​ខ្មែរ​ជួយ​ប្រាប់​ផ្ដាំ​តៗ​គ្នា​ដល់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​ថា (សូម​កុំ​ជ្រើស​យក​ចោរ​មក​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​ជាតិ​យើង​អោយ[ឱ្យ]​សោះ​ណា!)»។

Facebook Post | Archived Link

ប៉ុស្តិ៍​ខាង​លើ​នេះ មិន​បាន​បញ្ជាក់​ប្រភព​នៃ​រូបថត​នោះ​ឡើយ ប៉ុន្តេ រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០២០​កន្លង​មក​។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​អះ​អាង​ថា រ៉ែ​មាស​នៅ​ក្នុង​ខេត្ត​រតនគិរី ត្រូវ​បាន​រុក​រក​ដោយ​ក្រុម​ហ៊ុន​ចិន និង​ដឹក​ជញ្ជូន​យក​ទៅ​ប្រទេស​ចិន​ ខណៈ​ប្រជាជន​កម្ពុជា​ជា​ម្ចាស់​ប្រទេស​ បាន​ត្រឹម​ឈរ​មើល​វិនាសកម្ម​ធន​ធាន​រ៉ែ។

រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​ជិត ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក រៀបរាប់​ថា «តំបន់​រ៉ែ​មាស​ក្នុង​ខែត្ត[ខេត្ត]​រតនគិរី ត្រូវ​ក្រុមហ៊ុន​ចិន​ជីក​កោះ​[គាស់]កើប​ដឹក​ជញ្ជូន​យក​ទៅ​ប្រទេស​របស់​គេ​យ៉ាង​សប្បាយ។ ខ្មែរ​ម្ចាស់​ទ្រព្យ​បាន​ត្រឹម​ឈរ​មើល​ខាំ​មាត់​ក្ដាប់​ដៃ​ឆ្អិត​ទ្រូង​ប៉ុណ្ណោះ។ របប ហ៊ុន សែន លក់​អស់​ហើយ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្រាវ​ជ្រាវ​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ឈាន​ទៅ​រក​ឃើញ​រូបថត​ដើម និង​ខ្លឹមសារ​នៃ​រូបថត​ទាំង​នេះ។

រូបថត​មួយ​សន្លឹក​ដែល​មាន​សរសេរ​អក្សរ​«រតនគិរី»​នៅ​ពី​លើ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​ដែល​ចុះ​ផ្សាយ​ដោយសារ​សារព័ត៌មាន​កោះ​សន្តិភាព​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២។ អត្ថបទ​សារព័ត៌មាន​ទាំង​មូល និង​រូបថត មិន​អាច​មើល​ឃើញ​នោះ​ឡើយ ប៉ុន្តែ អាច​មើល​ឃើញ​តាម​រយៈ​ការ​រក្សា​រូបថត​ទុក​នៅ​លើ Google Image។ រូបថត​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​ក្រោម​ចំណង​ជើង​ថា «កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ស្រុក​ភ្នំ​ព្រឹក»។

ក្នុង​កិច្ច​សម្ភាស​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ ទីភ្នាក់ងារ​រាយការណ៍​ព័ត៌មាន​នៃ​កាសែត​កោះសន្តិភាព​ប្រចាំ​ខេត្ត​បាត់ដំបង លោក ឆោម ពិសម័យ បាន​ប្រាប់​ថា លោក​បាន​ថត​រូបថត​មួយ​សន្លឹក​នេះ​នៅ​ឯ​ទីតាំង​ជីក​រ៉ែ​មាស​នៅ​ភ្នំ​ព្រឹក​កាល​ពី​ ៨​ឆ្នាំ​មុន។

Koh Santepheap Daily | Archived Link

ភ្នំព្រឹក គឺ​ជា​ស្រុក​មួយ​របស់​ខេត្ត​បាត់ដំបង ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា។ ស្រុក​មួយ​នេះ​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​គ្រប​ដណ្ដប់​លើ​ឃុំ​ចំនួន ៥ ដែល​មាន​កូន​ភ្នំ​តូចៗ​ជាច្រើន​ផង​ដែរ។

សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​រាយការណ៍​ថា រ៉ែ​មាស​នៅ​តំបន់​ភ្នំ​ព្រឹក ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​នោះ​ឡើយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១​មក​ម៉្លេះ។

