
អាជីវកម្មរ៉ែ ព្រៃឈើ និងធនធានធម្មជាតិដទៃទៀតនៅភាគឦសានប្រទេសកម្ពុជា គឺជាប្រធានបទនៃការជជែក និងការចោទសួរជាច្រើនឆ្នាំមកហើយ។ ទន្ទឹមគ្នានេះ រូបថតនៃការជីករករ៉ែ និងរូបថតត្បូងថ្មមានតម្លៃ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយនឹងការរៀបរាប់ថា វាជាអាជីវកម្មរុករករ៉ែដោយខុសច្បាប់នៅឯខេត្តមណ្ឌលគិរីពីសំណាក់ជនជាតិវៀតណាម។ ការអះអាងនេះ ត្រូវបានចែករំលែកដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែររួមជាមួយប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែប។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់លើរូបថត រកឃើញថា ការអះអាងដោយភ្ជាប់ជាមួយរូបថតទាំងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ ទំព័រហ្វេសប៊ុកមួយ បានអះអាងថា ត្បូងថ្មមានតម្លៃនៅក្នុងខេត្តមណ្ឌលគិរី ស្ថិតនៅភាគឦសានប្រទេសកម្ពុជា ត្រូវបានក្រុមឈ្មួញជនជាតិចិន និងវៀតណាម ធ្វើអាជីវកម្មដោយគ្មានអាជ្ញាធរគ្រប់គ្រងនោះឡើយ។ ភ្ជាប់ជាមួយសំណេរនេះ ទំព័រហ្វេសប៊ុកនេះក៏បានបង្ហោះរូបថត ៨សន្លឹកផងដែរ។
សំណេរជាមួយរូបថតទាំងនេះ ត្រូវបានចែករំលែករហូតទៅដល់ជាង ១ពាន់ដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយមានការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «ថៅកែយួនម្នាក់ និងកូនចៅរាប់រយនាក់ ជីកមាស-ត្បូង-ថ្មមានតម្លៃយ៉ាងសកម្ម គ្មានការអើពើពីអាជ្ញាធរនោះទេ។ ១៤/០៩/២០២០ ស្ថិតនៅខេត្តមណ្ឌលគិរី»។
រូបថតពីរសន្លឹកក្នុងចំណោមរូបថតនោះ បង្ហាញបុរសម្នាក់ឈរខួងថ្មភ្នំ ហើយរូបថតមួយសន្លឹកទៀតបង្ហាញថ្មមួយផ្ទាំងដែលមានត្បូងពណ៌ស្វាយនៅជាប់នឹងដុំថ្មមួយផ្ទាំងនោះ។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតមួយចំនួនដែលត្រូវបានបង្ហោះភ្ជាប់ជាមួយប៉ុស្តិ៍នោះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យឃើញរូបថតដើមចំនួន ២សន្លឹក និងព័ត៌មានលម្អិតអំពីរូបថតទាំងពីរនោះផងដែរ។
រូបថតទាំងពីរសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងគេហទំព័រ Uruguay Minerals របស់ក្រុមហ៊ុន Uruguay Minerals ដែលមានទីតាំងស្ថិតនៅទីក្រុងអាធីហ្កាស (Artigas) នៃប្រទេសអ៊ុយរ៉ាហ្កាយ តំបន់អាមេរិកខាងត្បូង។
ព័ត៌មាននៅលើគេហទំព័រនេះ បញ្ជាក់ថា
Uruguay Minerals | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតពីរសន្លឹកភ្ជាប់ជាមួយការអះអាងដូចបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងពីរសន្លឹកនេះ មិនមែនជាត្បូងថ្មមានតម្លៃដែលត្រូវបានជីករកឃើញនៅខេត្តមណ្ឌលគិរីនោះឡើយ។ ត្បូងថ្មមានតម្លៃ និងសកម្មភាពជីករកត្បូងមានតម្លៃនេះ ស្ថិតនៅឯទីក្រុងអាធីហ្កាស ជាតំបន់សម្បូរទៅដោយត្បូងមានតម្លៃបែបនេះ នៅភាគខាងជើងនៃប្រទេសអ៊ុយរ៉ូហ្កាយ។

Title:រូបថតពីរសន្លឹកបង្ហាញការជីករករ៉ែនៅអ៊ុយរូហ្កាយត្រូវបានអះអាងដោយមិនត្រឹមត្រូវថា នៅកម្ពុជា
Fact Check By: Jay UdomResult: False
