ពិត​ទេ​ដែល​រថយន្ត​មួយ​នេះ​​ក្រឡាប់​ដោយ​សារ​តែ​ឃើញ​តម្លៃ​ប្រេង​សាំង​​?​

International Satire

តម្លៃ​ប្រេង​ឥន្ធនៈ បាន​ចាប់ផ្តើម​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ពាក់កណ្តាល​ខែតុលា​មក​ម្ល៉េះ​ ដោយ​បច្ចុប្បន្ន​នេះ​ សាំង​ធម្មតា​ គឺ​មាន​តម្លៃ​ប្រមាណ​ ៤៥០០​រៀល​។​ រឿងរ៉ាវ​សាំង ឬ​ប្រេង​ឡើង​ថ្លៃ​ខ្លាំង​នេះ​ កំពុង​ក្លាយ​ជា​ប្រធាន​បទ​​ក្តៅ​គគុក​ និង​​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ផុស​ផុល​​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ ដោយ​មាន​ការ​បង្ហោះ​រូប​កំប្លុក​កំប្លែង។​​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​រថ​យន្ត​មួយ​គ្រឿង​ ត្រូវ​បាន​គេ​អះ​អាង​ថា​ បាន​ក្រឡាប់​ដោយ​សារ​តែ​ឃើញ​តម្លៃ​សាំង​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ឈ្មោះ​ថា​ «និយាយពីឡាន/Talking About Car(TAC)» ដោយ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រថ​យន្ត​មួយ​គ្រឿង​ បាន​ក្រឡាប់​ផ្ងារ​ជើង​នៅ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈមួយ​កន្លែង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​ទីតាំង​ និង​ព័ត៌មាន​លម្អិត​នៃ​ហេតុ​ការណ៍​មួយ​នេះ​ឡើយ​។​

ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​រយ​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «​ឡាន​​មួយ​​គ្រឿង​​បាន​​សន្លប់​​ភ្លាម​​ៗ​​ពេល​​បាន​​ឃើញ​​តម្លៃ​​សាំង»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Manchester Evening ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ដោយ​ហេតុ​ការណ៍​មួយ​នេះ​ ត្រូវ​បាន​កើត​ឡើង​នៅ​តាម​ផ្លូវ​ព្រះ​វិហារ​ ឃីដល​​ ហ៊ុល​​ (Cheadle Hulme) ក្នុង​ប្រទេស​អង់​គ្លេស​។​ គេហ​ទំព័រ​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​​ថា​ហេតុ​ការណ៍​មួយ​នេះ​ បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​ នៃ​តម្លៃ​ប្រេង​សាំង​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Woman in her 60s miraculously escapes with no injuries after shocking car flip»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ស្ត្រី​វ័យ ​៦០​ឆ្នាំ​ម្នាក់​ គ្មាន​រង​របួស​ ក្រោយ​ពី​ក្រឡាប់​រថយន្ត​ដោយ​យថាហេតុ​»​។​

គេហ​ទំព័រ​ដដែល​ខាង​លើ​នេះ​​ ក៏​បាន​បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ផង​ដែរ​ថា​ «On Wednesday (January 12) police were called to Church Road, Cheadle following reports of an accident involving a car that had rolled over in the area. A woman in her 60s, who was the only person in the vehicle, was checked over by ambulance and was found to have no injuries»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «កាល​ពី​ថ្ងៃ​ពុធ​ (ថ្ងៃ​ទី​១២​ ខែ​មករា​) ប៉ូលីស​ត្រូវ​បាន​គេ​ហៅ​ទៅ​កាន់​ផ្លូវ​ព្រះ​វិហារ​ ឃីដល​​ ហ៊ុល​​ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ អំពី​ឧបទ្ទវហេតុ​ពាក់​ព័ន្ធ​នឹង​រថយន្ត​ដែល​បាន​ក្រឡាប់​នៅ​តំបន់​នោះ​។ ស្រ្តី​ម្នាក់​អាយុ​៦០​ឆ្នាំ​ ដែល​ជា​មនុស្ស​តែ​ម្នាក់​នៅ​ក្នុង​រថយន្ត​នោះ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ពិនិត្យ​ និង​រក​ឃើញ​ថា​ មិន​មាន​របួស​អ្វី​នោះ​ទេ​»​។​

Graphical user interface, text

Description automatically generated

Manchester Evening News Report | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​ 9WEB ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​ព័ត៌​មាន​នៃ​រថយន្ត​ដែល​ក្រឡាប់​មួយ​នេះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Overturned car at BP gas station, Church Road, Cheadle Hulme»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «រថយន្ត​ក្រឡាប់​នៅស្ថានីយ៍​ប្រេង​ឥន្ធនៈប៊ី​ភី​​ (BP) ផ្លូវ​ព្រះ​វិហារ​ ឃីដល​​ ហ៊ុល​​ (Cheadle Hulme)»​។​

9WEB link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត និង​ការ​អះអាង​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​ធ្វើឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​ពិត​រូប​ថត​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រថ​យន្ត​ក្រឡាប់​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈនេះ​ គឺ​កើត​ឡើង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ប៊ី​ភី​​ (BP) ផ្លូវ​ព្រះ​វិហារ​ ឃីដល​​ ហ៊ុល​​ (Cheadle Hulme) ក្នុង​ប្រទេស​អង់​គ្លេស​ ដែល​បើក​បរ​ដោយ​ស្ត្រី​វ័យ​៦០​ឆ្នាំ​ម្នាក់​។​ ហេតុ​ការណ៍​មួយ​នេះ​ ពុំ​មាន​ការ​ទាក់ទង​ទៅ​នឹង​តម្លៃ​ប្រេង​សាំង​ ដែល​បាន​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នោះ​ទេ​។​

Avatar

Title:ពិត​ទេ​ដែល​រថយន្ត​មួយ​នេះ​​ក្រឡាប់​ដោយ​សារ​តែ​ឃើញ​តម្លៃ​ប្រេង​សាំង​​?​

Fact Check By: Kakada Sim 

Result: Satire

Leave a Reply

Your email address will not be published.