ចំណែក​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ដុំ​ថ្ម​ពណ៌​ខៀវ​ដ៏​ធំ​មួយ ត្រូវ​បាន​រក​ឃើញ​ផ្សាយ​នៅ​​លើ​គេហទំព័រ​ Geology In ជាមួយ​ព័ត៌មាន​និយាយ​ថា ថ្លើម​ថ្ម​ពណ៌​ខៀវ​នេះ ត្រូវ​បាន​​រក​ឃើញ​នៅខេត្ត British Columbia ​​ភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស​កាណាដា។ ថ្លើម​ថ្ម​ពណ៌​ខៀវ​នេះ មាន​ទម្ងន់​រហូត​ដល់​ទៅ​ ១៨​តោន។

Geology In | Archived Link

រូបថត​នៃ​ដុំ​មាស​​តូច​មួយ​​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​សារព័ត៌មាន​នានា ដូចជា សារព័ត៌មាន RT របស់​ប្រទេស​រុស្ស៊ី សារព័ត៌មាន Romania Insider របស់​ប្រទេស​រ៉ូម៉ានី ​សារព័ត៌មាន​​នៅ​ហ្ស៊ីមបាវ៉េ ទ្វីប​អាហ្វ្រិក និង​សារព័ត៌មាន​នៅ​ប្រទេស​ហ្គុយ៉ាណា​នៅ​អាមេរិក​ខាង​ត្បូង។ ប៉ុន្តែ រូបថត​មួយ​សន្លឹក​នេះ មិន​មាន​ព័ត៌មាន​លម្អិត​នោះ​ឡើយ។

RT | Archived Link

រូបថត​ត្បូង​ពណ៌​ខៀវ​ ត្រូវ​បាន​រក​ឃើញ​ដាក់​លក់​នៅ​លើ​បណ្ដាញ​អ៊ីនធឹណិត​ចិន ប៉ុន្តែ ពណ៌​លម្អិត​អំពី​រូបថត​នេះ មិន​ត្រូវ​បាន​រក​ឃើញ​នោះ​ឡើយ។

Sogou | Archived Link

រូបថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​​ការ​​ក្បង់​ដុំ​​មាស​​តូចៗ​នោះ ត្រូវ​បាន​រក​ឃើញ​ជា​ផ្នែក​​មួយ​​នៃ​រូបភាព​លើ​​គម្រប​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា «Gold laundering: The dirty secrets of the gold trade and how to clean up» ឬ​អាច​ប្រែ​ជា​ភាសា​ខ្មែរ​ថា «ការ​លាង​សម្អាត​មាស៖ អាថ៌​កំបាំង​ដ៏​កខ្វក់​នៃ​ជំនួញ​មាស និង​របៀប​លាង​សម្អាត​វា»។ សៀវភៅ​នេះ ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក Mark Pieth សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​បាស៊ែល (University of Basel) នៃ​ប្រទេស​ស្វីស។

Issue | Archived Link

រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញ​នូវ​ដុំ​មាស ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​​​អត្ថបទ​មួយ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី Forbe កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លង​មក​នេះ។ ទស្សនាវដ្ដី​ Forbe បាន​បញ្ជាក់​ថា ខ្លួន​បាន​យក​រូបថត​នេះ​ចេញ​ពី​វេបសាយ iStock ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Getty Images។

iStock | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ជាមួយ​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​ដែល​មាន​សំណេរ​ថា«ខេត្ត​រតនគិរី​» នោះ មិន​មែនជា​ទីតាំង​ជីក​យក​រ៉ែ​មាស​នៅ​ខេត្ត​រតនគិរី​នោះ​ឡើយ។ ទីតាំង​ជីក​យក​រ៉ែ​មាស​នេះ ស្ថិត​នៅ​ក្នុង​ស្រុក​ភ្នំ​ព្រឹក នៃ​ខេត្ត​បាត់ដំបង។ ចំណែក​ឯ​រូបថត​បង្ហាញ​ត្បូង​មាន​តម្លៃ និង​រ៉ែ​មាស​នោះ ត្រូវ​បាន​យក​ចេញ​ពី​វេបសាយ​នានា​នៅ​លើ​អ៊ិនធឹណិត។

Avatar

Title:រូបភាព​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​​​ទីតាំង​អាជីវ​កម្ម​ធន​ធាន​រ៉ែ​កម្ពុជា​ដោយ​មិន​ត្រឹម​ត្រូវ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.